ភ្នំពេញៈ ក្រុម​ណាហ្គា​វើ​ល នឹងត្រូវ​ប្រកួត​ការពារ​ទីតាំង​លេខ ១ ពី​ការ​ប្រជែង​ដោយ​ប្រឈម​របស់​ក្រុម​បឹងកេត សម្រាប់​ការ​ប្រកួត បញ្ចប់​ជើង​ទី ១ នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នៅ​ចុង​សប្តាហ៍ នេះ ហើយ​វិសាខា និង​ក្រសួង​ការពារ​ជាតិ ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់ ក្នុង​ការ​ស្វែងរក ៣ ពិន្ទុ​បន្ថែម ដើម្បី​រក្សា​ទីតាំង​នៅ​តំបន់​កំពូល​តារាង​ទាំង ៤ (Top4) ក្នុង​ជើង​ទី ១ នេះ​ផង​ដែរ មុន​ពេល​បន្ត​ការ​ប្រកួត​នៅ​ជើង​ទី ២។

ការវិល​មកជួប​គ្នារ​វាង​ក្រុម​ណាហ្គា​វើ​ល និង​បឹងកេត នៅ​សប្តាហ៍​នេះ វា​មិន​ត្រឹមតែ​ជាការ​ប្រជែង​គ្នា​យក​ទីតាំង​លេខ ១ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់ និង​តាន​តឹង ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី អ្នក​ទស្សនា។ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម​ណាហ្គាវើល ហាក់​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ជួប​បឹងកេត នោះ​ទេ​។

លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ចំពោះ​ការ​ត្រៀម​ខ្លួន​របស់​យើង ដូចជា​មិន​ពិបាក​អ្វី​ខ្លាំង​ទេ គឺ​យើង​ត្រៀម នៅ​តែ​ត្រៀម ហើយ​ការ​ជួប​ក្រុម​ហ្នឹង (បឹងកេត) យើង​មិន​បារម្ភ​អី​ប៉ុន្មាន​ទេ»។

លោក មាស ចាន់ណា ដែល​ទើប​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល លត់​ក្រុម​វេ​ស្ទើ​ន រហូត​ដល់ ១០-១ កាល​ពី​សប្តាហ៍​មុន ដើម្បី​ដណ្តើម​យក​លេខ ១ ពី​ក្រុម​បឹងកេត​វិញ ដោយ​មាន ២៥ ពិន្ទុ លើស​បឹងកេត ១ ពិន្ទុ​នោះ បាន​បញ្ជាក់​ថា៖ «ការ​មិន​សូវ​បារម្ភ​នេះ ដោយសារ​តែ​កម្រិត​នៃ​ការ​យល់​ដឹង​កីឡាករ​របស់​ខ្ញុំ ដោយ​គាត់​ចាប់ផ្តើម​យល់​ខ្លាំង គឺ​យល់​ចិត្ត​គ្នា​ក្នុង​ការ​លេង ពិសេស​ពួក​គាត់​យល់​ពី​ស្ទីល និង​ទម្រង់​លេង​របស់​ខ្ញុំ»។

បន្ថែម​លើ​នេះ លោក មាស ចាន់ណា ក៏បាន​មើលឃើញ​ពី​ចំណុចខ្សោយ​របស់​បឹងកេត ផង ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ ក្នុង​ការ​លាត​ត្រដាង​រឿង​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា៖ «យើង​ក៏​ឃើញ​ពី​ចំណុច​លេង​របស់​គេ​ដែរ ប៉ុន្តែ​យើង​មិន​ទាន់​អាច​ប្រាប់​ថា យើង​ត្រូវ​លេង​ជាមួយ​គេ​យ៉ាង​ម៉េច​នោះ​ទេ ព្រោះ​បញ្ហា​នេះ វា​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ក្រុម ហើយ​ខ្ញុំ​មិន​ទាន់​សង្ឃឹម​ថា យើង​នឹង​ឈ្នះ ១០០ ភាគរយ​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​យើង​បាន​ស្មើ​ដែរ»។

ចំណែក​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត មិនអាច​ទាក់ទង​បានទេ កាលពី​ម្សិលមិញ ប៉ុន្តែ​គ្រូបង្វឹក​រូប​នេះ ធ្លាប់​បាន​សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុម​ណាហ្គាវើល​ថា លេង​បាន​ល្អ​ជាង​រដូវកាល​មុន។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹងថា រវាង​ណាហ្គា​វើ​ល និង​បឹងកេត តើ​ក្រុម​ណា អាច​ទទួល​បាន ៣ ពិន្ទុ​ឲ្យ​ប្រាកដ នៅ​ឡើយ​ទេ។

ដោយឡែក​ក្រុម​វិសាខា ដែល​កំពុង​ឈរ​នៅ​លេខ ៣ មាន ២០ ពិន្ទុ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ព្រោះ​លើក​នេះ ពួកគេ​ត្រូវ​ជួប​ក្រុម​ចំណូល​ថ្មី សូល​ទីឡូ​អង្គរ ដែល​កំពុង​ឈរ​នៅ​លេខ ១០ មាន ៨ ពិន្ទុ។ រីឯ​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) ត្រូវ​ប៉ះ​ក្រុម​ប៉ូលិស ហើយ​ជំនួប​នេះ អាច​មាន​ភាព​តាន​តឹង ព្រោះ​ក្រុម​ទាំង ២ នេះ ត្រូវការ​ឈ្នះ​ដាច់​ខាត​ដូចគ្នា ដ្បិត​អី​ពេល​នេះ​ទ័ព ឈរ​នៅ​លេខ ៤ មាន ១៨ ពិន្ទុ ឯ​ប៉ូលិស ឈរ​នៅ​លេខ ៥ មាន ១៧ ពិន្ទុ៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-អង្គ​រថា​យ​ហ្គឺ​រ v ភ្នំពេញ​ក្រោ​ន កីឡដ្ឋាន​ខេត្តសៀមរាប ៣:៣០

-សូល​ទី​ឡូ​អង្គរ v វិសាខា នៅ ពហុ​កីឡដ្ឋាន​ជាតិ ៦:០០

-ស្វាយរៀង v វេ​ស្ទើ​ន កីឡដ្ឋាន​ខេត្តស្វាយរៀង ៦:០០

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-អគ្គិសនី​កម្ពុជា v អាស៊ី​អឺរ៉ុប ម៉ោង ៣:០០

-ប៉ូលិស v ទ័ព ពហុ​កីឡដ្ឋាន​ជាតិ ម៉ោង ៣:០០

-បឹងកេត v ណាហ្គា​វើ​ល នៅ ពហុ​កីឡដ្ឋាន​ជាតិ ៦:៣០