ភ្នំពេញៈ ក្រុម​អ្នកជិះ​កង់​ប្រភេទ​ឡើង​ភ្នំ ឬ​កង់​ភ្នំ មកពី​រាជធានី-ខេត្ត​ចំនួន ៥ ដែល​មាន​គ្នា​ចំនួន ១៥៦ នាក់ នឹង​ត្រូវ​ធ្វើការ​ប្រជែង​គ្នា សម្រាប់​ការ​ប្រកួត​ជុំ​ទី ២ នៃ​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់​ភ្នំ Cambodia MTB Series 2018 នៅ​លើ​ភ្នំ​មួយ ដែល​មាន​ទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

សម្រាប់​ការប្រកួត​នៅលើ​ទីលាន​ថ្មី ដែលមាន​ផ្លូវ​ឡើង​ភ្នំ ចុះ​ភ្នំ ទំនាប និង​ត្រូវ​ជិះ​ឆ្លង​កាត់​ព្រៃ អម​ដោយ ធម្មជាតិ​និង​បរិយាកាស​ដ៏​អំណោយ​ផល​នោះ វា​នឹង​ក្លាយជា​ពេលវេលា​ដ៏​ល្អ​បំផុត សម្រាប់​ក្រុម​កីឡាករ​សរុប ២០ នាក់ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ ១ ដល់​លេខ ៥ លើ​កម្រិត​អាជីព និង​ជំនាញ A1,A2, B1 និង B2 ពី​ការ​ប្រកួត​ជុំ​ទី ១ នៅ​ទីលាន​ព្រែក​លៀប កាល​ពី​ថ្ងៃ​ទី ២៩ មេសា​កន្លង​មក​នេះ ត្រូវ​បន្ត​ការ​ប្រជែង​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​តំណែង​ជើង​ឯក ប្រចាំ​ឆ្នាំ ២០១៨ នេះ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ការ​ប្រកួត​សរុប​រហូត​ដល់ ៥ ជុំ​ឯណោះ។

ជាមួយគ្នានេះ ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម ពិសេស​វត្តមាន​របស់​យុវជន​ប្រមាណ​ពាក់កណ្តាល នៃ​ចំនួន​អ្នក​ចូល​រួម​សរុប​ចំនួន ១៥៦ នាក់​នោះ វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​អ្នក​ចូល​ចិត្ត​ជិះ​កង់ ហើយ​ក្មេងៗ ដែល​មាន​អាយុ​ក្រោម ១៣ ឆ្នាំ និង​អ្នក​មាន​វ័យ​ចំណាស់ ក៏បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ​ច្រើន​ផង​ដែរ។

លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា ទោចក្រយាន បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «ការ​ប្រកួត​នេះ​មាន​អ្នក​ចូលរួម​ចំនួន ១៥៦ នាក់ គឺ​មាន​ការ​កើន​ឡើង​ជាង ២០ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ហើយ​អ្នក​ទាំង​នេះ​ភាគ​ច្រើន​មាន​មក​ពី​ភ្នំពេញ ខេត្ត​សៀមរាប កំពង់សោម បាត់ដំបង និង​ខេត្ត​កណ្តាល»។

លោក​បាន​បន្តថា៖ «ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម​ក្នុងការ​ប្រកួត​ជុំ​ទី ២ នៅ​ឆ្នាំនេះ វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ផុសផុល​នៃ​វិស័យ​កីឡា​ប្រណាំង​កង់ នៅ​កម្ពុជា ហើយ​នេះ​ជា​ចំណុច​ដ៏​ល្អ ដែល​យើង​អាច​ជ្រើសរើស​បាន​អត្តពលិក​មាន​គុណភាព​សម្រាប់​ត្រៀម​ដាក់​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក៏​ដូចជា​ទាក់​ទាញ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​របស់​យើង ឲ្យ​មក​ចូលរួម​ការ​ប្រណាំង​កង់​នេះ កាន់​តែ​ច្រើន​ថែម​ទៀត»។

គួរ​បញ្ជាក់ថា ក្រៅពី​ការប្រកួត​របស់​ក្រុម​កម្រិត​ខ្ពស់ (A1) កម្រិត​ជំនាញ (A2) ពី​អាយុ ៣០ ឡើង កម្រិត​ជំនាញ​មធ្យម (B1) ពី​អាយុ ១៥ ដល់ ២៩ ឆ្នាំ និង B2 សម្រាប់​អាយុ ៣០ ឆ្នាំ​ឡើង គឺ​ការ​ប្រកួត Cambodia MTB Series 2018 ក៏មាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កម្រិត​យុវជន​មិន​ទាន់​មាន​បទពិសោធ (C1) ពី​អាយុ ១៤ ដល់ ១៧ ឆ្នាំ រួម​ទាំង​កម្រិត​អ្នក​មិន​ទាន់​មាន​បទពិសោធ (C2) ពី ១៨ ដល់ ២៩ ឆ្នាំ, កម្រិត​អ្នក​គ្មាន​បទពិសោធ (C3) ពី​អាយុ ៣០ ដល់ ៣៩ ឆ្នាំ, កម្រិត Masters អាយុ ៤០ ឆ្នាំ​ឡើង, ការ​ប្រកួត​ផ្នែក​នារី, ការ​ប្រកួត​កម្រិត​ក្មេងៗ K1 ពី​អាយុ ៩ ទៅ ១១ ឆ្នាំ និង K2 មាន​អាយុ​ពី ១២ ដល់ ១៣ ឆ្នាំ ផង​ដែរ៕