ភ្នំពេញៈ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​រួមទាំង​ក្រុមហ៊ុន NetEase (Rules of Survival) បាន​រួម​គ្នា​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក Ros KH Cup ដ៏ធំ​មួយ និង​ជា​លើក​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​កីឡាករ​ចូលរួម​ជាង​ ៨០០ ​ក្រុម​។

ការប្រកួត​កីឡា​អេឡិចត្រូនិក Ros KH Cup ដែល​ទទួល​បាន​ការឧបត្ថម្ភ​ធំ​ពី Cellcard និង​សហការ​ឧបត្ថម្ភ​ដោយ Oppo និង Wing នេះ​វា​ជា​ព្រឹត្តិការណ៍​ថ្មី​សន្លាង​មួយ​ព្រោះ​ការប្រកួត​នេះ​គេ​ប្រកួត​គ្នា​នៅលើ​វិញ្ញាសា Rule of Survival ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​នៅ​កម្ពុជា​នោះ​ឡើយ​។

យ៉ាងណា​ក៏ដោយ​លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​អះអាង​ថា ព្រឹត្តិការណ៍​ថ្មី​នេះ​មាន​ក្រុម​ចូលរួម​ប្រកួត​ជម្រុះ​ជាច្រើន​ដើម្បី​ប្រជែង​យក​ប្រាក់​រង្វាន់​សរុប​ដែល​មាន​រហូត​ដល់​ ១០០ ​លាន​រៀល​ព្រោះ​ចាប់ពី​ក្រុម​លេខ​ ១ ដល់​លេខ​ ១៥ នឹង​បាន​ប្រាក់​រង្វាន់​ទាំងអស់​។

លោក សាមឌី បាន​និយាយ​ថា​៖ «​ការប្រកួត​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជាង​ ៨០០ ​ក្រុម (១​ ​ក្រុម​មាន​ ៤ ​នាក់​) ដែល​មាន​កីឡាករ​ជាង​ ៣០០០ ​នាក់​ហើយ​ការរៀបចំ​មាន​លក្ខណៈ​ស្តងដា ដោយសារ​ខាង Developer របស់ Rule of Survivor ជា​អ្នករៀបចំ​ដោយ​ផ្ទាល់​តែម្ដង ហើយ​អ្នក​បច្ចេកទេស​ទាំង​នេះ​បាន​តាមដាន​ពី​សក្ដានុពល​អ្នក​លេង​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត ខណៈ​ប្រទេស​នៅក្នុង​តំបន់​ក៏​មាន​ការប្រកួត​វិញ្ញាសា Rule of Survivor នេះ​ផង​ដែរ​»​។

យ៉ាងណា​ក៏ដោយ​នៅក្នុង​ចំណោម​ក្រុម​ចុះ​ឈ្មោះ​ចូលរួម​ជាង​ ៨០០ ​ក្រុម​នោះ​គឺ​គណៈកម្មការ​បាន​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជម្រុះ​ចោល​នៅ​សល់​ត្រឹម​ ៧៥ ​ក្រុម​ប៉ុណ្ណោះ ដើម្បី​យក​មក​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល​នៅក្នុង​កម្មពិធី​តាំងពិព័រណ៍ 2019 Digital Cambodia នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​កាលពី​ថ្ងៃ សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​នេះ​។

លោក លន់ សាមឌី បាន​ប្រាប់​ថា​ការប្រកួត​វគ្គ​ចែក​ពូល​នេះ​នឹង​ត្រូវ​ធ្វើ​ទៅ​តាម​ដំណាក់កាល​ផ្សេងៗ​រហូត​ដល់​ថ្ងៃទី​ ៦ ខែ​មេសា​ដើម្បី​រក​ក្រុម​ខ្លាំង​ចំនួន​ ១៥ ​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែ​មេសា​នោះ​ដែរ​។

ជាមួយ​នឹង​ការប្រកួត Ros KH Cup លើក​ទី​ ១ ឆ្នាំ​ ២០១៩ នៅ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ប្រកួត​ប្រើ​ទូរស័ព្ទដៃ​ផ្ទាល់​ខ្លួន ដើម្បី​ប្រកួតប្រជែង​គ្នា ទៅ​តាម​ហ្គេម​ដែល​គណៈកម្មការ​បាន​ដាក់​ឲ្យ​នោះ​ត្រូវ​បាន​លោក លន់ សាមឌី លើក​ឡើង​ថា​ជា​ការលើក​មុខមាត់​មួយ​ដល់​យុវជន​កម្ពុជា​ក្នុង​ការបង្ហាញ​ដល់​ប្រទេស​ផ្សេងៗ​ឲ្យ​ដឹង​ថា យើង​បាន​តាម​ទាន់​បច្ចេកវិទ្យា​នឹង​គេ​ហើយ​។

លោក លន់ សាមឌី បាន​និយាយ​ថា​៖ «​នេះ​ជា​វិញ្ញាសា​ថ្មី​បែប​ទំនើប និង​បែប​បច្ចេកវិទ្យា​អ៊ីចឹង​ការរៀបចំ​ការប្រកួត​វគ្គ​ចែក​ពូល​នៅក្នុង​កម្មវិធី 2019 Digital Cambodia នេះ​គឺ​យើង​ចង់​បង្ហាញ​ថា​យើង​បាន​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​នឹង​គេ​ហើយ ហើយ​អាច​ចូល​ប្រឡូក​នឹង​គេ​បាន​»​។

លោក​បាន​បន្ថែម​ថា​៖ «​សម្រាប់​ស៊ីហ្គេម​ឆ្នាំ ២០១៩ ​នេះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន ក៏​បាន​ដាក់​ឲ្យ​មាន​ការប្រកួត​កីឡា​អេឡិចត្រូនិក ឬ E-Sports នេះ​ដែរ​អ៊ីចឹង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ខិតខំ​ប្រឹង​ប្រែ​បណ្តុះបណ្តាល​កីឡាករ សម្រាប់​ឲ្យ​គាត់​យល់​ថា E-Sports ជា​កីឡា​មិនមែន​ជា​ល្បែង​ស៊ីសង​ទេ​។ យើង​ចង់​ឲ្យ​អាណាព្យាបាល​យល់​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​គាត់​បែងចែក​ឲ្យ​បាន​ដាច់​ពី​គ្នា​ពី​ម៉ោង​សិក្សា និង​ម៉ោង​លេង E-Sports ដល់​កូនៗ​របស់​គាត់​ព្រោះ​បើ​គាត់​អត់​យល់​លើ​បញ្ហា​នេះ​គឺ​កីឡា​អេឡិចត្រូនិក​ដើរ​ទៅ​មុខ​អត់​រួច​នោះ​ទេ​»៕