ភ្នំពេញៈ ក្រុម​ចំណូល​ថ្មីមាន​សមត្ថ​ភាព​លេង​បានល្អ តែ​បែរ​ជាមក​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប កាល​មុន​ចូល​ឆ្នាំ​ខ្មែរគឺ វិសាខា គ្រោង​នឹង​ផ្លាស់​ប្តូរ​ជម្រើស ​១១​ នាក់​ដំបូង​ភាគ​ច្រើន ដើម្បី​កែ​ប្រែ​ស្ថាន​ភាព​ប្រកួត​ឲ្យ​ប្រសើរ​វិញ សម្រាប់​ការ​វិល​មក​កាន់​ទី​លាន​ជា​ថ្មី ក្នុង​ការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​២០១៨ នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ។

លោក ហុក សុជីវ័ន គ្រូ​បង្វឹក​ក្រុម​វិសាខា ហាក់​មិន​​មាន​ការ​បារម្ភ​ប៉ុន្មាន​ឡើយ សម្រាប់​ការ​វិល​មក​ជួប​ក្រុម​វេស្ទើន ដែល​បាន​ចាញ់​ទាំង ​៤ ​ប្រកួត និងកំពុង​ឈរ​នៅ​បាត​តារាង​មួយ​នេះ ប៉ុន្តែ​​ការ​ភ្លាត់​ទៅ​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ២-០ បន្ទាប់​ពី​ វិសាខា បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ២-០ និង​ស្មើ​ក្រុម​ភ្នំពេញ​ក្រោន ០-០ ​នោះ បាន​ក្លាយ​ជា​រឿង​អាក្រក់ ដែល​លោក សុជីវ័ន ​ត្រូវ​តែ​​ធ្វើ​ការ​ផ្លាស់ប្តូរជម្រើស​ ១១ នាក់​ដំបូង។

លោក ហុក សុជីវ័ន បាន​ប្រាប់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ថា៖ ​«​ការ​ជួប​ក្រុម​វេស្ទើន ​វា​មិន​អី​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​គ្រប់​ពេល បើ​ទោះ​បីជាយើង​ឃើញ​​ក្រុម​​គេ​រាង​ខ្សោយ និង ​បាន​ចាញ់ការ​ប្រកួតកន្លង​មក​ក៏​ដោយ ព្រោះសម្រាប់​ខ្ញុំ គ្រប់​ការ​ប្រកួត ​ទោះ​ខ្លាំង ឬ​ខ្សោយ ​គឺ​បាល់​ទាត់ អត់​មាន​អ្វី​ប្រាកដ​នោះ​ទេ។ យើង​មិន​អាច​គិត​ថា យើង​​មាន​សមត្ថភាព​ត្រឹម​ហ្នឹង យើងនឹង​​ឈ្នះ​រហូត​នោះ​ទេ ដ្បិតអី​ក្រុម​របស់​គេ ក៏​ខំ​ប្រឹងអភិវឌ្ឍ​បន្ថែម​ដែរ»។

កីឡាករ​ជម្រើស១១នាក់​ដំបូង​របស់​ក្រុម​វិសាខា ពេល​ក្រុម​មួយនេះ​បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ កន្លង​មក ប៉ុន្តែ​ពួក​គេ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ខ្លះ​ពេល​ជួប​ក្រុម​វេស្ទើន។ ស្រេង ម៉េងស្រ៊ុន

នៅ​ពេល​សួរ​ទៅ​ដល់​ការ​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ២-០ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ទី ​៧ ខែមេសា កន្លង​មក​នេះ លោក​ សុជីវ័ន បាន​បដិសេធ ក្នុងការ​បក​ស្រាយ​ពី​មូល​ហេតុ ដោយ​លោក​គ្រាន់​តែ​បង្ហើបថា ​​វា​មាន​បញ្ហា​ច្រើន​​ ដែល​ពិបាក​នឹង​រៀបរាប់​ឲ្យ​​អស់សេចក្តី។

ប៉ុន្តែ​លោក​បាន​និយាយ​ថា៖​ «​បន្ទាប់​ពី​បាន​ចាញ់​១​ប្រកួត យើង​បាន​ផ្លាស់​ប្តូរ​ច្រើន ព្រោះ​​ទម្លាប់​ដែល​អាក្រក់ៗ យើង​បាន​ដក​ចេញ ហើយ​យើង​ដាក់​ទៅ​វិញ​នូវ​អ្វី​ដែល​ជា​ទម្លាប់​ល្អ»។

លោក​បាន​បន្ថែម​ថា៖​«​កីឡាករ​ណា ដែល​គាត់​​ព្យាយាមឲ្យ​មាន​​នូវ​ទម្លាប់​ល្អ យើងនឹង​រៀបចំ​ឲ្យគាត់​មាន​ឱកាស​ច្រើន ក្នុងការ​លេង ដូច្នេះ​​ សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​វេស្ទើន ខាង​មុខ​នេះ យើងនឹង​មាន​ការ​ផ្លាស់​ប្តូរ​ជម្រើស​ ១១ នាក់​ដំបូង​ភាគ​ច្រើន»។

ទោះបី​ជា​យ៉ាង​ណា គ្រូ​បង្វឹក​វ័យ​ក្មេង​រូបនេះ មិន​បាន​គូស​បញ្ជាក់​ពី​សមត្ថ​ភាព​កីឡាករ​ ដែល​ត្រូវ​ដក​ចេញ​ពី​ជម្រើស ​១១ នាក់​ដំបូង និង​កីឡាករ ដែល​ដាក់​ជំនួស​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា៖​«យើងនឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទាំង​កីឡាករ​បរទេស និង ​ខ្មែរ ដោយ​យើង​នឹង​ដាក់​កីឡាករ ដែល​មាន​ទម្លាប់​លេង​ល្អ និង ​​គោរព​វិន័យ​បាន​ល្អ ឲ្យ​ចូល​លេងវិញ​ម្តង»។

គួរ​បញ្ជាក់​ដែរ ការ​ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ២-០ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​វិសាខា ដែល​​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ទៅ​ហើយ​នោះ គឺ​បាន​ធ្លាក់​មក​ឈរ​នៅលេខ​រៀង​ទី ​៦ ដោយ​មាន ​៧ ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ប៉ូលិស និង​ភ្នំពេញ​ក្រោន ខណៈ​ក្រុម​ ណាហ្គាវើល ​បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ​ជា​បណ្តោះ​អាសន្ន ដោយ​មាន​ ១០ ​ពិន្ទុ ស្មើ​ជាមួយ​ក្រុម ​បឹង​កេត ដែល​ឈរ​នៅ​លេខ ​២ ហើយ​ក្រុម​ក្រសួងការពារជាតិ កំពុង​ឈរ​នៅ​លេខ ​៣ ដោយ​មាន​ ​៩ ​ពិន្ទុ៕