ភ្នំពេញ៖ ក្លិប​ដែល​មាន​មូលដ្ឋាន​រឹងមាំ​ចំនួន ៤ មាន​ព្រះខ័នរាជ​ស្វាយរៀង ណាហ្គាវើល វិសាខា និង​អង្គរ​ថាយហ្គឺរ នឹង​ត្រូវ​វិល​មក​ជួប​គ្នា​នៅ​លើ​វាលស្មៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ប្រជែង​គ្នា​យក ​៣ ពិន្ទុ សម្រាប់​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​ចំណែក​ខ្សែ​បម្រើ​ ម៉ាត់ យ៉ាម៉ីន ដែល​​ត្រូវ​បាន​ក្លិប​បឹង​កេត​ផ្តាច់​កុងត្រា​មុន​ពេល​កំណត់​នោះ រក​បាន​ទ្រនំ​ថ្មី​សម្រាប់​ការ​វិល​​មក​កាន់​ទីលាន​ប្រកួត​វិញ​ហើយ។

នៅ​ក្នុង​ការ​ប្រកួត​​ប្រចាំ​សប្តាហ៍​ទី ១១ នេះ ក្រុម​ណាហ្គាវើល នឹង​ត្រូវ​ស្វាគមន៍​ក្រុម​លេខ ​១ មិន​ទាន់​ស្គាល់​ការ​ចាញ់​ព្រះខ័នរាជ​ស្វាយរៀង។ ក្រុម​​ណាហ្គាវើល បាន​ចាត់​ទុក​ការ​ជំនួប​លើក​នេះ គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​​របស់​ពួក​គេ ហើយ​ណាហ្គាវើល បាន​បញ្ជាក់​នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន​ថា ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ទទួល​ភ្ញៀវ​ដ៏​ពិសេស​ក្នុង​សប្តាហ៍​នេះ។

ចំពោះ​ការ​វិល​មក​ជួប​រវាង​ក្លិប យក្ស​ទាំង ​២ ​នេះ ក្រុម​មាន ​២៥ ពិន្ទុ ស្វាយរៀង ត្រូវ​ការ​ឈ្នះ​ខ្លាំង ដើម្បី​រក្សា​តំបន់​កំពូល​តារាង​ពី​ការ​ប្រជែង​របស់​ក្រុម​បឹងកេត ដែល​កំពុង​ឈរ​នៅ​លេខ ​២ មាន ​២៣ ​ពិន្ទុ ព្រោះ​នៅ​សប្តាហ៍​នេះ បឹងកេត នឹង​ឈ្នះ​បាន ​៣ ពិន្ទុ ដោយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ឡើយ ចំណែក ក្រុម​មាន ​២១ ​ពិន្ទុ ​ណាហ្គាវើល ក៏​ត្រូវ​ការ​ឈ្នះ ៣ ពិន្ទុ ដើម្បី​រក្សា​ទីតាំង​លេខ ​៣ ​របស់​ពួក​គេ​ដូច​គ្នា។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង បាន​ប្រាប់​ថា៖ ​«យើង​ពិត​ជា​ចង់​ឈ្នះ ​៣ ពិន្ទុ ដើម្បី​រក្សា​តំបន់​កំពូល​របស់​យើង ប៉ុន្តែ​ណាហ្គាវើល ជា​ឧបសគ្គ ​១ ក្នុង​ចំណោម​ឧបសគ្គ​ធំ​ទាំង ​២ ដែល​យើង​ត្រូវ​ប្រឈម សម្រាប់​ការ​ប្រកួត​នៅ​សល់​ក្នុង​ជើង​ទី ​១ ​នេះ ហេតុ​នេះ​យើង​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព និង​លេង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​សម្រាប់​ការ​ប្រកួត​លើក​នេះ»។

ចំណែក​ក្រុម​កំពុង​ឈរ​នៅ​លេខ ​៤ មាន ១៩ ពិន្ទុ ​វិសាខា ត្រូវ​ទទួល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប អង្គរថាយហ្គឺរ។ អង្គរ​ថាយហ្គឺរ ដែល​ទើប​​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៧ មាន ​១៥ ពិន្ទុ​នោះ ពិត​ជា​ត្រូវ​ការ​ឈ្នះ​ខ្លាំង​បំផុត ដើម្បី​អាច​ឡើង​មក​កាន់​តំបន់​កំពូល​តារាង​ទាំង ​៦ (Top6)វិញ ព្រោះ​មាន​តែ​ក្រុម Top6 ប៉ុណ្ណោះ ដែល​​អាច​មាន​សិទ្ធិ​ប្រកួត​ប្រជែង​យក​ពាន​នៅ​ជើង​ទី​២។

លោក អ៊ុំ ករុណា លេខាធិការក្លិប​អង្គរថាយហ្គឺរ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ ​«យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង អ៊ីចឹង​យើង​​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​កាន់​តែ​ខ្លាំង ព្រោះ​យើង​ចង់​ឡើង​មក​ឈរ​នៅ​តំបន់ Top6 វិញ។ យើង​ដឹង​ថា វិសាខា ជា​ក្រុម​ខ្លាំង​ដែល​ជំនួប ​៤ លើក​ចុង​ក្រោយ​នេះ យើង​ឈ្នះ​បាន​តែ ១ លើក​គត់ និង​ចាញ់ ​៣ ​លើក ប៉ុន្តែ​យើង​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​យើង​ពិត​ជា​ចង់​ឈ្នះ ​៣ ពិន្ទុ ហើយ​យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​ដោយ​សង្ឃឹម​ថា យើង​នឹង​ទទួល​​បាន​លទ្ធផល​ល្អ»។

ដោយ​ឡែក ខ្សែ​បម្រើ​​ដ៏​មាន​សមត្ថភាព ម៉ាត់ យ៉ាម៉ីន ដែល​ត្រូវ​បាន​ក្លិប​បឹង​កេត​បញ្ចប់​កុងត្រា មុន​ពេល​កំណត់ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ ​២០២០ បន្ទាប់​ពី យ៉ាម៊ីន​ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​កណ្តាល​យប់ ​នៅ​ក្នុង​ចំណោម​មនុស្ស ៥២ នាក់ (ស្រី ​១៨ នាក់) ​ជុំវិញ​​ការ​ប្រើប្រាស់​ថ្នាំ​គ្រវី នៅ​មណ្ឌល​កម្សាន្ត​ផ្លាយ​នោះ គឺ​ពេល​នេះ​រូប​គេ​រក​បាន​ទ្រនំ​ថ្មី​ហើយ។

ម៉ាត់ យ៉ាម៉ីន បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប​នគរបាលជាតិ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​តាមរយៈ​កុងត្រា ១ រដូវកាល​កន្លះ​នេះ យ៉ាម៉ីន នឹង​​ត្រូវ​បង្ហាញ​វត្តមាន​សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ​នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០២០ ​នេះ រហូត​ដល់​ឆ្នាំ ​២០២១ ហើយ​លោក សារ៉េត ស៊ីដន នាយក​ផ្នែក​រដ្ឋបាល​ក្លិប​នគរបាលជាតិ បាន​អះអាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា នឹង​ផ្ដល់​ឱកាស​ឲ្យ យ៉ាម៉ីន បាន​​បង្ហាញ​សមត្ថភាព ​ដើម្បី​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​វិញ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-គិរីវង់ v ភ្នំពេញ​ក្រោន កីឡដ្ឋាន​គិរីវង់​សុខសែនជ័យ ៣:៣០

-វិសាខា v អង្គរថាយហ្គឺរ​ កីឡដ្ឋាន​ព្រីនស៍ ៦:០០

-ណាហ្គាវើល v ស្វាយរៀង កីឡដ្ឋាន​ស្តាតចាស់ ៦:០០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-សូលទីឡូអង្គរ v អគ្គិសនី​កម្ពុជា កីឡដ្ឋាន SRU ៣:៣០

-នគរបាលជាតិ v អាស៊ីអឺរ៉ុប កីឡដ្ឋាន AEU ៣:៣០

-បឹងកេត v យុវជន​បាល់​ទាត់​ជាតិ​ កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ ៣:៣០