ក្រុងភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមពីថ្ងៃសុក្រទី ១៣ ខែធ្នូ បានធ្វើមហាសន្និបាតវិសាមញ្ញ ដើម្បីជ្រើសរើសលោក ស៊ូម សារឿន ធ្វើជាប្រធានសហព័ន្ធថ្មី ខណៈប្រធានចាស់ គឺលោកឧកញ៉ា រ័ត្ន សាខន មានបញ្ហាសុខភាពនោះបានសុំលាលែងពីតំណែង។
សមាជិកប្រតិបត្តិសហព័ន្ធបានព្រមព្រៀងគ្នាធ្វើមហាសន្និបាតវិសាមញ្ញ ដើម្បីរកមេដឹកនាំថ្មីមានសុខភាពល្អ និងសក្ដានុពលក្នុងការដឹកនាំគ្រប់គ្រងក្នុងគោលបំណងលើកស្ទួយកីឡាវ៉ូវីណាមសាងភាពខ្លាំងឡើងវិញ។
ក្នុងមហាសន្និបាតដែលមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាគណៈអធិបតីនោះ បានសម្រេចលទ្ធផលជ្រើសបានសមាជិកប្រតិបត្តិថ្មីមានចំនួន ១៩ រូប ដែលក្នុងនោះ ១ រូបជាស្ដ្រី។
ក្នុងចំណោម ១៩ រូបនោះដែរ មានប្រធាន ១ រូប អនុប្រធាន ៦ រូប អគ្គលេខាធិការ ១ រូប អគ្គលេខាធិការរង ៤ រូប អគ្គហេរញ្ញិក ១ រូប អគ្គហេរញ្ញិករង ២ រូប និងសមាជិកប្រតិបត្តិចំនួន ៤ រូប។
លោក ស៊ូម សារឿន ដែលជាអនុប្រធានសហព័ន្ធចាស់ បានជាប់ឆ្នោតជាប្រធានសហព័ន្ធចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២១ ក្នុងអាណត្តិទី ៣។
អនុប្រធានសហព័ន្ធចំនួន ៦ រូបនោះ គឺមានលោក កែវ ហុកលី ដែលជាអគ្គលេខាធិការចាស់ លោក អ៊ុង សារ៉ាវ៉ាន់ លោក គិន ឆេងលី លោក ជា ហុងរី លោកមេធាវី រស់ មុនិន្ទៈ និង លោក ថោង សុខាំភូ។
លោកអ៊ូ រតនា ជាស្ថាបនិកម្នាក់ក្នុងកីឡាវ៉ូវីណាមដែលជាអនុប្រធានសហព័ន្ធចាស់នោះបានមកកាន់តំណែងអគ្គលេខាធិការហើយអគ្គលេខាធិការរង គឺលោក កោ លីឃន លោក លាង ណារិទ្ធ លោក ឡុង សុផាត និងលោក សយ សុវណ្ណា។ ចំណែក លោក កៅ មករា ជាគ្រូបង្វឹកជម្រើសជាតិ និងជាស្ថាបនិកកីឡាវ៉ូវីណាមនោះ បានឡើងតំណែងជាអគ្គហេរញ្ញិកព្រមទាំងអគ្គហេរញ្ញិករង ២ រូបទៀត គឺលោក យ៉ាំ ថៃសាន និងលោក ម៉េង សៅណេង។
ចំពោះសមាជិកប្រតិបត្តិធម្មតាចំនួន ៤ រូបវិញនោះ គឺមាន លោក ទេព ជីវសុខុម លោក ម៉ិច សីហា អ្នកស្រី ប៉ុក ករុណា និង លោកមេធាវី ស៊ុំ ធនសុវណ្ណៈ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាគណៈអធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំសូមគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធកន្លងមកហើយទទួលបានភាពល្បីល្បាញលើកឆាកអន្តរជាតិ»។
ជាមួយគ្នានេះ លោកបានរំឭកពីស្នាដៃក្រោមការដឹកនាំរបស់លោក រ័ត្ន សាខន ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមចាស់ដែលជាស្ថាបនិកដឹកនាំកីឡាវ៉ូវីណាមឲ្យល្បីល្បាញនៅថ្នាក់ជាតិ និងអន្តរជាតិ។
លោក ស៊ូម សារឿន ជាប្រធានថ្មីនៃសហព័ន្ធកីឡានេះបានប្តេជ្ញាចិត្តដឹកនាំបន្តសកម្មភាពឲ្យបានល្អបន្តពីលោកប្រធានចាស់។
ទោះជាយ៉ាងណា លោក ស៊ូម សារឿន បានបញ្ជាក់ថា៖ «ខ្ញុំពុំមានលទ្ធភាព ឬធនធានដូចលោក រ័ត្ន សាខន ដែល ១ ឆ្នាំ ចំណាយទៅលើកីឡាវ៉ូវីណាមជាងរាប់សិបម៉ឺនដុល្លារនោះទេ ប៉ុន្តែជាការបន្តប្រឹងប្រែងតាមលទ្ធភាព»។
ជាមួយនឹងការធ្វើមហាសន្និបាតវិសាមញ្ញនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតវ៉ូវីណាមកម្រិតពិភពលោកចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានប្រទេសចូលរួមចំនួន ២៣ នៅលើពិភពលោក។
លោក ស៊ូម សារឿន បានបង្ហាញពីជំនឿចិត្តថា កម្ពុជានឹងប្រជែងបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍នេះជាមិនខានឡើយ ដើម្បីលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា៕