ភ្នំពេញៈ ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ​២១​ ឆ្នាំ (U21) បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​មាតុ​ប្រទេស កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ម្សិលមិញ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ពី​ថ្ងៃ​ទី ​២៣ ខែមេសា ដល់​ថ្ងៃ​ទី ​៦ ខែឧសភា។

យ៉ាង​ណា​​​ក៏​ដោយ ការផ្អាក​ការ​​ប្រកួតលីកកំពូល​កម្ពុជា ឆ្នាំ​ ២០១៨ ចំនួន​ ២ សប្តាហ៍​ជាប់​គ្នា ដើម្បី​ទុក​ពេលឲ្យ​​​​កីឡាករ​ជម្រើសជាតិ​ចំនួន​ ២២ ​នាក់ ទៅ​ចូល​រួម​ការ​ប្រកួតនេះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​មួយ​ចំនួន ពី​អ្នក​​និយមទស្សនា​ការ​ប្រកួត​បាល់​ទាត់នៅ​កម្ពុជា ដោយ​ពួក​គេ​បាន​លើក​ឡើង​បែប​ចំអក​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ថា «​គ្រាន់​តែ​ការ​ប្រកួតពាន​រង្វាន់​មិត្ត​ភាព​ក្រៅ​ផ្លូវការរបស់​គេ​​សោះ សុខ​ចិត្ត​ផ្អាក​ការ​ប្រកួត​លីកកំពូលរបស់​ខ្លួន​ឯង ដល់ទៅ​​២ សប្តាហ៍​។ បើ​យ៉ាង​នេះៗ ធ្វើ​ម៉េច​បាល់​ទាត់​ខ្មែរ​រីក​ចម្រើន​ទៅ​កើត?»។

ប៉ុន្តែ​គ្រូ​បង្គោល លោក ប្រាក់ សុវណ្ណារ៉ា ដែល​ជា​អ្នក​ដឹកនាំ​​ក្រុម​ជម្រើសជាតិ​កម្ពុជា ទៅ​ចូល​រួមការ​ប្រកួត​​ពាន​រង្វាន់ Hassanal Bolkiah Trophy 2018 នេះ បាន​ធ្វើ​ការ​ច្រាន​ចោលចំពោះ​​ការ​រិះ​គន់​ទាំង​នោះ ដោយ​លោកបាន​​អះអាង​​ថា ការ​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​លីកកំពូល​កម្ពុជា នោះ​ទេ។

លោក សុវណ្ណារ៉ា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​ពេល​លោក​ដឹកនាំ​ក្រុម​U21កម្ពុជា ចេញ​ទៅ​​ប្រទេស​ប្រ៊ុយណេ​ថា៖​«​អ្នករិះ​គន់ ចេះ​តែ​​លើក​ឡើង ប៉ុន្តែ​តាម​​កម្ម​វិធីប្រកួត​​លីកកំពូល យើង​គ្រាន់​តែ​​មិនមាន​ការ​សម្រាក គឺ​កម្ម​វិធី​ចប់​ដដែល​ហ្នឹង»។

លោក​បាន​បញ្ជាក់​ថា៖​«តាម​កម្ម​វិធី​ចាស់​របស់​លីកកំពូល​កម្ពុជា គឺ​ក្រោយ​ចប់​ជើង​ទី​ ១ យើងត្រូវ​សម្រាក​ ២​ សប្តាហ៍ អ៊ីចឹង​បើ​យើង​បាន​សម្រាក ​២ សប្តាហ៍នេះហើយ ពេល​ចប់​ប្រកួត​​ជើង​ទី ​១ យើង​មិន​បាច់​សម្រាក​ទៀត​ទេ គឺ​យើងលេង​បន្ត​រហូត​ទៅ ដូច្នេះ​កម្ម​វិធី​​ប្រកួតលីកកំពូល នឹង​បញ្ចប់​តាម​គម្រោង​ដដែល​ទេ»។

នៅ​ពេល​សួរ​ថា តើ​ការ​ចេញ​ទៅ​ប្រកួត​ពាន​ស្តេច​ប្រ៊ុយណេនេះ វា​មាន​សារៈ​សំខាន់​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែរ​ទេ? លោក ប្រាក់ សុវណ្ណារ៉ា បាន​ឆ្លើយ​តប​ថា៖​«​​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ក្នុងតំបន់អាស៊ាន ខ្ញុំ​មិន​ដឹង​ថា គេ​គិត​យ៉ាងម៉េច​ចំពោះ​ពាន​នេះ​ទេ ប៉ុន្តែចំពោះ​ខ្មែរ​យើង គឺ​សំខាន់ ដោយសារ​កីឡាករ​របស់​យើង ត្រូវ​​ត្រៀម​ស៊ីហ្គេម នៅ​ឆ្នាំ​ក្រោយ​ផង»។

លោក​​បាន​បន្ថែម​ថា៖​ «​វា​មិនមែន​សំដៅ​តែ​ទៅ​លើ​ពាន​នេះមួយទេ តែ​ជាការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ និង​ការ​ថ្លឹង​ថ្លែង​មើល​ពី​​កម្រិតលេង​​របស់​ក្រុម​​យើង និង​ប្រទេស​ជិត​ខាង តើ​កម្រិតលេង​របស់​​យើង​នៅត្រឹម​ណា? ដើម្បី​យើង​អាច​​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ សម្រាប់​ស៊ីហ្គេម ឆ្នាំ ​២០១៩ ព្រោះ​​ពាន​មួយនេះ ​គឺ​ខាង​ប្រ៊ុយណេ ធ្វើ​ឡើង​ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេមនេះ​ឯង​»។

​​ក្រុម ​U21 ជម្រើសជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រ៊ុយណេ ​កាល​ពី​​ព្រឹក​​ថ្ងៃចន្ទ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី, លី វ៉ាហេទ និង សេត រ៉ូស៊ីប ​ដែល​មាន​ឈ្មោះត្រូវ​ទៅ​ប្រកួត​ពាន​​រង្វាន់​ស្តេច​ប្រ៊ុយណេ​នោះ​ដែរ គឺ​មិន​​បាន​រួម​ដំណើរ​ទៅជាមួយ​ទេ ដោយ​សារអ្នក​ទាំង​៣​នេះ ​ជាប់​ភារកិច្ច​ជួយ​ក្រុម​បឹងកេត ដែល​ត្រូវ​ទៅ​ចូល​រួម​ការ​ប្រកួត​បង្រ្គប់​កិច្ច​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា Shan United ក្នុង​វគ្គ​ចែក​ពូល​​ពាន​រង្វាន់ AFC Cup 2018 នា​ថ្ងៃ​ទី​២៥ ខែមេសា ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ថា ​ការ​ប្រកួត​ពាន​រង្វាន់ Hassanal Bolkiah Trophy 2018 ​នេះ ក្រុម​​កម្ពុជា ឈរ​នៅ​ពូល ​B ជាមួយ​ក្រុម​ U21 ឡាវ និង​សិង្ហបុរី ខណៈ​ពូល​ A មាន​ក្រុម​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ ថៃ មីយ៉ាន់ម៉ា និង​ទីម័រខាង​កើត ហើយ​​សម្រាប់​​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃចន្ទ​ម្សិល​មិញ ក្រុម​ម្ចាស់ផ្ទះ​ប្រ៊ុយណេ បាន​ចាញ់​ក្រុម​ទីម័រ​ខាង​កើត ១-០ ឯ​ក្រុម​មីយ៉ាន់ម៉ា ត្រូវ​ជួប​ក្រុម ​U21 ថៃ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ៕