គែរ៖ ក្រសួង​​កីឡា​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា បាន​បញ្ជូន​ឯកសារ​​ការ​ស៊ើប​អង្កេត​មួយ​ជុំវិញ​ករណី​បាត់​ពាន​រង្វាន់​​ប្រចាំ​ទ្វីប​អាហ្វ្រិក ឬ​ពាន​ African Cup of Nations (AFCON) ដែល​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ឈ្នះ​តាំង​ពី​ឆ្នាំ ​២០១០ ទៅ​កាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​ហើយ ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ថ្មីៗ​នេះ។​​

«​ក្រសួង​យុវជន និង​កីឡា បាន​បញ្ជូន​ឯកសារ​នៃ​ការ​បាត់​ពាន​ជយលាភី​សំខាន់ៗ​ពី​ឃ្លាំង​​របស់​សហព័ន្ធ​បាល់​ទាត់​អេហ្ស៊ីប (EFA) ទៅ​កាន់​រដ្ឋអាជ្ញា​ហើយ​»​។ នេះ​ជា​ការ​សរសេរ​ខ្លី​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​តាមរយៈ​ទំព័រ​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ការ​ស៊ើប​អង្កេត​ត្រូវ​ធ្វើ​ឡើង​នៅ​សប្ដាហ៍​មុន ​ពេល​អតីត​អ្នក​ចាំទី​ដ៏​ល្បី​របស់​ក្រុម​ជម្រើស​ជាតិ​លោក Ahmed Shobair និយាយ​ថា EFA បាន​រក​ឃើញ​ថា ពាន​មាស​រួម​ជាមួយ​នឹង​មេដាយ​បាន​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា​បាន​បាត់​។

លោក Shobair ​និយាយ​ក្នុង​កម្មវិធី​សម្ភាសន៍​ដ៏​មាន​ប្រជាប្រិយ​របស់​ខ្លួន​ថា អាជ្ញាធរ​​ត្រៀម​រៀបចំ​សម្ពោធ​សារមន្ទីរ​ដាក់​តាំង​​វត្ថុ​អនុស្សាវរីយ៍​បាល់ទាត់​ឲ្យ​ទាន់​ថ្ងៃ​គម្រប់​ខួប​របស់ EFA ​ក្រោយ​ដឹង​ពី​ការ​បាត់​របស់​ទាំង​នោះ​។​​​

អតីត​វីរ​បុរស​ ​១ ​រូប​ផ្សេង​ទៀត លោក Magdy Abdelghani រួម​ជាមួយ EFA ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជជែក​​នោះ ដែល​បាន​លើក​ឡើង​ថា​ អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ និង​គ្រូ​បង្វឹក លោក​ Ahmed Hassan និង Shawky Gharib ​ដឹង​ពី​កន្លែង​​លាក់​ពាន​ AFCON ឆ្នាំ ​២០១០ នេះ​។​

តែ​អតីត​មន្ត្រី​បាល់ទាត់​រូប​នេះ​បន្ត​ថា ពាន​នោះ​ត្រូវ​គេ​លួច​ពេល​មាន​អគ្គិភ័យ​មួយ​ក្នុង​ឆ្នាំ ​២០១៣ ដែល​បង្ក​ដោយ​​ក្រុម​អ្នក​តវ៉ា ឈ្មោះ​ «Ultras» នៅ​ឯ​ទីស្នាក់ការ​នា​ក្រុង​គែរ​។

ការ​ចោទ​ប្រកាន់​នេះ ជំរុញ​ឲ្យ​ក្រសួង​កីឡា និង EFA ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត ដែល​កំពុង​ត្រូវ​បាន​តាម​មើល​ដោយ​ឥត​ប៉ប្រិច​ភ្នែក​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​បាល់ទាត់​ដ៏​ងប់ងុល​របស់​ប្រទេស​អេហ្ស៊ីប​។ លោក​ Hassan និង Gharib ទាំង ២ ​នាក់ បាន​បដិសេធ​រាល់​ការ​ពាក់ព័ន្ធ​នឹង​ការ​បាត់​នោះ​។

ពាក់ព័ន្ធ​​ករណី​​នេះ ស្ថាប័ន​​គ្រប់គ្រង​បាល់​ទាត់​ប្រចាំ​ទ្វីប គឺ​សហព័ន្ធ​បាល់ទាត់​​អាហ្វ្រិក (CAF) បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​ដឹង​នូវ​​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ការ​បាត់​ពាន​រង្វាន់​ AFCON ពី​កន្លែង​ទុក​របស់ EFA​។

តាម​បណ្ដាញ​សង្គម​ Twitter របស់​ខ្លួន CAF ​ប្រាប់​ខ្លីៗ​ថា​៖ «​ទ្វារ​របស់​​យើង​បើក​ជានិច្ច ហើយ EFA អាច​ពឹង​យើង​បាន ជា​ជំនួយ​ក្នុង​ការ​ស្វែងរក​វត្ថុ​មាន​តម្លៃ​នេះ​»​។​​

អេហ្ស៊ីប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក្សា​ទុក​ពាន​​រង្វាន់​នេះ ជា​អចិន្ត្រៃយ៍​ដោយ​​ត្រូវ​ធ្វើ​ពាន​ថ្មី​មួយ​ទៀត​ជំនួស ក្រោយ​ពី​ក្រុម​មួយ​នេះ​ក្លាយ​ជា​ជើងឯក​ ៣ ​ដង​ ជា​បន្ត​បន្ទាប់ គឺ​ក្នុង​ឆ្នាំ ​២០២៦ ​២០០៨ និង​​ ​២០១០​ ហើយ​ជា​ក្រុម​ដែល​​ជោគជ័យ​ជាង​ក្រុម​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី AFCON ដោយ​បាន​លើក​ពាន​នេះ​ចំនួន ៧ ​លើក​ គិត​​ពី​ឆ្នាំ ​១៩៥៧ មក​។​

តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ នៅ​ឆ្នាំ​មុន​ក្រុម​អេហ្ស៊ីប បាន​ធ្លាក់​ត្រឹម​វគ្គ ១៦ ​ក្រុម​ទាំង​ដែល​​​ខ្លួន​ឯង ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ ២ ​ឆ្នាំ​ម្ដង​នេះ​៕ AFP/VN