ភ្នំពេញៈ កីឡាករ​​​មាន​ទម្រង់​លេង​ល្អ​ចំនួន​ ២២ ​នាក់ ត្រូវ​បាន​លោក ​ប្រាក់ សុវណ្ណារ៉ា កោះ​ហៅ​ជា​ថ្មី ​ឲ្យ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាអាយុ​ក្រោម​ ២១ ​ឆ្នាំ (U21) ដើម្បី​ត្រៀម​ទៅ​ចូល​រួម​​ការ​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹក​ដី​ប្រទេស​ប្រ៊ុយណេ ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី ​២៣ ខែមេសា ដល់​ថ្ងៃ​ទី​ ៦ ខែឧសភា ខាងមុខ​នេះ។

កីឡាករ​វ័យ​ក្មេងមាន​អាយុ​ក្រោម ​២១ ​ឆ្នាំ ប្រាក់ ធីវ៉ា, អ៊ិន សូដាវីដ, អ៊ន ចាន់ប៉ូលីន, អ៊ុក សុវណ្ណ, សឿត បារាំង, ស៊ិន កក្កដា, យ៉ើ សាហ្វី, គន្ធា រ៉ាវាន់, ប្រាក់ សុវណ្ណពិសិដ្ឋ, លី វ៉ាហេទ, សេត រ៉ូហ្ស៊ីប, កាន់ ពិសាល, សុខ ហៀង, ណារ៉ុង កក្កដា, ឆេង ម៉េង, កែវ សុខសិលា, ជា វណ្ណសាក់, ម៉ាត់ នូរុណ, ឡុង ភារ៉ាត់ គឺ​សុទ្ធតែ​មាន​ឈ្មោះ ​ត្រូវ​ទៅ​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​លើក​នេះ ហើយ​កីឡាករ​មាន​អាយុ​លើស​ ២១ ​ឆ្នាំ ​៣ ​នាក់ មាន​ ឃួន ឡាបូរ៉ាវី, សឿយ វិសាល និង សុះ ស៊ូហាណា ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​នោះ​ដែរ។

ទាក់​ទង​នឹង​កីឡាករ​​លើសអាយុ​​​ទាំង​ ៣​ នាក់​នេះ លោក ​ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​ថ្ងៃសុក្រ​នេះ​​ថា៖​ «​ការ​ដាក់​កីឡាករ​លើស​អាយុ​២១​ឆ្នាំ​ចំនួន​៣​នាក់​នេះ គឺ​យើង​បាន​ធ្វើ​ទៅ​តាម​បទបញ្ជា​នៃ​ការ​ប្រកួតនេះ ដែល​គេ​អនុញ្ញាត​ឲ្យ​ដាក់​កីឡាករ​លើស​អាយុ​បាន ​៣ ​នាក់ និងចូល​លេង​បាន​ទាំង​ ៣​ នាក់»។

នៅ​ពេល​សួរ​បញ្ជាក់​ពី​ការ​សម្រេច​​​ជ្រើស​រើសយក​​កីឡាករ​លើស​អាយុ​ ៣​ នាក់​​នេះ លោក ​ប្រាក់ សុវណ្ណារ៉ា ​បាន​គិត​ទៅ​ដល់​កីឡាករ​កម្ពុជា​ ៤​ រូប កំពុង​លេង​នៅ​លីក​កំពូល​ម៉ាឡេស៊ី ក្នុង​នោះ​​មាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង និង ធារី ចន្ថាប៊ីន ដែល​​លោក​មិន​អាច​យក​ពួក​គេ​មិន​លេង​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​នេះ​បាន។

លោក​បាន​និយាយ​ថា៖ ​«​ការ​ជ្រើស​រើស​យក​កីឡាករ​លើស​អាយុ​នេះ យើងមាន​បញ្ហា​ដែរ។ ឧទាហរណ៍​ដូចជា កីឡាករ​កម្ពុជា ៤ ​នាក់ ដែល​កំពុង​​តែ​លេង​នៅ​ម៉ាឡេស៊ី យើង​ពិបាក​ក្នុងការ​ហៅពួកគាត់មក​លេង ដោយ​សារ​តែ​ក្លិបទាំង​អស់​រវល់។ អ្វី​ដែល​សំខាន់ យើង​ត្រូវមាន​ការ​អនុគ្រោះ​ពី​ក្លិប ដូចជា​នៅ​លីក​របស់​យើង មាន​ការអនុគ្រោះ ប៉ុន្តែ​នៅ​ក្លិប​គេធំៗ គឺ​គេ​ពិបាក​បញ្ជូន​មក​ណាស់ ហើយ​ការ​រៀបចំទូទៅ​ជា​ច្រើន​ទៀត ក្នុងការ​យក​ពួក​គាត់ មក​លេង ក៏​មាន​បញ្ហា​ផងដែរ ទើប​យើងសម្រេច​យក​កីឡាករ​លេង​នៅ​ក្នុងស្រុក​តែ​ម្តង​ទៅ»។

លោក ​ប្រាក់ សុវណ្ណារ៉ា បាន​មើល​ទៅ​លើ​កូន​ក្រុម​របស់​លោក ពេល​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

មួយ​វិញ​ទៀត ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​ស្តេច​ប្រ៊ុយណេ​នេះ គឺក្រុមជម្រើសជាតិ​កម្ពុជា ទាំង​ ២២ ​នាក់​ខាង​លើ​នេះ មិន​បាន​ប្រមូលផ្តុំ​ហ្វឹក​ហាត់​នោះ​ទេ ដោយ​សារ​តែ​ម្នាក់ៗជាប់​រវល់​នៅតាម​ក្លិប​រៀងៗ​ខ្លួន ក្នុងការ​ត្រៀម​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ ​២០១៨ ដែល​នឹង​ត្រូវ​បើក​ការ​ប្រកួត​វិញ នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍នេះ មុន​ពេល​បន្ត​សម្រាក​រយៈ​ពេល ​២ ​ទៀត។

នៅ​ត្រង់​ចំណុច​នេះ លោក ​ប្រាក់ សុវណ្ណារ៉ា បាន​បន្ថែម​ថា៖​«​យើង​អត់​មាន​ពេល​វេលា​ក្នុងការ​ប្រមូល​ផ្តុំ​នោះ​ទេ ព្រោះ​​វា​មាន​ការ​ប៉ះ​ពាល់​ច្រើន ដោយ​សារ​ក្លិប​មួយៗ កំពុងមាន​ការ​មមាញឹក​ខ្លាំង ប៉ុន្តែ​ខ្ញុំ​គិត​ថា ស្ថាន​ភាព​ក្រុម​ផ្សេងៗ​ទៀត ដែល​ត្រៀម​ចូល​រួម​ការ​ប្រកួត​ពាន​នៅ​ប្រ៊ុយណេ​នោះ មិន​ខុស​ពី​យើង​នោះ​ទេ គឺមិនមាន​ពេលប្រមូល​ផ្តុំ​ច្រើន​ឡើយ ដោយ​សារ​នៅ​ប្រទេស​គេ ក៏​ជាប់​រវល់​ការ​ប្រកួត​លីក ដូច​តែ​យើង​ដែរ​ហ្នឹង»។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Hassanal Bolkiah Trophy 2018 នេះ ក្រុម​U21ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ឈរ​នៅ​ពូល​B ជាមួយ​ក្រុម​U21ឡាវ និង​សិង្ហបុរី ខណៈ​ក្រុមម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី បាន​ដក​ខ្លួន​ចេញ ដោយ​សារ​ជាប់​ប្រកួត​ពាន 2018 PSSI Anniversary Cup នោះ។ រីឯ​ពូល​Aមាន​ក្រុម​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ ថៃ មីយ៉ាន់ម៉ា និង​ទីម័រខាង​កើត៕