ភ្នំពេញ៖ ​ក្រុម​ខេត្ត​សៀមរាប និង​ខេត្ត​ព្រៃវែង សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី ​១៤ (ថ្នាក់​ខេត្ត) ឆ្នាំ ​២០២០ កាល​ពី​ថ្ងៃ​អង្គារ​ ចំណែក​ក្រុម​ខេត្ត​កំពង់ស្ពឺ មិន​ហ៊ាន​មើល​ស្រាល​​លើ​អតីត​ក្រុម​ជើង​ឯក ខេត្ត​ត្បូងឃ្មុំ នៃ​ជំនួប​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ខេត្ត​កែប សង្ឃឹម​ខ្ពស់​បំផុត​ក្នុង​ការ​យក​ឈ្នះ​​ក្រុម​ខេត្ត​កំពង់ឆ្នាំង​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង។

តាមរយៈ​ការ​ប្រកួត​បិទ​ទ្វារ មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចូលរួម​កាល​ពី​ម្សិលមិញ​នោះ ក្រុម​ម្ចាស់​ផ្ទះ​​ខេត្ត​សៀមរាប​បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កណ្តាល ៣-១ ហើយ​ក្រុម​ខេត្ត​ព្រៃវែង ដែល​កីឡាករ​​ភាគ​ច្រើន​ជា​​ក្រុម​យុវជន​​របស់​ក្លិប​វិសាខា​នោះ បាន​លត់​ក្រុម​ខេត្ត​កោះកុង ៥-១ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ដើម្បី​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ប្រកួត​កាត់​សេចក្តី​នៅ​ជើង​ទី​២ ខណៈ​ការ​ប្រកួត​នេះ​កីឡាករ ស៊ីន មុន្នីឧត្តម របស់​ខេត្ត​កោះកុង និង ញឹម លីហួរ របស់​ខេត្ត​ព្រៃវែង សុទ្ធ​តែ​បាន​ទទួល​កាត​ក្រហម ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា នៅ​នាទីទី ​៧០។​

ដោយ​ឡែក​ក្រុម​លេខ ​១ ​ប្រចាំ​ពូល ​D ខេត្ត​កំពង់ស្ពឺ នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ម៉ោង ​៣ ថ្ងៃ​ពុធ​នេះ។ សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល​កន្លង​មក​នេះ ខេត្ត​កំពង់ស្ពឺ ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ឈ្នះ ​២ និង​ស្មើ ​២​។

យ៉ាង​ណា​ក៏​ដោយ ​ខេត្ត​កំពង់ស្ពឺ បាន​ចាត់​ទុក​ការ​ជួប​ខេត្ត​ត្បូងឃ្មុំ គឺ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ ដែល​មិន​អាច​រំពឹង​ខ្ពស់​បាន​នោះ​ទេ។ ទោះ​បី​ជា ក្រុម​ម្ចាស់​ជើងឯក​ថ្នាក់​ខេត្ត​ឆ្នាំ ​២០១៩ ខេត្ត​ត្បូងឃ្មុំ​បាន​ឡើង​មក​ដល់​វគ្គ ​៨ ​ក្រុម​នេះ ត្រឹម​ជា​ក្រុម​លេខ ​២ ​ល្អ​ប្រចាំ​ពូល ​C ប៉ុន្តែ​ក្នុង​វគ្គ​​ជម្រុះ​តាម​ពូល​ខេត្ត​ត្បូងឃ្មុំ មិន​ធ្លាប់​ចាញ់​ដូច​គ្នា គឺ​ពួក​គេ​បាន​ឈ្នះ ​២ និង​ស្មើ ​២ ​ដង ហើយ​ចំណុច​ល្អ​នេះ នៅ​តែ​ធ្វើ​ឲ្យ​ក្រុម​ខេត្ត​កំពង់ស្ពឺ មាន​ការ​ខ្លាច​រអា​មិន​ហ៊ាន​មើល​រំលង។

លោក ម៉ម កុសល អ្នក​ចាត់​ការ​​ក្រុម​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា៖​ «យើង​ប្រមូល​ផ្តុំ​បាន​មួយ​សប្តាហ៍ ចំណែក​កីឡាករ​របស់​យើង​មួយ​ចំនួន ដែល​មាន​ការងារ​នៅ​ក្រៅ​ខេត្ត និង​ជាប់​រៀន​នៅ​ភ្នំពេញ​ ហើយ​មិន​បាន​មក​ហ្វឹកហាត់​ជាមួយ​យើង​នោះ ក៏​​អ្នក​ទាំង​នោះ ​បាន​សុំ​គេ​ហាត់​នៅ​តាម​ក្លិប​ផ្សេងៗ​ផង​ដែរ អ៊ីចឹង​គិត​មក​ដល់​ពេល​នេះ យើង​បាន​​ពង្រឹង​ទាំង​ទៅ​លើ​សមត្ថភាព បច្ចេកទេស ទិច​និក​ប្រយុទ្ធ និង​កម្លាំង​រួច​រាល់​អស់​ហើយ»។

យ៉ាង​ណា​ក៏​ដោយ លោក ម៉ម កុសល មិន​ហ៊ាន​រំពឹង​ច្រើន​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​មិនហ៊ាន​រំពឹង​ច្រើន​ទេ គឺ​ត្រឹម ​៥០ ទៅ ​៦០ ភាគរយ​ប៉ុណ្ណោះ ព្រោះ​ខេត្ត​ត្បូងឃ្មុំ ជា​ក្រុម​ជើងឯក​កាល​ពី​ឆ្នាំ​មុន ហេតុ​នេះ​គេ​ក៏​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ។ ទោះយ៉ាង​ណា​ដោយសារ​នេះ​ជា​ការ​ប្រកួត​នៅ​លើ​ទឹក​ដី​របស់​យើង អ៊ីចឹង​យើង​អាច​មាន​ប្រៀប​ខ្លះ ដ្បិត​អី​កីឡាករ​របស់​យើង គឺ​ទាំង​អ្នក​ជាប់​ធ្វើ​ការងារ និង​ជាប់​រៀន​សូត្រ​នឹង​មក​ជុំ​គ្នា ដើម្បី​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​នេះ​»។

ទន្ទឹម​ជាមួយ​គ្នា​នេះ ការ​ជួប​គ្នា​រវាង​​ក្រុម​លេខ ​១ ​ពូល E ខេត្ត​កែប និង​​ក្រុម​លេខ ​១ ​មក​ពី​ពូល ​A ខេត្ត​កំពង់ឆ្នាំង​​នៅ​កីឡដ្ឋាន​ខេត្តកែប នា​រសៀល​ម៉ោង ​៣ ថ្ងៃ​ពុធ​នេះ វា​បាន​ក្លាយ​ជា​ការ​​ប្រកួត​ដែល​គេ​គិត​ថា នឹង​មាន​ភាព​តានតឹង​ខ្លាំង ព្រោះ​ក្រុម​ទាំង ២ ​នេះ សុទ្ធ​តែ​បាន​ល្អ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ក្នុង​នោះ ខេត្ត​កំពង់​ឆ្នាំង​បាន​ឈ្នះ​ ២ និង​ស្មើ​ ៤ ដង ហើយ​ខេត្ត​កែប ឈ្នះ ​៤ ស្មើ ​១ និង​ចាញ់ ​១​។

យ៉ាងណា​ក៏​ដោយ លោក ស សុរ៉ា គ្រូ​បង្វឹក​ក្រុម​ខេត្ត​កែប ​​បាន​និយាយ​ថា៖​ «យើង​ត្រៀម​បាន​ល្អ​ និង​ប្រកួត​សម​ជើង​បាន​ច្រើន ហើយ​យើង​ក៏​មាន​អាទិភាព​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដែរ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៩០ ​ភាគរយ។ យើង​អត់​សូវ​បារម្ភ​ទៅ​លើ​ទម្រង់​​លេង​របស់​ខេត្ត​កំពង់ឆ្នាំង​ប៉ុន្មាន​ទេ ដោយសារ​កីឡាករ​ភាគ​ច្រើន​របស់​ក្រុម​នេះ ចេញ​ពី​សិស្ស​សាលា ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ និង​ធ្លាប់​បាន​ឈ្នះ​កន្លង​មក»៕