ភ្នំពេញ៖ ​កីឡករ​ជើង​ខ្លាំង​ចាស់​វស្សា កែវ រំចង់ និង វង្ស ណយ ដែល​សុទ្ធ​តែ​បាន​​ខកខាន​ប្រកួត​ និង​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​​ជិត ​១ ​ឆ្នាំ​ដូច​គ្នា​នោះ បាន​ណាត់​គ្នា​ឡើង​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នៅ​ល្ងាច​​ថ្ងៃ​អាទិត្យ​នេះ​ ហើយ​ការ​សម្រេច​ឡើង​សង្វៀន​ជា​ថ្មី​នេះ ត្រូវ​បាន​​អ្នក​ប្រដាល់​ឆ្នើម​ទាំង ​២ ​ ប្រាប់​ថា គឺ​ធ្វើ​​ទៅ​តាម​សំណូមពរ​បងប្អូន ​ដែល​ចង់​ឃើញ​ការ​ប្រកួត​រវាង​អ្នក​ទាំង ​២ ​​ឡើង​វិញ​។

យ៉ាង​ណា​ក៏​ដោយ កែវ រំចង់ និង វង្ស ណយ ដែល​​ធ្លាប់​អះអាង​ពី​ការ​​លាចាក​ពី​សង្វៀន​ប្រដាល់ ​ដោយ​ហេតុផល​ផ្សេងៗ​ពី​គ្នា​នោះ ​សុទ្ធ​តែ​បាន​​ឡើង​ទម្ងន់​ខ្ពស់​ ដោយ​​​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៨៣ ​គីឡូក្រាម ​ក្នុង​តម្លៃ​ខ្លួន​ពិសេស​មួយ ​ដែល​សុំ​មិន​ឱ្យ​បែក​ធ្លាយ​។ ​យ៉ាង​ណា​ក៏​ដោយ​កន្លង​មក​អ្នក​ទាំង ២ នេះ ​មិន​ព្រម​ចូល​ប្រកួត​ដោយសារ​បញ្ហា​តម្លៃ​ខ្លួន​នេះ​មួយ​ចំណែក​ផង​ដែរ ​ប៉ុន្តែ​ប្រភព​មួយ​ចំនួន​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ខ្សឹប​ប្រាប់​ថា​ ​តម្លៃ​ខ្លួន​ប្រកួត​លើក​នេះ ​ប្រហែល​ស្មើ​នឹង​ប្រកួត​លក្ខណៈ​អន្តរជាតិ​មុនៗ​។​

កីឡាករ​​ វង្ស​ ណយ ​​បាន​​ប្រាប់​ថា​៖ «​ខ្ញុំ​ធ្លាប់​អះអាង​មែន​ថា ​លា​ចាក​ពី​សង្វៀន​ប្រដាល់​មក​លក់​ងៀត​ក្របី ដោយសារ​តែ​ពេល​ចាញ់​មាន​គេ​ជេរ​ ហើយ​កម្លាំង​ខ្ញុំ​ក៏​​ធ្លាក់​ចុះ​ ប៉ុន្តែ​ពេល​នេះ​មាន​បងប្អូន​ជា​ច្រើន​សំណូម​ពរ ​ពិសេស​កម្មវិធី​គេ​ហៅ​ឱ្យ​ប្រកួត​ អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​​ថា​ វិល​មក​វិញ​ទៅ​តាម​លទ្ធភាព​ ​ព្រោះ​អាច​ជួយ​ជីវភាព​បាន​ផង»​។​

សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នេះ វង្ស ណយ បាន​អះអាង​ថា នឹង​ប្រឹងប្រែង​ប្រកួត ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​ជេរ​នៅ​ពេល​ខ្លួន​ចាញ់។ វង្ស ណយ បញ្ជាក់​ថា៖​ «​ខ្ញុំ​នៅ​តែ​​​រក​ស៊ី​លក់​ងៀត​ក្របី​ដដែល​ ហើយ​ខំ​ហ្វឹកហាត់​បាន​មួយ​រយៈ​ ដើម្បី​មាន​សមត្ថភាព​ល្អ​ ឡើង​ប្រកួត​ឱ្យ​ល្អ​មើល​ និង​គេច​ចេញ​ពី​ការ​ជេរ​ប្រមាថ​ នៅ​ពេល​ខ្ញុំ​ចាញ់​ម្តងៗ​ ខណៈ​ការ​ប្រកួត​នេះ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ កែវ ​រំចង់ ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​»។​

ចំណែក ​កែវ ​រំចង់ ​បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ឃ្លាត​ចាក​ពី​​សង្វៀន​ប្រដាល់​ជិត ​១ ឆ្នាំ​នេះ ដោយសារ​រូប​គេ​មិន​ចង់​ប្រកួត​ជាមួយ​ខ្មែរ​គ្នា​ឯង​ និង​ទាក់ទង​បញ្ហា​តម្លៃ​ខ្លួន​ផង​ដែរ គឺ​ចង់​ចាញ់ ​ឬ​ឈ្នះ ជាមួយ​កីឡាករ​បរទេស ​ហើយ​ក្រោយ​មាន​កូវីដ ​១៩​ កម្មវិធី​ប្រកួត​គ្មាន​អន្តរជាតិ​សោះ​។​

ជុំវិញ​ភាព​មន្ទិល​ដែល​ថា ការ​ឡើង​វ៉ៃ​ទម្ងន់​ធ្ងន់​ភាគ​ច្រើន ​​ប្រកួត​​លំៗ ​យក​តម្លៃ​ខ្លួន​នោះ កែវ​ រំ​ចង់ បាន​​បញ្ជាក់​​ថា​៖ «​ឆាក​ជីវិត​របស់​ខ្ញុំ​ នៅ​លើ​សង្វៀន​ប្រដាល់ បងប្អូន​បាន​ដឹង​ហើយ គឺ​​ឡើង​ទៅ​ ដឹង​តែ​វ៉ៃ​សម្រុក​ គ្មាន​ចេះ​បន្ធូរ​ដៃ​ឱ្យ​ដៃ​គូ​ទេ​ ហើយ​ភាព​ល្បីល្បាញ​របស់​ខ្ញុំ ​គឺ​វ៉ៃ​អស់​ពី​សមត្ថភាព​នេះ​ឯង​។​ យ៉ាង​ណា​ក៏​ដោយ វង្ស​ ណយ​ ជា​កីឡាករ​ជើង​ចាស់​ដូច​គ្នា ដោយ​គេ​ល្អ​កែង ​និង​​ជង្គង់​ដែរ ​ហេតុ​នេះ​វា​មិនមែន​ងាយ​ស្រួល​នោះ​ទេ ​ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៦០ ​ភាគរយ​ប៉ុណ្ណោះ​»។​

តាម​កំណត់ត្រា​ប្រកួត​​​កីឡាករ​​ជើង​ចាស់​ទាំង ​២ នាក់​នេះ គឺ​ធ្លាប់​ប្រកួត​គ្នា​ចំនួន ​៦ ​លើក ​ដោយ​ធ្លាប់​ឈ្នះ ​៣ ​លើក​ម្នាក់ ​ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ កែវ ​រំចង់ ​ល្បីល្បាញ​ជាង វង្ស ណយ។ យ៉ាង​ណា​ក៏​ដោយ វង្ស ​ណយ ​ជា​កីឡាករ​ដែល​ធ្វើ​ឱ្យ ​កែវ ​រំចង់ ​ចាញ់​ដោយ​ឈឺ​ចាប់​បំផុត​ចំនួន ​២ ​លើក​ កាល​ពី​នៅ​ទម្ងន់ ​៦៧​ និង ​៦៩ ​គីឡូក្រាម​ ព្រម​ទាំង​របូត​ខ្សែ​ក្រវាត់​ផង​ដែរ​។​

លោក​ កែវ ​សំអាង ជា​គ្រូបង្វឹក និង​ជា​ឪពុក កែវ រំចង់ បាន​ប្រាប់​ថា​៖ ​«ប្រកួត​លើក​នេះ​ ខ្ញុំ​មិន​បាន​បង្វឹក​ កែវ រំចង់ ផ្ទាល់​ដៃ​ទេ​ គឺ រំចង់ ​ហ្វឹកហាត់​ភាគ​ច្រើន​ផ្ទាល់​ខ្លួន ​ហេតុ​នេះ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​មិន​ច្រើន​ទេ ​ដោយសារ​ខកខាន​ប្រកួត​យូរ​ផង​។ ​តែ​ទោះបី​ជា​​យ៉ាង​ណា​ រំចង់ ​ប្រកួត​មិន​ឱ្យ​មហាជន​ខក​ចិត្ត​នោះ​ទេ»​។

ចំណែក លោក ​រ័ត្ន ​សំអាត​ អ្នក​គ្រប់គ្រង​កីឡាករ វង្ស​ ណយ​ បាន​ប្រាប់​ថា៖ ​«​​វង្ស ណយ ​មក​ហាត់​បាន ​២ ​សប្តាហ៍​ ដោយសារ​ទទួល​ការ​ប្រកួត​ឡើង​វិញ​ ហើយ​​ខ្ញុំ​នៅ​តែ​គាំទ្រ​ជានិច្ច​​ ព្រោះ​កីឡាករ​​យើង​ស្ម័គ្រ​ចិត្ត​គ្មាន​បង្ខំ​ទេ ​អ៊ីចឹង​ពេល​ណា​សុខភាព​ល្អ​ ហាត់​បាន​ល្អ ​ចាប់​គូ​បាន​ឡើង​ប្រកួត​ទៅ​ គឺ​វាជា​រឿង​ធម្មតា​ទេ»​៕​