ភ្នំពេញៈ ក្រុមគិរីវង់សុខសែន ជ័យ បានបង្ហាញភាពសប្បាយរីករាយខ្លាំង ចំពោះការទទួលបានឱកាសទៅលើកំពូលតារាងនៃលីកកំពូលកម្ពុជាឆ្នាំ ២០១៩ ខណៈក្រុមមួយនេះបានខកខានឈរនៅទីតាំងមួយនេះអស់រយៈពេលជិត ១០ ឆ្នាំមកហើយនោះ ប៉ុន្តែក្រុមវិសាខាដែលគេមើលឃើញថា បានចាយលុយច្រើន ដើម្បីពង្រឹងគុណភាពលេង និងធនធានកីឡាករនោះ មិនអាចរកបាន ៣ ពិន្ទុនៅថ្ងៃបើកឆាកឡើយ។
លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «យើងធ្លាប់បានឈរនៅកំពូលតារាងបានម្តងកាលឆ្នាំ ២០០៩ ប៉ុន្តែក្រោយៗមកទៀតយើងមិនធ្លាប់ទៀតនោះទេ អ៊ីចឹងការឡើងទៅឈរនៅកំពូលតារាងលើកនេះបានធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាជននៅខេត្តតាកែវមានការអបអរខ្លាំង»។
សម្រាប់ការប្រកួតបើកឆាកលីកកំពូលកម្ពុជាឆ្នាំ ២០១៩ នេះក្រុមគិរីវង់បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-១ ប៉ុន្តែលោក ចាន់ផាត គិតថាគិរីវង់នឹងកាន់តែមានការលំបាកសម្រាប់ការប្រកួតក្រោយៗទៀត។ លោកនិយាយថា៖ «យើងធ្វើបានល្អច្រើនហើយ ប៉ុន្តែយើងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ព្រោះការប្រកួតក្រោយៗទៀតវានឹងមានការលំបាកជាងពេល ដែលយើងយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទីលើកនេះ»។
ដោយឡែកក្រុមវិសាខាមិនអាចបង្ហាញភាពខ្លាំងសម្រាប់ការប្រកួតបើកឆាក នៅលើទឹកដីខ្លួនឯងនោះទេ ខណៈពួកគេបានត្រឹមស្មើក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ០-០ នោះ ហើយលទ្ធផលនេះត្រូវបានលោក ហុក សុជីវ័ន មើលឃើញថាមកពីតំបន់ប្រយុទ្ធរបស់ក្រុមវិសាខាលេងមិនទាន់មានភាពស៊ីចង្វាក់គ្នា។
លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខាបាននិយាយក្រោយការប្រកួតថា៖ «ទម្រង់នៃការលេងនៅតំបន់ការពាររបស់យើងគឺយើងធ្វើបានល្អច្រើន ប៉ុន្តែការលេងនៅតំបន់ប្រយុទ្ធរបស់យើងមិនសូវស៊ីចង្វាក់គ្នាទេគឺនៅស្ទើរនៅឡើយ។ ពេលខ្លះគាត់ធ្វើបាន តែការសម្រេចទីចុងក្រោយទីចុងក្រោយគឺមិនបានដូចអ្វីដែលយើងចង់បាន»។
ចំណែកក្រុមម្ចាស់ជើងឯក ណាហ្គាវើល បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបត្រឹម ១-០ ទាំងលំបាក ហើយក្រុមជើងឯករងបឹងកេតក៏បានយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ ទាំងភិតភ័យផងដែរ។ រីឯក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមប៉ូលិសដែលដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ២-០ ដើម្បីឡើងទៅឈរនៅលេខរៀងទី ២ ជាបណ្តោះអាសន្ន។
ផ្ទុយពីនេះក្រុមក្រសួងការពារជាតិ (ទ័ព) ដែលរំពឹងទទួលបាន ៣ ពិន្ទុក្នុងការប្រកួតបើកឆាកនេះក៏ទទួលបានការខកចិត្តដូចក្រុមវិសាខាផងដែរ ខណៈពួកគេបានត្រឹមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរនោះ ប៉ុន្តែក្រុមចំណូលថ្មី ខ្ចីបទពិសោធរបស់ខេត្តកំពង់ចាមបែរជាអាចយកឈ្នះក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជាក្នុងលទ្ធផល ១-០ ដើម្បីទទួលបាន ៣ ពិន្ទុ សម្រាប់ការបង្ហាញខ្លួនលើកទី ១ របស់ពួកគេ៕