ភ្នំពេញ: ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ (U22) គ្រូបង្វឹក និង​ក្រុមការងារ​បាន​យក​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​ដើម្បី​ចុះ​ចែករំលែក​បទពិសោធ​បាល់ទាត់​ចែករំលែក​ក្តី​ស្រឡាញ់ និង​ប្រាប់​ពី​បទពិសោធ​ជីវិត​ជា​អ្នក​បាល់ទាត់​ទៅ​ដល់​យុវជន និង​ក្មេងៗ​ជាច្រើន​នាក់​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)​។

ការចុះ​ចែករំលែក​បទពិសោធ​បាល់ទាត់​នៅ PSE កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នោះ​គឺ​ក្រុម​ U22 ​កម្ពុជា​ត្រូវ​បាន​បែងចែក​ជា​ ៣ ​ក្រុម​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​ក្នុង​នោះ​ក្រុម​ទី​ ១ ត្រូវ​ដាក់​ឲ្យ​បង្ហាត់​បង្ហាញ​ពី​របៀប​លេង​បាល់ទាត់ ទៅ​ដល់​ក្រុម​យុវជន​​ជាង ៣០ នាក់​។

ចំណែក​ក្រុម​ទី​ ២ ត្រូវ​បាន​ដាក់​ឲ្យ​ជជែក​ពិភាក្សា​ជាមួយ​យុវជន​ជាង​ ២០ ​នាក់​ដោយ​ផ្តល់​ឱកាស​ឲ្យ​ក្រុម​យុវជន​ទាំងនោះ​សួរនាំ​ទាក់ទង​នឹង​ខ្សែជីវិត​ជា​អ្នក​បាល់ទាត់​ដូចជា ការតាំង​ចិត្ត ការសម្រេចចិត្ត និង​ការដោះស្រាយ​បញ្ហា នៅពេល​បាក់​ទឹកចិត្ត​។ លើស​ពី​នេះ​ក្រុម​យុវជន​ទាំងនោះ​ក៏​បាន​សួរ​ពី​ផែនការ​នៃ​ការអភិវឌ្ឍ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ​។

ចំពោះ​ក្រុម​ទី​ ៣ ត្រូវ​ដាក់​ឲ្យ​ចែករំលែក​នៃ​ក្តីស្រឡាញ់​ទៅ​ដល់​គ្រូបង្រៀន ពិសេស​ក្មេង​តូចៗ​ដែល​មាន​អាយុ​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ដោយ​ការនាំ​ឲ្យ​ពួកគេ​លេង​បាល់ទាត់ និង​ការចែក​ក្រុម​ឲ្យ​ពួកគេ​ដណ្តើម​បាល់​គ្នា ហើយ​ជា​លទ្ធផល​ក្មេងៗ​ទាំងនោះ​បាន​ចូលរួម​លេង​បាល់​យ៉ាង​ស្វាហាប់ និង​​ពោរពេញ​ដោយ​ក្តីសប្បាយ​រីករាយ​អស់​​ពី​ចិត្ត​របស់​ពួកគេ​តែ​ម្តង​។

លោក ឈូក ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ U22 ​កម្ពុជា​បាន​ប្រាប់​ក្រោយ​ចប់​កម្មវិធី​ថា​៖ «​ការដឹកនាំ​ក្រុម​ U22 ​កម្ពុជា​មក​ថ្ងៃ​នេះ​គឺ​ទី​ ១ យើង​ចង់​ឲ្យ​កីឡាករ​ជម្រើសជាតិ​ចូលរួម​ជាមួយ​ការងារ​សង្គម​ដែល​នេះ​ជា​ជំហាន​ដំបូង​ហើយ​ការ​សម្រេច​យក PSE ជា​ការចាប់ផ្តើម​អនុវត្ត​ការងារ​សង្គម​របស់​ក្រុម​ជម្រើសជាតិ ចំ​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រឡាញ់​នេះ​គឺ​យើង​ចង់​អូសទាញ​យុវជន​ទាំង​នេះ​មក​ផ្តល់​ក្តី​ស្រឡាញ់​ឲ្យ​គ្នា​តាមរយៈ​ការចែករំលែក​បទពិសោធ​ឲ្យ​គ្នា និង​ការលេង​កីឡា គឺ​ចៀសវាង​ពួកគេ​ទៅ​ធ្វើ​អំពើ​ភ្លើតភ្លើន​នៅ​ថ្ងៃ​នេះ​ដែល​ប្រាសចាក​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ការផ្សារភ្ជាប់​ក្រុម​ជម្រើស​ជាតិ​នេះ​ទៅ​នឹង​ការងារ​សង្គម​នេះ​វា​ស្ថិត​នៅក្នុង​ផែនការ​របស់​យើង អ៊ីចឹង​យើង​នឹង​ខំប្រឹង​ព្យាយាម​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា​ការធ្វើ​ការងារ​សង្គម​ជាមួយ​មនុស្ស​ចាស់ជរា ជនពិការ ឬ​កុមារ​គថ្លឹង​ទៅ​តាម​ទីតាំង​ផ្សេងៗ​ទៀត​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​ផង​ដែរ​»​។

ចំណែក​លោក ចាន់ វាសនា គ្រូបង្វឹក​បាល់ទាត់​នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​បាន​និយាយ​ក្រោយ​ការហាត់​រួម​គ្នា​ជាមួយ​ក្រុម​ U22 ​កម្ពុជា​ថា​៖ «​ការ​មក​ចែករំលែក​បទពិសោធរ​បស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​ ២២ ​ឆ្នាំ​នៅពេល​នេះ​វា​ជា​រឿង​ដ៏ល្អ​មួយ​សម្រាប់​ពួកយើង ព្រោះ​ពួកយើង​បាន​ទទួល​នូវ​ចំណេះដឹង​ដែល​ថ្មី​ពី​ពួកគាត់​ដូចជា ការប៉ះបាល់ ការគ្រប់គ្រង​បាល់ ជំហរ​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី និង តាក់ទិច​មួយ​ចំនួន​ទៀត​អ៊ីចឹង​ការចែករំលែក​នៅ​ថ្ងៃ​នេះ​នឹង​ធ្វើឲ្យ​យុវជន​របស់​យើង​មាន​ការយល់ដឹង​ពី​របៀប​នៃ​ការលេង​បាល់ កាន់តែ​ច្រើន​»៕