ភ្នំពេញ: នៅ​ទីបំផុត​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​រកឃើញ​ជ័យជម្នះ​យ៉ាងធំ​របស់​ខ្លួន​ហើយ បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​ក្រុម Rolling FC ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​លើក​ពានរង្វាន់ Tiger Street Football Festival 2019 ទូទាំង​ប្រទេស​ជា​លើក​ដំបូង ដើម្បី​បំពេញ​ការខកចិត្ត​កាលពី​ឆ្នាំ​មុន​នោះ​។

គេ​នៅ​ចាំ​បាន​ថា ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្លាប់​បាន​ចាញ់ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការប្រកួត Tiger Street Football នេះ​កាលពី​ឆ្នាំ​ ២០១៨ ម្តង​ហើយ ប៉ុន្តែ​ការប្រកួត​រដូវកាល​ទី​ ៧ ឆ្នាំ​ ២០១៩ ​នេះ​ក្រុម​ខេត្ត​ព្រះសីហនុ​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​ការប្រកួត​ជម្រុះ​នៅ​តាម​មណ្ឌល និង​ការប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ​។

តាមរយៈ​ការប្រកួត​នៅ​លើ​ទីលាន​មជ្ឈមណ្ឌល​កោះពេជ្រ​នោះ​ក្រុម​ខេត្ត​ព្រះសីហនុ​បាន​ឈ្នះ​ជា​បន្តបន្ទាប់​មុន​ពេល​ពួកគេ​បាន​ទម្លាក់​ក្រុម Pisnoka ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ការឡើង​ទៅ​ជួប​ក្រុម Rolling FC ដែល​បាន​ឈ្នះ​ក្រុម Vandasak ២-១ ក្នុង​វគ្គ​ ១/២ ​ផ្តាច់ព្រ័ត្រ​ដែរ​នោះ​គឺ​ខេត្ត​ព្រះសីហនុ​បាន​យក​ឈ្នះ​លើ​ក្រុម Rolling ២-១ ជាមួយ​នឹង​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​បំផុត​។

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ខេត្ត​ព្រះសីហនុ​លើក​ពាន​ជា​លើក​ដំបូង​យ៉ាង​សប្បាយ​រីករាយ​បំផុត​ក្រោម​វត្តមាន​ប្រគល់​ពាន​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ បន្ថែម​លើ​នេះ​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការណ៍​ប្រកួត​នេះ​គឺ​ស្រាបៀរ Tiger ក៏​រៀបចំ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក​នេះ​ទៅ​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​បាល់ទាត់​ពិភពលោក​របស់​ប្រេស៊ីល Ronaldinho នៅ​ទីក្រុង​រីយោ​ក្នុង​ប្រទេស​ប្រេស៊ីល​ផង​ដែរ​។

កីឡាករ ភូ គឹមសែ ប្រធាន​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​នេះ​ជា​លើក​ដំបូង​ដែល​ពួកយើង​បាន​លើក​ពាន Tiger Street ហើយ​វា​ក៏​ជា​ឆ្នាំ​ដ៏អស្ចារ្យ​ផង​ដែរ ដែល​ពួកយើង​នឹង​បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​តារាង​បាល់ទាត់ Ronaldinho​។ ពួក​ខ្ញុំ​រំពឹង​ថា​នឹង​ទទួល​បាន​បទពិសោធ និង ដំបូន្មាន​ល្អៗ​ពី​គាត់​បន្ថែម​ទៀត​ដើម្បី​មក​អភិវឌ្ឍ​ការលេង​នៅ​ក្រុម​ឲ្យ​កាន់តែ​បាន​ប្រសើរ​ឡើង​ថែម​ទៀត​»​។

ជាមួយ​នឹង​ការឈ្នះ​ជើងឯក​នេះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​បាន​ប្រាក់​រង្វាន់​ ១៥០០០ ​ដុល្លារ ឯ​ក្រុម​ជើងឯករង Rolling FC បាន​ ៥០០០ ​ដុល្លារ​។ ចំណែក​ក្រុម Vandasak បាន​លត់​ក្រុម Pisnoka ៧-០ ដើម្បី​ទទួល​បាន​លេខ​ ៣ អម​ដោយ​ប្រាក់រង្វាន់​ ២៥០០ ​ដុល្លារ​ហើយ Pisnoka ក៏​បាន​ប្រាក់រង្វាន់​ ១០០០ ​ដុល្លារ​ផង​ដែរ​៕