ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​ក្រសួង ការពារជាតិ (ទ័ព បានចាត់ទុក​ការ​វាយបក​តាម​ស្មើ​ក្រុម​វេស្ទើន ក្នុងការ​ប្រកួត​ជើង​ទី ២ លីក​កំពូល​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត ដែល​ស្ទើរ​តែ​មិន​អាច​ទទួល​យក​បាន ប៉ុន្តែ​ក្រុម​បឹងកេត និង​វិសាខា សុទ្ធ​តែ​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ដើម្បី​ពង្រឹង​ឱកាស ក្នុង​ការ​ប្រកួត​យក​ពាន​លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នេះ។

លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ទ័ព បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ ការប្រកួត​ថា៖ «បើ​យើង​ប្រៀប​ធៀប​លទ្ធផល​ជើង​ទី ១ និង​លទ្ធផល​ការ​ប្រកួត​ជើង​ទី ២ នេះ គឺ​វា​ជា​លទ្ធផល​ដែល​អាក្រក់​បំផុត ស្ទើរ​តែ​មិន​អាច​ទទួល​យក​បាន»។

គួររំឭកថា ក្រុម​ទ័ព បាន​លត់​វេ​ស្ទើ​ន ៨-០ ក្នុង​ជើង​ទី ១ ប៉ុន្តែ​ការវិល​មកជួប​គ្នា​ក្នុង​ជើង​ទី ២ នៅ​កីឡដ្ឋាន​វេស្ទើន កាល​ពី​ថ្ងៃ​អាទិត្យ ទ័ព បាន​វាយ​បក​តាម​ស្មើ​ក្រុម​វេស្ទើន ៣-៣ នៅ​នាទី​ទី​បន្ថែម ៩០+៤។ ក្រុម​វេស្ទើន បាន​នាំមុខ ២-០ នៅ​តង់​ទី ១ ដែល​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Yuspen Uopdana នៅ​នាទី​ទី ១៤ និង​យ៉ាន់ សុខា នៅ​នាទី​ទី ៣៤ ប៉ុន្តែ Yoo Jaeho និង រ៉ឹង ប៊ុនហៀង រក​បាន​ម្នាក់ ១ គ្រាប់ តាម​ពី​ក្រោយ​នៅ​នាទី​ទី ៥៧ និង​នាទី​ទី ៦៩។

ការ​តាម​ស្មើ ២-២ នេះ​បានធ្វើ​ឲ្យ​អ្នកទស្សនា គិតថា ក្រុម​ទ័ព អាច​នឹង​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត ដើម្បី​យក​ឈ្នះ​ក្រុម​វេស្ទើន បន្ថែម​ទៅ​លើ​ជោគ​ជ័យ​យ៉ាង​ធំធេង​របស់​ពួកគេ​នៅ​ជើង​ទី ១ ប៉ុន្តែ​ក្តីបារម្ភ​បែរ​ជា​បាន​កើត​ឡើង​ចំពោះ​ក្រុម​ទ័ព ទៅ​វិញ ខណៈ​កីឡាករ​ទើប​ដាក់​ឲ្យ​ចូល​លេង កែវ ឧត្តម បាន​រក​ឃើញ​គ្រាប់​បាល់​ទី ៣ ឲ្យ​វេស្ទើន នៅ​នាទី​ទី ៨៦ នោះ តែ រ៉ឹង ប៊ុនហៀង បាន​រក​ឃើញ​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម​ទ័ព នៅ​នាទី​ទី​បន្ថែម ៩០+២។

លោក ភា សុ​ភ័​ក្ត្រា បាន​បន្ថែមថា៖ «យើង​លេង​ជា​ក្រុម​បានល្អ ហើយ​ខ្សែប្រយុទ្ធ​របស់​យើង​ក៏​លេង​បាន​ល្អ​ដែរ ប៉ុន្តែ​យើង error ខ្សែ​ការពារ​ម្នាក់ៗ ប៉ុន្តែ​កំហុស​នេះ ក៏​មក​ពី​ទីលាន​ផង​ដែរ ព្រោះ​ទីលាន​មិន​ស្មើ នាំ​ឲ្យ​យើង​ពិបាក​ប៉ាន់​ស្មាន​ខ្យល់​បាល់ គឺ​បាល់​ធ្លាក់​មក​វា​ខុស​ទៅ​នឹង​ទិស​ដៅ​ដែល​យើង​ខំ​ពាំង​យក​បាល់ ហើយ​នាំ​ឲ្យ​ខាង​គេ​អាច​ឆក់​បាល់​នោះ​បាន និង​ស៊ុត​បញ្ចូល​ទី​របស់​យើង​ដល់ ទៅ ៣ គ្រាប់»។

ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​មិន​បន្ទោស​កូនក្រុម​ខ្ញុំ​នោះទេ គឺ​យើង​មាន​តែ​លើក​ទឹកចិត្ត​ឲ្យ​ពួកគាត់​ខំ​ប្រឹង​បន្ថែម​ទៀត ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា សមត្ថភាព​លេង​របស់​វេស្ទើន ក្នុង​ជើង​ទី ២ នេះ មិន​មែន​ជា​សមត្ថភាព​ពេល​ប្រកួត​ជើង​ទី ១ នោះ​ទេ គឺ​ពួក​គាត់​មាន​កីឡាករ​បរទេស ដែល​មាន​ល្បឿន គឺ​ទោះ​ពួក​គាត់ មិន​ដែល​ឈ្នះ​ក្រុម​គេ​ពី​មុន​មក តែ​ក្នុង​ជើង​ទី ២ នេះ វេស្ទើន លេង​គ្រោះ​ថ្នាក់​ជាង​មុន»។

ផ្ទុយ​ពីនេះ​ក្រុម​បឹងកេត បាន​វាយបក​យកឈ្នះ​ក្រុម​សូល​ទី​ឡូអង្គរ ២-១ ដើម្បី​បំពេញ​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​ស្មើគ្នា ១-១ កាល​ពី​ជើង​ទី ១ កន្លង​មក ហើយ Oiboh Julius និង Gbenga ជា​អ្នក​ជួយ​ឲ្យ​បឹងកេត ឈ្នះ​លើក​នេះ ឯ ១ គ្រាប់​របស់​សូល​ទីឡូ​អង្គរ រក​បាន​ដោយ Bata។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​បឹងកេត បន្ត​ឈរ​នៅ​លេខ ១ មាន ៣៩ ពិន្ទុ។

ចំណែក​ក្រុម​វិសាខា បានឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-២ ដើម្បី​សម្រេចការ​សងសឹក​រប​ស់​ខ្លួន ចំពោះ​ការ​ចាញ់​អាស៊ី​អឺរ៉ុប ២-០ កាល​ពី​ជើង​ទី ១។ ខ្សែ​ប្រយុទ្ធ កូរ៉េខាងជើង Kyong Hun Kim, Hyok Chol Ri កែវ សុខផេង និង ម៉ាត់ សាក់រ៉ូវី សុទ្ធ​តែ​រក​បាន​ម្នាក់ ១ គ្រាប់ ជួយ​ឲ្យ វិសាខា ឈ្នះ​អាស៊ី​អឺរ៉ុប ៤-២ លើក​នេះ ឯ ២ គ្រាប់​របស់​អាស៊ី​អឺរ៉ុប រក​បាន​ដោយ George Kelechi និង Privat។

ការសម្រេច​សងសឹក លើ​ក្រុម​អាស៊ី​អឺរ៉ុប លើក​នេះ បាន​ជួយ​ឲ្យ វិសាខា ឡើងទៅ​ឈរ​នៅ​លេខ​រៀង​ទី ២ ជា​បណ្តោះ​អាសន្ន ដោយ​មាន ៣៥ ពិន្ទុ ខណៈ​ក្រុម​មាន ៣២ ពិន្ទុ​ស្រាប់ ណាហ្គាវើល បាន​លើក​ពេល​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នោះ។

ចំណែក​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​វាយបក​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ១-១ នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ហើយ​លទ្ធផល​ស្មើ​នេះ វា​ជា​រឿង​ដ៏​ល្អ​មួយ​ចំពោះ​ក្រុម​ស្វាយរៀង ព្រោះ​កាល​ប្រកួត​ជើង​ទី ១ ពួកគេ​បាន​ចាញ់​ក្រុម​អង្គរ​ថាយហ្គឺរ ៤-១។ រីឯ​ក្រុម​ប៉ូលិស បាន​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៤-១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិលមិញ៕