ភ្នំពេញ៖ អ្នក​ប្រដាល់​ក្នុង​ក្លិប​មកុដ​រាជ​សីហ៍​ ដែល​ជាប់​គាំងក្នុងតំបន់ក្រហម ទើប​ប្តូរមក​ជាតំបន់​លឿងទុំ ​ស្ថិតនៅ​សង្កាត់​បឹង​ទំពុនទី​១ ​ខណ្ឌ​មាន​ជ័យ នោះ ​​បានអះអាង​ថា ពួកគេ អស់​អង្ករ​ និង​អាហារ​ហូបហើយ ​បន្ទាប់​ពី​បាន​ជាប់​ស្នាក់​នៅ​ក្នុង​ក្លិប​ផ្ទាល់ និង​​ខក​ខាន​ប្រ​កួត​ជិត ​១០ ​សប្តាហ៍នោះ ​​ហេតុនេះ​ពួកគេ បាន​ស្នើ​សុំ​ឱ្យ​សប្បុរស​ជន​ មេត្តា​ជួយផ្តល់​​អង្ករ ​និង​គ្រឿង​ហូប​ចុក​ដល់​ពួកគេ​ផង​។​

ជា​មួយ​គ្នា​នេះ​ប្រធាន​ក្លិបមកុដរាជសីហ៍ និង​​ជា​គ្រូ​បង្វឹក​ផង​នោះ ​ក៏​​បាន​ទម្លាយ​ការ​លំបាក​នេះ​ ដោយសារភាព​ដោយ​​ត្រង់​ថា ការ​ប្រែ​ក្លាយពីការ​ជាប់គាំង នៅ​ក្នុង​តំបន់ក្រហម មកជាតំបន់​លឿងទុំ​នេះ ​​មានការ​ធូរ​ស្បើយ​បាន​ខ្លះ​មែន​ ប៉ុន្តែ​ការ​ខក​ខាន​បាន​ឡើង​​ប្រ​កួត​ជាង​ ១ ខែ​កន្លះ​មក​នេះ​ គឺធ្វើ​ឱ្យ​កីឡាករ នៅ​ក្នុង​ក្លិប បាន​​ដាច់​ស្បៀង​​មែន ​ហើយ​ពុំ​ទាន់​មាន​ខាង​ណា​ ជួយ​ឧបត្ថម្ភ​ម្តង​សោះ​។​

ក្លិប​ប្រដាល់​ ដែល​មាន​កីឡាករ​លំដាប់​ល្អ​ និងខ្លាំងៗ​មួយ​នេះ​ គឺ​កាល​ពី​​មិន​ទាន់​ជួប​បញ្ហា​បិទ​ខ្ទប់ ​ដោយ​កូវីដ​ ១៩​ គឺ​​កីឡាករ​បាន​ប្រ​កួត និង​​ទទួល​បាន​តម្លៃ​ខ្លួន​ប្រ​កួត ​មក​ទ្រ​ទ្រង់​ក្លិប សម្រាប់​ការ​​ហូប​ចុក​ បាន​សមរម្យ​ ​ហើយក៏​មិន​ដែល​ចេះ​ត្អូញ​ត្អែរ​ពី​ភាព​ក្រី​ក្រ​លំបាកផ្នែក​​ជីវភាព​ឱ្យ​​មហា​ជន​ដឹង​នោះ​ដែរ​ ប៉ុន្តែ​ពេល​នេះ​ អស់​មែន​ហើយ ទើប​ពួកគេ​បាន​ប្រកាស​ស្នើ​សុំ​ដល់​មហា​ជន ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​មេត្តា​មក​ពិនិត្យ​មើល​ និង​​ជួយពួកគេ​​ផង​។​

ប្រធាន​ក្លិប​មកុដ​រាជ​សីហ៍​ លោក​ គង់​ ចាន់​ធីណា​ ​បានប្រាប់​​ថា​៖ ​«ក្លិប​ប្រដាល់​នេះ ​គឺ​ធ្វើ​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​តែ​ម្តង ​ដោយ​គ្មាន​លុយ​ជួល​កន្លែង​ដូចមុនៗ​ទេ ​ហើយ​សកម្មភាព​ទ្រ​ទ្រង់​ក្លិប​នេះ​បាន​ដោយ​សារ​តែ​មាន​ការ​ប្រ​កួត ​គឺ​កីឡាករ​ឡើង​ប្រ​កួត ​ទើប​បាន​លុយ​ ប៉ុន្តែ​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​ ១៩ គឺ​​កីឡាករ ដែល​​នៅ​សល់​ពាក់​កណ្តាល​ចំនួន​៥​នាក់​ គឺ​បាន​ជាប់គាំង មិន​បានប្រកួតសោះ និង​ដេក​ស៊ី​នៅ​ទី​នេះ​តែ​ម្តង»។

​គ្រូ​បង្វឹក​ជា​មន្រ្តីនគរបាល លោក ចាន់ធីណា ​​បាន​បន្ត​ថា​៖ «​​ខ្ញុំ​មិន​ចង់​ប្រាប់​គេ​ឱ្យ​​ដឹង​ពី​ការ​ខ្វះ​ខាត​នេះទេ​ ប៉ុន្តែ​រយៈ​ពេល​ ១០​ សប្តាហ៍​ ដែល​កីឡាករ​នៅ​ ៦​ នាក់​ និង​កូនៗ ​ព្រម​ទាំង​គ្រួសារ​ទាំង​​អស់​គ្នា​ សរុប ​​១០​ នាក់ ​បាន​ចំណាយ​ការ​ហូបចុក​​ប្រចាំ​ថ្ងៃ​ គឺ​អស់​ស្បៀង​ហើយ​ពេល​នេះ​។ ក្នុង​រយៈ​ពេល​គ្មាន​ការ​ប្រ​កួត​ និង​បិទ​ខ្ទប់​នេះ​ ការ​ដោះ​ស្រាយ​ហូប​ចុក​ គឺ​ពឹង​លើ​ប្រាក់​ខែ​របស់​ខ្ញុំ ​ទាំង​ស្រុង​ ជា​មួយ​គ្រួសារ​តែ​ម្តង ​ដោយ​មិន​ទាន់​មាន​អាជ្ញា​ធរ ​ឬ​សប្បុរស​ជន​ណា​ បានដឹង និង​​ជួយ​នៅ​ឡើយ​ទេ​ ​ហេតុ​នេះ​សូម​ជូន​ដំណឹង​ដល់​សប្បុរស​ជន​ផង ព្រោះ​​ដាច់បាយ​​មែន​ទែន​ហើយ​»។​

កីឡាករ​នៅ​ក្នុងក្លិប​មកុដរាជសីហ៍ បានថតជុំគ្នា នៅមុនពេល​ជំងឺកូវីដ​ ១៩ បានរីករាល​ដាល នៅ​កម្ពុជា។ រូប​ថត សហការី

នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ​ដែល​ទើប​តែ​ធូរ​ស្រាល​ខ្លះ ​ដោយ​ប្រែ​ពណ៌ពី​ក្រហម​ មក​លឿង​ទុំ​នេះ​ក្លិប​មកុដ​រាជ​សីហ៍​ ​មាន​កីឡាករ​ជាប់​គាំង​នៅ​ក្នុង​ក្លិប ស្ថិត​​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​​​ចំនួន​៦នាក់ ដោយ​ដេកហូបចុក ស្នាក់នៅ​ ទី​នេះ ក្នុង​នោះ​​មាន​កីឡាករ ​មុត ​​ខ្លឹម​ខ្មៅ​, តក់​ សោភ័ណ្ឌ​, ធា​ នុរាជ​, សារឿន ​ចាន់​, លី ​តឿន​ និង ​រឿង ​ឌីណា​ ដែលពួកគេ ​មិន​បាន​ចេញទៅ​​​ប្រកួត នៅលើ​សង្វៀន​​សោះ​។​

កីឡាករ ​មុត ​​ខ្លឹមខ្មៅ ​បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា​៖ «​ខ្ញុំ​មាន​ផ្ទះ​ និង​ប្រពន្ធ​កូន ​​នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង ​ប៉ុន្តែ​ដោយ​សារការ​បិទ​ខ្ទប់ ​គឺតាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​មក ​ខ្ញុំ​នៅ​ក្នុង​ក្លិប​នេះ​រហូត​។ ​ខ្ញុំ​ និង​កីឡាករ​ទាំង​៥​នាក់​ បាន​ទទួល​ការ​ហូប​ចុក​លក្ខណៈ​សន្សំ​សំចៃ​ដែរ​ ​ព្រោះ​អត់​ចំណូល​ទេ ​គឺ​បាន​មក​ពី​លោក​គ្រូ ​គាត់​អនុញ្ញាត​​ឱ្យ​​ហូប​ជា​មួយ​គ្រួសារ​គាត់ ​ហើយ​ពួក​ខ្ញុំ ​មិន​ហ៊ាន​ហា​មាត់​សុំ​គេ​ទៀត​ទេ»​។

​ខ្លឹម​ខ្មៅ​ បាន​បន្ថែម​ថា​៖ «​ពី​មុន​ពេល​ខ្ញុំ​ខ្វះ​ខាត​ គឺ​​​បាន​សប្បុរស​ជន​ជួយ ដើម្បី​អាច​ធ្វើ​ផ្ទះ​សម្បែង​ឱ្យ​​កូន​ប្រពន្ធ​ នៅ​ឯ​ស្រុក​ ប៉ុន្តែ​ដល់​បច្ចុប្បន្ន​ខក​ខាន​ប្រ​កួត ​ដោយ​បញ្ហា​កូវីដ​ ១៩​ ខ្ញុំមិន​ហ៊ាន​សុំ​គេ​ទៀត​ទេ​។ ​ពេល​នេះ​ គឺ​ដាច់​មែន​ទែន​ហើយ ដោយ​ការ​​​ហូបចុក ​ស្នាក់​នៅ​ ពឹង​លើ​គ្រួសារ​លោក​គ្រូ​។ ​ខ្ញុំ​អាច​ចេញ​ទៅ​ផ្ទះ​បាន ​ប៉ុន្តែ​​នៅ​សល់​​​ ១ ​សប្តាហ៍​ទៀត ​ទើប​បាន​ប្រ​កួត ​អ៊ីចឹង​ខ្ញុំ​ត្រូវ​ហ្វឹក​ហាត់​ ប៉ុន្តែ​បញ្ហា​ ត្រង់​ដាច់​ស្បៀងនេះ​​តែ​ម្តង»​​។​

ចំណែក​កីឡាករ ​លី ​តឿន​ បាន​និយាយ​ថា៖ ​«ខ្ញុំ​គ្មាន​ការ​ងារ​ណា​ធ្វើ ដើម្បី​​បាន​លុយ​ទេ ហើយ​ខ្ញុំ​នៅ​ហូប​ចុក​ជា​មួយ​ផ្ទះ​លោក​គ្រូ​ មួយ​រយៈ​នេះ ​លំបាក​គាត់​ហើយ​។​ ខ្ញុំ​មាន​ប្រពន្ធ​ និង​កូន ​១ ​ដែរ​ គឺ​កំពុង​ខ្វះ​ខាត់​ណាស់​ ដោយ​​មិន​ទាន់​ឃើញ​អាជ្ញា​ធរ ​ឬ​ខាង​ណា​ជួយ​ជា​គ្រឿង​ហូប​ចុក​នៅ​ឡើយទេ»​៕