ភ្នំពេញ: ក្រុមគ្រួសារប៊ីចេង បានក្លាយជាម្ចាស់ជើងឯកថ្មីនៃពាន KMH Champions League ប្រចាំឆ្នាំ២០១៨ ក្រោយពីបានផ្តួលក្រុម Down Town ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ នៅលើទីលាន KMH Park ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃសៅរ៍កន្លងទៅ។
ក្រុមទាំង២ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ខណៈដែលពួកគេត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងរយៈពេល៩០នាទី ក្រោយពីកីឡាករសុខ រក្សា បានជួយឲ្យក្រុមគ្រួសារប៊ីចេង នាំមុខមុននៅនាទី ទី២៨ មុននឹងក្រុម Down Town បានវាយបកវិញភ្លាមៗក្នុងរយៈពេល២នាទីចុងក្រោយ ដោយកីឡាករព្រី ឌីយ៉ាម៉ុង។
បន្ទាប់មក គណៈកម្មការនៃការប្រកួតនេះបានសម្រេចបន្ថែមរយៈពេល១៥នាទីលើកទី១ ដើម្បីកាត់សេចក្តីរកក្រុមឈ្នះ ខណៈដែលក្រុមគ្រួសារប៊ីចេង បានធានាថា ពួកគេគឺជាម្ចាស់ជើងឯកថ្មី ក្រោយពីពួកគេបានរកគ្រាប់បាល់ឈ្នះនៅនាទី ទី១០៥ តាមរយៈកីឡាករវណ្ណារ៉ា ដើម្បីធ្វើឲ្យក្រុម Down Town ទទួលបានត្រឹមលេខ២តែម្តង។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគ្រួសារប៊ីចេង ទទួលបានពាន១ និងទឹកប្រាក់រង្វាន់ចំនួន១២០០០ដុល្លារ ខណៈដែលទឹកប្រាក់សម្រាប់ក្រុមឈរលេខ២ចំនួន៦០០០ដុល្លារ បានធ្លាក់ទៅលើក្រុម Down Town។
ស្របពេលជាមួយគ្នានេះ ក្រុមអាណាចក្របៃតង បានបញ្ចប់ដោយឈរលេខ៣ ក្រោយពីបានយកឈ្នះលើក្រុមពិស្នូកកា ក្នុងលទ្ធផល ៨-៤ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន៣០០០ដុល្លារ ហើយទឹកប្រាក់ចំនួន១៥០០ដុល្លារបានធ្លាក់ទៅលើក្រុមឈរលេខ៤។
កីឡាករអ៊ុក ម៉ិច ទទួលបានប្រាក់រង្វាន់ចំនួន៤០០ដុល្លារ សម្រាប់ការជាប់ជាអ្នកចាំទីឆ្នើមប្រចាំយុទ្ធនាការ ហើយកីឡាករជា អូលី របស់ក្រុមអាណាចក្របៃតង បានជាប់ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ដើម្បីទទួលបានប្រាក់រង្វាន់៤០០ដុល្លារដូចគ្នា។
ក្រុមអាណាចក្របៃតង ក៏បានជាប់ជាក្រុមលេងដោយយុត្តិធម៌ (Fair Play) ផងដែរ ដើម្បីទទួលបានប្រាក់លើកទឹកចិត្ត៧៥០ដុល្លារ៕