ភ្នំពេញ៖ ​សមាគម​កីឡា​បាល់​ទាត់​ខេត្ត​ព្រៃវែង បាន​ខិត​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​​កៅអី​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​កម្ពុជា​រដូវកាល​ឆ្នាំ ​២០២១ ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​បន្ត​រក​ឃើញ​ជ័យជម្នះ​លើ​​ក្រុម​មន្ទីរអយក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ ​១ នៃ​ការ​ប្រកួត​ជម្រើស​ជើងឯក​កម្ពុជា​លីគ ​២ ឆ្នាំ ​២០២០ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​វិល​ជុំទាំង ​៩ ​លើក​ពី​ថ្ងៃអង្គារ។​

សម្រាប់​ការ​ប្រកួត​វិល​ជុំ​ទាំង ​៩ ​​ចុង​ក្រោយ​នៅ​ទីលាន​ប៊ុនរ៉ានី ហ៊ុនសែន​មេមត់ កាល​ពី​ថ្ងៃ​អង្គារ​នោះ ​ក្រុម​ខេត្ត​ព្រែវែង ដែល​​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុម​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា​នោះ បាន​យក​ឈ្នះ​ក្រុម​មន្ទីរអយក​ខេត្ត​ត្បូងឃ្មុំ ទាំង​លំបាក​ក្នុង​លទ្ធផល ៣-២ ​ហើយ​ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ​ខេត្ត​ព្រៃវែង បាន​បញ្ចប់​ការ​​ប្រកួត​ទាំង ​៩​ លើក​របស់​​ខ្លួន ដោយ​មិន​ស្គាល់​ការ​ចាញ់​សោះ គឺ​ឈ្នះ ​៧ និង​ស្មើ ​២ ​ដង មាន ​២៣ ពិន្ទុ។

ជាមួយ​លទ្ធផល​នេះ បាន​ជួយ​ឱ្យ​ក្រុម​ខេត្ត​ព្រៃវែង ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព័ត្រ​ទៅ​តាម​រូបមន្ត​ដែល​បាន​កំណត់ ដោយ​រង់ចាំ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​វគ្គ ​១/២ ​ផ្តាច់​ព្រ័ត្រ​នេះ ក៏​មាន​ក្រុម ​U21 កង​យោធពល​ខេមរ​ភូមិន្ទ (U21 ទ័ព) ឈរ​ចាំ​ផង​ដែរ ព្រោះ U21 ទ័ព បាន​យក​ឈ្នះ​អាយអេសអាយ​ដង្កោ​សែនជ័យ ១-០ កាល​ពី​ថ្ងៃ​អង្គារ​នោះ​ដែរ ដើម្បី​ឈរ​នៅ​លេខ ​២ ដោយ​មាន​ ២៣ ពិន្ទុ ស្មើ​ខេត្ត​ព្រៃវែង តែ​មាន​គ្រាប់បាល់​ចំណេញ​តិច​ជាង ​១២ ​គ្រាប់។

ចំណែក​ ក្រុម ​U21 ​ភ្នំពេញ​ក្រោន ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បាល់ទាត់​សៀមរាប ៣-០ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ដើម្បី​ឈរ​នៅ​លេខ ​៣ មាន ​១៦ ពិន្ទុ ស្មើ​ជាមួយ​ក្រុម​ អាយអេសអាយ​ដង្កោសែនជ័យ ​ដែល​ឈរ​នៅ​លេខ ​៤ ហើយ​ក្រុម​ទាំង ​២ ក៏​នឹង​ត្រូវ​ប្រកួត​ខ្វែង​ជាមួយ​គ្នា​ផង​ដែរ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃសៅរ៍​ខាង​មុខ​នេះ ចំណែក​ក្រុម​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម U21 ទ័ព នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​២៦ ខែ មករា ឆ្នាំ ​២០២១។

តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​ខេត្ត​ព្រៃវែង មាន​ឱកាស​ច្រើន​បំផុត គឺ​ចូល ​៩០ ​ភាគរយ​ទៅ​ហើយ​ក្នុង​ការ​បាន​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​កម្ពុជា ឆ្នាំ ​២០២១ ព្រោះ​ក្រុម ​U21 ភ្នំពេញ​ក្រោន និង​​ក្រុម ​U21 ទ័ព ដែល​មាន​ក្រុម​ធំ​របស់​ពួក​គេ​លេង​នៅ​លីគ​កំពូល​ស្រាប់​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​នោះ​ទេ បើ​ទោះបី​ជា​ពួក​គេ​ប្រជែង​បាន​តំណែង​ជើងឯក​ក្នុង​ការ​ប្រកួត​នេះ​ក៏​ដោយ។

ហេតុ​នេះ​ឧបសគ្គ​របស់​ខេត្ត​ព្រៃវែង​នៅ​សល់​តែ​ក្រុម​អាយអេសអាយ​ដង្កោសែន​ជ័យ​មួយ​ប៉ុណ្ណោះ មាន​ន័យ​ថា បើ​ក្រុម​នេះ មិន​អាច​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ទេ គឺ ខេត្ត​ព្រៃវែង នឹង​បាន​ឡើង​ទៅ​លេង​នៅ​លីគ​កំពូល​ដោយ​ស្វ័យ​​ប្រវត្តិ​តែ​ម្តង។ ចំណែក​ក្រុម​ខេត្ត​ត្បូងឃ្មុំ ​ឈរ​នៅ​លេខ ​៥ ខេត្ត​សៀមរាប ឈរ​នៅ​លេខ ​៦ ក្រុម​ឬទ្ធីសែន ឈរ​នៅ​លេខ ​៧ កោះកុងអេហ្វស៊ី ឈរ​នៅ​លេខ ​៨ ខេត្ត​ស្វាយ​រៀង ឈរ​នៅ​លេខ ​៩ និង​ខេត្តកំពង់​ស្ពឺ ឈរ​នៅ​លេខ ​១០ ​ក្រោយ​គេ​បាន​ធ្លាក់ និង​លែង​មាន​​ឱកាស​ប្រជែង​ទៀត​ហើយ៕