ភ្នំពេញៈ កីឡាករ​កម្ពុជា ម៉ា វីរ៉ូ និង​កីឡាការិនី​មកពី​អង់គ្លេស Hamill Jill បន្ត​គ្រង​តំណែង​ជើងឯក​ក្នុង​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​ ៨ ឆ្នាំ​ ២០១៨ ស្រប​ពេល​អ្នក​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) សរសើរ​ថា មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​លើ​បញ្ហា​បរិស្ថាន​។

តាម​ការប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​ដែល​បាន​ចេញ​ដំណើរ និង​បញ្ចប់​ទី​នៅ​មុខ​ព្រះបរមរាជវាំង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ម៉ា វីរ៉ូ បាន​រត់​វ៉ា​ដាច់​កីឡាករ​ជប៉ុន​មាន​សញ្ជាតិ​ខ្មែរ Takizaki Kuniaki នូវ​កំណត់​ផ្លូវ​ចុង​ក្រោយ​ដើម្បី​បន្ត​ឈ្នះ​ជើងឯក​ជាថ្មី​ម្តង​ទៀត​។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ម៉ា វីរ៉ូ បាន​ប្រើ​ពេល​ ១:១៦:៣០ ម៉ោង គឺ​តិច​ជាង Takizaki Kuniaki ដែល​ប្រើ​ពេល ១:១៧:៥១ ម៉ោង​ហើយ Homma Hiroshi របស់​ជប៉ុន​ប្រើ​ពេល ១:១៨:១៩ ម៉ោង ដើម្បី​បាន​លេខ​ ៣ ​។

ចំណែក​កីឡាការិនី Hamill Jill បាន​បន្ត​គ្រង​តំណែង​ជើងឯក​ផ្នែក​នារី ហើយ​ថិរវេលា​ដែល​នាង​ធ្វើ​បាន​គឺ​ល្អ​។ អ្នក​ចូលរួម​រត់​រាប់ពាន់​នាក់​បាន​លាន់មាត់​សរសើរ​ពី​កម្រិត​នៃ​ការរត់​របស់ Hamill Jill ខណៈ​កីឡាការិនី​អង់គ្លេស​រូប​នេះ​បាន​រត់​វ៉ា​ដាច់​ទាំង​ក្រុម​កីឡាករ​រត់​ចម្ងាយ​ ២១ ​គីឡូម៉ែត្រ​ផ្សេងៗ​រាប់រយ​នាក់​ទៀត​នោះ​។

Hamill Jill បាន​ចំណាយ​ពេល​ត្រឹម ១:២៩:០៣ ម៉ោង​គឺ​មាន​គម្លាត​ខុស​ពី​ជើងឯក​ផ្នែក​បុរស​ជាង​ ១២ ​នាទី​ទេ​។ រីឯ​កីឡាការិនី​លេខ​ ២ ​របស់​ជប៉ុន Sasaki Natsuko ប្រើពេល ១:៣៦:១៦ ម៉ោង ហើយ​កីឡាការិនី​មកពី​វៀតណាម Yeuvo Jencks ធ្វើ​ក្នុង​ថិរវេលា ១:៤៥:១៥ ម៉ោង ដើម្បី​ទទួល​បាន​លេខ​ ៣​។

ក្រៅពី​ការរត់​ចម្ងាយ​ ២១ ​គ.ម ​នេះ​ក៏​មាន​ការរត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ និង​ការរត់​បែប​កម្សាន្ត​ ៣ ​គីឡូម៉ែត្រ (​បុរស-នារី​) ផង​ដែរ​ហើយ​លោក ថោង ខុន ប្រធាន NOCC ថ្លែង​ក្រោយ​ការប្រកួត​ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង ដើម្បី​អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្តេចម៉ែ នរោត្តម មុនិនាថ នេះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ដោយ​មាន​អ្នក​ចូលរួម​សរុប​ចូល​ ៥០០០ ​នាក់​មកពី​ ៣៦ ​ប្រទេស​គឺ​កើនឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ​ ១៥ ​ភាគរយ ខណៈ​ជប៉ុន ចិន និង​បារាំង​បាន​ចូលរួម​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​បាន​សរសើរ​ពី​ការយល់​របស់​អ្នកចូលរួម​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​ផង​ដែរ​។ លោក​បាន​ថ្លែង​ថា​៖ «​ពាក្យ​ស្លោក​របស់​យើង​គឺ​រត់​ដើម្បី​ទីក្រុង​ស្អាត​ធ្វើ​យ៉ាង​ណា​ឲ្យ​ទីក្រុង​ភ្នំពេញ​យើង ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏ទាក់ទាញ អ៊ីចឹង​បងប្អូន​ទាំងអស់​ស្តាប់​បាន និង​យល់​ពី​អ្វី​ថា​ជា​អនាម័យ​ស្អាត ទីក្រុង​ស្អាត និង​ខិតខំ​ការពារ​បរិស្ថាន ដោយ​លើក​នេះ​បងប្អូន មិន​បោះចោល​សំរាម​ផ្តេសផ្តាស​ទេ សូម្បី​តែ​ដប​ទឹក​សុទ្ធ​ជ្រុះ​ក៏​បងប្អូន​រើស​ដោយ​ខ្លួនឯង​យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម​ដែរ​។ នេះ​បង្ហាញ​ថា​ការ​យល់​ដឹង​របស់​បងប្អូន​គឺ​មាន​ការរីកចម្រើន​ណាស់​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​»៕