ភ្នំពេញៈ ​ក្រុម​វិសាខា និង​អគ្គិសនី​កម្ពុជា (EDC) សុទ្ធ​តែ​​មិន​អាច​សម្រេច​គោល​ដៅ ក្នុងការ​វាយ​បក​យក​ឈ្នះលើ​​ក្រុម​​ព្រះខ័នរាជស្វាយ​រៀង និង ​ភ្នំពេញ​ក្រោន ក្នុងការ​ប្រកួត​កាត់​សេចក្តី​ជើងទី ​២ វគ្គ ​១៦ ​ក្រុម​ថ្នាក់​ជាតិ ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១២ ឆ្នាំ​ ២០១៨ កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិល​មិញ ដែល​ធ្វើ​ឲ្យក្រុម​ទាំង​២​នេះ ​បាត់​បង់​ឱកាស​ទៅ​វគ្គ​បន្ត​ដូច​គ្នា។

ផ្ទុយ​ពី​នេះ​ក្រុម​ប៉ូលិស និង​អង្គរ​ថាយហ្គឺរ សុទ្ធតែ​បាន​រក​ឃើញ​នូវ​ជ័យ​ជម្នះ​រៀងៗ​ខ្លួន ដើម្បី​លុប​ចោល​នូវ​​លទ្ធ​ផល​ស្មើ សម្រាប់​ការ​ប្រកួត​ជើង​ទី ​១ ​ជាមួយ​ក្រុមគិរីវង់អេហ្វស៊ី និង​សូលទីឡូអង្គរ។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ប៉ូលិស និង​អង្គរថាយហ្គឺរ ​បាន​​ឡើង​ទៅ​វគ្គ ​៨ ​ក្រុម​ជាមួយ​ក្រុម​បឹង​កេត ក្រសួងការពារជាតិ ព្រះខ័ន​រាជស្វាយរៀង ភ្នំពេញ​ក្រោន និង​ណាហ្គាវើល។

​សម្រាប់​ការ​ប្រកួត នៅ​​កីឡដ្ឋាន​ស្តាតចាស់ កាល​ពី​យប់​ថ្ងៃពុធ ម្សិល​មិញ​នោះ ខ្សែ​​ការពារជើង​ចាស់ ទៀន ទីនី បានជួយ​ឲ្យ​ក្រុម​វិសាខា នាំ​មុខ​​ក្រុមស្វាយ​រៀង ១-០ នៅ​នាទីទី​ ៧៣ ប៉ុន្តែ លី សារ័ត្ន បាន​ស៊ុត​តាម​ស្មើ​ឲ្យក្រុម​ស្វាយ​រៀង នៅនាទីទី​ ៧៧ ហើយ​លទ្ធផល​ស្មើ​គ្នា ១-១ នេះ​បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក ​ស្វាយ​រៀង ​ឡើង​ទៅ​វគ្គ ៨​ ក្រុម​​​បន្ត តែ​ក្រុម​​វិសាខា ​បាន​​ធ្លាក់​​ត្រឹម​វគ្គ ​១៦ ​ក្រុម​នេះ ព្រោះ​ការ​ប្រកួត​ជើង​ទី ​១ ពួក​គេ​បាន​ចាញ់​ក្រុម​ស្វាយរៀង ១-០។

ទាក់​ទៅ​នឹង​លទ្ធ​ផល​នេះ លោក ហុក សុជីវ័ន គ្រូ​បង្វឹក​ក្រុម​វិសាខា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នេះ​បន្តិច​ថា៖ ​«​យើង​បាន​ដាក់​​គំនាប​គេ​ច្រើន ប៉ុន្តែ​​​ខ្សែ​ប្រយុទ្ធ​របស់​យើងនៅ​មាន​កម្រិត​នូវ​ឡើយ អត់​សូវមានធ្វើអី​ឲ្យ​គេ​បារម្ភ​ទេ ហើយ​តំបន់​កណ្តាល​របស់​យើង ក៏​​លេង​មិន​សូវ​យល់​ចិត្ត​គ្នា​ប៉ុន្មាន​ដែរ ដោយ​សារ​យើង​បាន​ដាក់​កីឡាករ​ថ្មីៗ ​ឲ្យ​ចូល​លេង​ជាមួយ​គ្នា ដោយ​មិន​បាន​ហ្វឹក​ហាត់​រួម​គ្នា និង​ធ្លាប់​លេង​ជាមួយ​គ្នា កន្លង​មក»។

ទោះ​បីជា​យ៉ាង​ណា លោក ហុក សុជីវ័ន មិន​បាន​បង្ហាញ​ការ​សោកស្តាយ ចំពោះ​ការ​​​ចាញ់​ក្រុម​ស្វាយ​រៀង និង​បាន​ធ្លាក់​ពី​ពាន​សម្តេច​ហ៊ុន សែន ត្រឹម​វគ្គ ​១៦ ​ក្រុម​នេះ​ទេ។ លោក​បាន​និយាយ​ថា៖​ «​ការ​​ទទួល​បាន​លទ្ធផល​ប៉ុណ្ណោះ គឺ​សម្រាប់​ខ្ញុំ វា​ល្អ​ហើយ ព្រោះ​យើង​មិន​មែនមក​ប៉ះ​ក្រុម​មួយ ដែល​អត់​ជាង​យើង​នោះ​ទេ គឺ​យើង​ជួប​ក្រុម​ ដែល​សម្បូរ​កីឡាករ​ល្អ ហើយ​ធន​ធាន​របស់​គេ បានលេង​ជាមួយ​គ្នា​​រាប់​ឆ្នាំ​មក​ហើយ មិនក្រោម​ ៥ ឆ្នាំទេ​ អ៊ីចឹង​ការ​ទទួល​បាន​លទ្ធផល​ប៉ុណ្ណឹង វា​ល្អ​សម្រាប់​ក្រុម​របស់​យើង​ហើយ»។

ដូច​គ្នា​នេះ​ដែរ ក្រុម​អគ្គិសនី​កម្ពុជា ដែល​រំពឹង​ថា អាច​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ដើម្បី​លុប​ចោល​ការ​ចាញ់ ១-០ ក្នុង​ជើង​ទី ​១ ​នោះ គឺ​បាន​ជួប​ការ​ខក​ចិត្តកាន់​តែ​ខ្លាំង ព្រោះ​ពួក​គេ បាន​បន្ត​ចាញ់​​​ភ្នំពេញ​ក្រោន ៤-០ បន្ថែម​ទៀត​ ហើយ​ការ​ចាញ់​សរុប ៥-០ នេះ​បាន​ធ្វើ​ឲ្យក្រុម​ធ្លាប់​ទទួល​បាន​លេខ​ ៣ កាល​ពី​ឆ្នាំ ​២០១៧ អគ្គិសនី​កម្ពុជា ធ្លាក់​ពី​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ ត្រឹម​វគ្គ​ ១៦ ​ក្រុម ដ៏​គួរ​ឲ្យសោក​ស្រាយ។

ផ្ទុយ​ពី​នេះ​​ក្រុម​​ក្រសួងការពារជាតិ បាន​លត់​​ក្រុម​អាស៊ីអឺរ៉ុប ៧-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៣-១ ក្នុង​ជើង​ទី ​១ ហើយ​ក្នុង​ការ​ប្រកួត​នេះ​ មាន​ហេតុ​ការណ៍​ដ៏​កម្រ​មួយ​បាន​កើត​ឡើង គឺ​ក្រុម​អាស៊ីអឺរ៉ុប ​​បាន​ដាក់​ខ្សែ​បម្រើ ម៉េត សុភ័ក្ត្រា ឲ្យ​ចូល​ចាំ​ទី នៅនាទីទី ៨​៤ ខណៈ​អ្នកចាំ​ទី គា ធារ៉ា បាន​ទទួល​កាត​ក្រហម ស្រប​ពេល​អាស៊ីអឺរ៉ុប បាន​ប្តូរ​កីឡករ​ឲ្យ​ចូល​លេង​គ្រប់​ចំនួន តាមការ​កំណត់នោះ។

ចំណែក​ក្រុម​​ម្ចាស់​ផ្ទះ​បឹង​​កេត ​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន ១-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៥-១ កាល​ពី​ជើង​ទី​១ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។ រីឯ​​ក្រុម​ប៉ូលិស ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់ ១-០ បន្ថែម​ទៅ​លើ​ការ​ស្មើ​គ្នា ២-២ ក្នុង​ជើង​ទី​ ១ ចំណែក​ក្រុម​​អង្គរថាយហ្គឺរ ​បាន​ឈ្នះ​ក្រុមសូលទីឡូអង្គរ ១-០ បន្ថែម​ទៅ​ស្មើ ២-២ ក្នុង​ជើង​ទី​ ១​ ដូច​គ្នា ដើម្បី​បាន​ឡើងទៅ​វគ្គ​បន្ត។

ដោយ​ឡែកជំនួប​លើក​ទី ​២ ​រវាងក្រុម​ណាហ្គាវើល និងក្រុម​ខេត្តកំពត​ ដែល​ត្រូវ​បានលើក​ពេលពី​ថ្ងៃ​ពុធ ​ធ្វើ​​​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍នេះ ​គឺ​កីឡាករ ឡេង មករា បាន​ជួយ​​ឲ្យ​ក្រុម​ណាហ្គាវើល តាម​ស្មើ​ក្រុម​កំពត ១-១ នៅនាទីទី​ ៨០។ ទោះ​​លទ្ធផល​នេះ មិនសូវ​សម​ទំនង​ទៅ​នឹងកម្រិត​លេង​របស់​ណាហ្គាវើល ប៉ុន្តែ​ការ​ឈ្នះ​​ក្រុមកំពត ៥-១ កាល​ពី​ជើង​ទី ​១ វា​​គ្រប់​គ្រាន់ ក្នុងការ​ជួយ​ឲ្យក្រុម​ណាហ្គាវើល ឡើង​ទៅ​វគ្គ​៨​ក្រុម​ទៅហើយ៕

​​​