ភ្នំពេញៈ ក្រុមបឹងកេត និងក្រុមវិសាខា សុទ្ធតែទទួលបាន ៣ ពិន្ទុបន្ថែម សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ ២០១៨ កាលពីថ្ងៃសៅរ៍ ឯក្រុម ព្រះខ័នរាជស្វាយរៀង បានចែកគ្នាម្នាក់ ១ ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ហើយ៤ ក្រុមទៀត ត្រូវប្រកួតប្រជែងគ្នា នៅថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកក្រុម ដែលទទួលបានជ័យជម្នះ។
សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនោះ ក្រុមបឹងកេត បានវាយបកយកឈ្នះក្រុមសូលទីឡូអង្គរ ២-១ ដើម្បីបំពេញការខកចិត្តចំពោះលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ កន្លងមក។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius បានរកឃើញគ្រាប់បាល់នាំមុខឲ្យក្រុមបឹងកេត នៅត្រឹមនាទី៨ ប៉ុន្តែអតីតខ្សែប្រយុទ្ធបឹងកេត គឺ Bata បានវាយបកតាមស្មើឲ្យក្រុមសូលទីឡូអង្គរ នៅនាទីទី១៤។ យ៉ាងណាក៏ដោយ នៅនាទីទី៧៦ Gbenga បានរកឃើញគ្រាប់បាល់ជ័យជម្នះ ដើម្បីជួយឲ្យក្រុមបឹងកេត បន្តឈរនៅលេខ១ ដោយមាន៣៩ពិន្ទុ។
ចំណែកក្រុមវិសាខា បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-២ ដើម្បីសម្រេចការសងសឹករបស់ខ្លួន ចំពោះការចាញ់អាស៊ីអឺរ៉ុប ២-០ កាលពីជើងទី១។ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ខ្សែប្រយុទ្ធ កូរ៉េខាងជើង Kyong Hun Kim បានរកគ្រាប់នាំមុខឲ្យវិសាខា នៅត្រឹមនាទីទី៤ ប៉ុន្តែក្នុងនាទីដដែលនេះ George Kelechi បានស៊ុតតាមស្មើឲ្យក្រុមអាស៊ីអឺរ៉ុប វិញ។
ជាមួយលទ្ធផលនេះកីឡាករកូរ៉េខាងជើង Hyok Chol Ri បានស៊ុតទម្លុះសំណាញ់ទីក្រុមអាស៊ីអឺរ៉ុប ដើម្បីជួយឲ្យវិសាខា នាំមុខ ២-១ ជាថ្មីម្តងទៀត នៅនាទីទី ៣២ គឺមុនពេល George Kelechi បានធ្វើឲ្យអាស៊ីអឺរ៉ុប បាត់ឱកាសមាស ជាមួយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ មិនបានសម្រេចរបស់គេ ហើយក្រោយមកខ្សែប្រយុទ្ធ កែវ សុខផេង បានបន្ថែម១គ្រាប់ឲ្យ វិសាខា នៅនាទីទី ៥៦។
បន្ថែមលើនាំមុខ ៣-១ នេះ ម៉ាត់ សាក់រ៉ូវី បានរកគ្រាប់គ្រាប់បាល់ទី៤ឲ្យក្រុមវិសាខា នៅនាទីទីបន្ថែម ៩០+១ ប៉ុន្តែ Privat វាយបកបាន ១ គ្រាប់ឲ្យអាស៊ីអឺរ៉ុបវិញ នៅនាទីទីបន្ថែម ៩០+៦។ លទ្ធផលឈ្នះ ៤-២ នេះបានជួយឲ្យ វិសាខា ឡើងទៅឈរនៅលេខរៀងទី ២ ជាបណ្តោះអាសន្ន ដោយមាន ៣៥ពិន្ទុ ខណៈក្រុមមាន៣២ពិន្ទុស្រាប់ ណាហ្គាវើល បានលើកពេលប្រកួតជាមួយក្រុមភ្នំពេញក្រោន នោះ។
យ៉ាងណាមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ នៅលើទឹកដីខេត្តសៀមរាប។ កីឡាករ តាំង សុភ័ក្រ្ត បានរកគ្រាប់បាល់នាំមុខឲ្យ អង្គរថាយហ្គឺរ នៅនាទីទី ១៩ ប៉ុន្តែខ្សែប្រយុទ្ធ Barboza បានរកគ្រាប់បាល់តាមស្មើឲ្យស្វាយរៀង នៅនាទីទី ៦០ ហើយលទ្ធផលស្មើនេះ វាបានជារឿងដ៏ល្អមួយចំពោះក្រុមស្វាយរៀង ព្រោះកាលប្រកួតជើងទី១ ពួកគេបានចាញ់ក្រុមអង្គរថាយហ្គឺរ ៣-១។ លទ្ធផលនេះ នាំឲ្យក្រុមស្វាយរៀង ឡើងមកឈរនៅលេខ៥ ដោយមាន២១ពិន្ទុ ឯអង្គរថាយហ្គឺរ មាន ១៣ ពិន្ទុ និងបន្តឈរនៅលេខ ១០ ដដែល។
ដោយឡែក ក្រុមក្រសួងការពារជាតិ (ទ័ព) ដែលកំពុងឈរនៅលេខ ៤ មាន ៣០ ពិន្ទុនោះ ត្រូវវិលទៅជួបក្រុមវេស្ទើន ដែលពួកគេធ្លាប់លត់ ៨-០ នៅកីឡដ្ឋានវេស្ទើន នារសៀលម៉ោង ៣:០០ ថ្ងៃអាទិត្យនេះ ហើយការប្រកួតនេះត្រូវបានគេមើលឃើញថា ទ័ព អាចនឹងឈ្នះបាន ៣ ពិន្ទុបន្ថែម។ រីឯក្រុមប៉ូលិស ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ដែលពួកគេ ធ្លាប់ឈ្នះ ៤-១ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:០០ ថ្ងៃអាទិត្យនេះដែរ៕