អេស្ប៉ាញៈ ក្រុម Barcelona កំពុង​ខិត​ទៅ​រក​ការលើក​ពាន​លើក​ទី​៨ ​នៃ​ក្របខ័ណ្ឌ​អេស្ប៉ាញ LaLiga ក្នុង​រយៈពេល​ ១១ ​ឆ្នាំ​នេះ​ក្រោយពី​កីឡាករ Clement Lenglet និង Jordi Alba រក​បាន​ម្នាក់​ ១ ​គ្រាប់​ជួយ​ឲ្យ​ឈ្នះ​ក្រុម Real Sociedad ២-១ កាលពី​ថ្ងៃ​សៅរ៍​។

ជ័យជម្នះ​នេះ​មាន​ន័យ​ថា​ក្រុម Barcelona គ្រាន់តែ​ផ្ដួល​ក្រុម Alaves នៅ​ថ្ងៃ​អង្គារ​បន្ទាប់មក​ត្រូវ​បន្ត​យក​ឈ្នះ​ក្រុម Levante នា​ថ្ងៃ​សៅរ៍​នៅ​កីឡដ្ឋាន Camp Nou នោះ​ពួកគេ​នឹង​អាច​គ្រង​ជា​ម្ចាស់​ជើងឯក La Liga ខណៈ​ការដណ្ដើម​បាន​ ៣ ​ពិន្ទុ​ពី​ក្រុម Alaves ធ្វើឲ្យ​ក្រុម​នេះ​លែង​ខ្វល់​ពី​ការ​ចាញ់​ឈ្នះ​រវាង​ក្រុម Atletico Madrid និង Valencia នៅ​ថ្ងៃ​ពុធ​។

មិន​ថា​នៅពេល​ ៣ ​ថ្ងៃ​ ឬ​ ១ ​សប្ដាហ៍​ទៀត​នោះ​ទេ​គឺ​វា​ច្បាស់​រួច​ហើយ​ថា ក្រុម​របស់​លោក Ernesto Valverde បាន​ការពារ​ម្ចាស់​ជើងឯក​របស់​ខ្លួន​ដោយ​ជោគជ័យ​រួច​ហើយ ខណៈ​ក្រុម Atletico តាម​ពីក្រោយ​ក្រុម​នេះ​ ៩ ​ពិន្ទុ​បន្ទាប់ពី​យក​ឈ្នះ​ក្រុម Eibar កាលពី​ថ្ងៃ​សៅរ៍​។

លោក Valverde និយាយ​ថា​៖ «​យើង​ត្រូវ​កម្ចាត់​វា​ចេញ​ពី​ក្បាល​យើង​ ខណៈ​យើង​បាន​នាំ​មុខ​គេ​ ៩ ​ពិន្ទុ​ដាច់ ហើយ​ឥឡូវ​យើង​នៅ​សល់​ពេល​ ៣ ​ថ្ងៃ​ទៀត​ទេ ដើម្បី​ប្រកួត​ម្ដង​ទៀត​ជា​ពេលវេលា​ដ៏ពិបាក​មួយ​»​។

ទន្ទឹម​នេះ​ដែរ Barcelona កំពុង​តែ​ផ្ដោត​ទៅ​រក​ការលើក​ពាន​នៃ​ក្របខ័ណ្ឌ Champions League ដែល​អាច​នឹង​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Liverpool ដែល​ក្រុម​នេះ​បាន​នឹង​កំពុង​ប្រជែង​យក​លេខ​ ១ ​ជាមួយ​ក្រុម Manchester City ក្នុង​ក្របខ័ណ្ឌ Premier League​។

យ៉ាងណា​ក៏ដោយ​នេះ​មិនមែន​ជា​ការបន្ថយ​ល្បឿន​នោះ​ទេ ព្រោះ​ក្រុម Real Sociedad បាន​តាម​ស្មើ​វិញ​នៅក្នុង​តង់​ទី​ ២ ដែល​រក​បាន​ដោយ​ខ្សែប្រយុទ្ធ Juanmi ប៉ុន្តែ​ ២ ​នាទី​ក្រោយ​មក Alba បាន​បន្ថែម​ ១ ​គ្រាប់​ទៀត​ធ្វើឲ្យ Barcelona ឈ្នះ​ Real Sociedad ២-១​។

Lionel Messi មិន​បាន​ស៊ុត​បញ្ចូល​ទី​ក៏​ពិតមែន ប៉ុន្តែ​គាត់​បាន​ជួយ​ក្រុម​យ៉ាងច្រើន​ដោយ​បញ្ជូន​បាល់​យ៉ាង​ស្អាត​ឲ្យ Alba ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​។

នេះ​ជា​ការប្រកួត​លីក​លើក​ទី​ ២១ ​ហើយ​របស់ Barcelona នៅ​រដូវកាល​នេះ​ដោយ​គ្មាន​ការចាញ់​ម្ដងណា​ឡើយ ខណៈ​ក្រុម​នេះ​បាន​នាំ​មុខ Real Madrid ១៦ ​ពិន្ទុ​នៅ​មុនពេល​ប្រកួត​ជាមួយ​ក្រុម Athletic Bilbao ក្នុង​ទឹកដី​ខ្លួន​នៅ​យប់​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​។

លោក Valverde បាន​ថ្លែង​បញ្ជាក់​ថា​៖ «​អ្នក​តែងតែ​ទន្ទឹង​រង់ចាំ​មើល​ការប្រកួត​របស់​ក្រុម Real Madrid ព្រោះ​អ្នក​តែង​ចាត់ទុក​ពួកគេ​ថា ជា​គូប្រជែង​ដ៏ខ្លាំង​មួយ​។ នៅក្នុង​ករណី​នេះ​ពួកគេ​អាច​គិត​ពី​រដូវកាល​ក្រោយ​ទៀត​»៕ SN