ក្រុងប៊ែរឡាំង៖ ក្លិបបាល់ទាត់នៅក្របខ័ណ្ឌកំពូលទាំង ២ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ យល់ស្របនឹងគម្រោង ដែលគ្រោងឡើងដោយអ្នកគ្រប់គ្រងលីកក្នុងការអនុញ្ញាតឲ្យមានអ្នកគាំទ្រក្នុងកីឡដ្ឋានវិញ ដោយមានចំនួនកំណត់ចាប់ពីពាក់កណ្ដាលខែកញ្ញា តទៅ បើទោះកំពុងមានការរាលដាលពីវីរុសកូរ៉ូណាក៏ដោយ។
យោងតាមគម្រោង ដែលលើកឡើងដោយលីកបាល់ទាត់អាជីពអាល្លឺម៉ង់ (DFL) សម្រាប់រដូវកាលថ្មី ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី ១៨ ខែកញ្ញា ក្លិបទាំងអស់របស់លីកបានព្រមព្រៀងលើចំណុច ៤ សំខាន់ៗ ដូចជា ទី១ អ្នកគាំទ្រត្រូវអង្គុយតែ ១ កន្លែង ទី២ សំបុត្រនឹងត្រូវរៀបចំក្នុងលក្ខណៈឯកជន ដើម្បីអ្នកចូលមើលនោះ អាចត្រូវតាមដានបាន ទី៣ មិនត្រូវមានជាតិអាល់កុលរហូតដល់ខែតុលា និងទី៤ អ្នកគាំទ្ររបស់ក្រុមភ្ញៀវ នឹងមិនអាចចូលរួមបានឡើយរហូតដល់ដំណាច់ឆ្នាំ។
តែយ៉ាងណា គម្រោងនេះ ចាំបាច់ត្រូវដាក់ឲ្យអាជ្ញាធរធ្វើការអនុម័តសិន ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរដ្ឋទាំង ១៦ របស់ប្រទេស នឹងជួបប្រជុំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាជុំវិញករណីនេះ។ ប្រទេសអាល្លឺម៉ង់ ត្រូវបានកត់ត្រាអ្នកឆ្លងវីរុសកូរ៉ូណានេះ ចំនួន ២១១ ២៨១ ករណី ក្នុងនោះមានអ្នកស្លាប់ ៩ ១៥៦ នាក់ ហើយកាលពីខែមេសា ថ្នាក់ដឹកនាំប្រទេសចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។
តែការព្រួយបារម្ភ កំពុងមានកាន់តែខ្លាំងចំពោះរលកទី២ នៃជំងឺផ្លូវដង្ហើមថ្មីនេះ ដោយសារចំនួនអ្នកឆ្លងប្រចាំថ្ងៃ កំពុងកើនឡើងបណ្ដើរៗ ដោយប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានឡើងដល់កម្រិតមួយ ដែលមិនធ្លាប់មានគិតតាំងពីខែឧសភាមក។
ក្រោយមានកិច្ចប្រជុំសិប្បនិមិ្មតមួយ នាយកប្រតិបត្តិរបស់ក្របខ័ណ្ឌ Bundesliga លោក Christian Seifert បានថ្លែងឲ្យដឹងថា៖ «អាទិភាពចម្បងនៅអាល្លឺម៉ង់នាពេលនេះ មិនមែនរឿងកីឡដ្ឋានអត់មានមនុស្សពេញទេ តែបញ្ហាសុខភាពរបស់ប្រជាជន។ តើអ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងកីឡដ្ឋានវិញ នៅពេលណា និងចំនួនប៉ុន្មាន? មិនមែនជាការសម្រេចរបស់ DFL នោះទេ»។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ Seifert បាននិយាយដែរថា អត្រាអ្នកឆ្លងត្រូវតែពិនិត្យតាមដានដោយយកចិត្តទុកដាក់ និងមិនត្រូវមើលស្រាលជាដាច់ខាត ដោយលោកបានថ្លែងបន្តថា៖ «បាល់ទាត់អាជីពអាចត្រឹមតែធ្វើការត្រឡប់ទៅរកភាពប្រក្រតីវិញសន្សឹមៗ។ យើងនឹងត្រូវតែធ្វើឲ្យមានប្រក្រតីភាពឡើងវិញជាមួយនឹងជំហានតូចៗ ព្រោះយើងមិនអាចចាប់រាប់ពីលេខ ០ ទៅដល់លេខ ១០០ បានភ្លាមនោះទេ»៕ AFP/VN