ក្រុងឡុងដ៍៖ លោក Ole Gunnar Solskjaer បានប្រាប់ក្រុមអ្នកគាំទ្រក្លិប Man Utd ដែលមិនសប្បាយចិត្តនឹងក្រុមម្ចាស់ក្លិបនេះថា ក្រុមបិសាចក្រហមត្រូវតែ «រួបរួមគ្នា» ក្រោយពីកូនក្រុមរបស់គាត់បានជួយឲ្យក្រុមនេះឡើងទៅជុំទី ៥ នៃការប្រកួត FA Cup តាមរយៈជ័យជម្នះទៅលើក្រុម Tranmere Rovers ៦-០។
ក្រុម Man Utd បានទៅដល់កីឡដ្ឋាន Prenton Park ក្រោយពីបានចាញ់ជាបន្តបន្ទាប់ចំពោះក្រុម Liverpool និងក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុមនេះបានទទួលជ័យជម្នះវិញ នៅរយៈពេល ៤ ថ្ងៃ ក្រោយពីនោះមក។
ការរកបានគ្រាប់បាល់របស់កីឡាករ Harry Maguire, Diogo Dalot, Jesse Lingard, Phil Jones, Anthony Martial និង Mason Greenwood បានជួយឲ្យក្រុម Man Utd មានអារម្មណ៍ល្អប្រសើរឡើងវិញ ហើយគ្រូបង្វឹកក្លិបនេះបានសរសើរចំពោះទម្រង់លេងរបស់ក្រុមគាត់ក្រោយពីពួកគេបានជួយឲ្យក្រុមនេះឡើងទៅវគ្គបន្ត។
លោក Solskjaer បានប្រាប់ BT Sport ថា៖ «ប្រសិនបើអ្នកចូលក្នុងអន្ទាក់នៃការលេងបាល់វែង និងខំប្រឹងប្រកួតនោះ យើងមិនស៊ាំនឹងទម្រង់បែបនោះទេ។ ពួកគេនឹងលេងល្អជាងយើងទៅទៀតដូច្នេះហើយយើងគ្រាន់តែសុំឲ្យកូនក្រុមយើងលេងតាមធម្មតា ហើយវាប្រព្រឹត្តទៅយ៉ាងល្អ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំគិតថា កូនក្រុមខ្ញុំលេងបាល់តាមទម្រង់ធម្មតាប៉ុន្តែពេលខ្លះវាជាទម្រង់លេងដ៏អស្ចារ្យមួយ»។
លោក Solskjaer បានបន្ថែមទៀតថា៖ «វាមិនត្រឹមតែក្រុម Tranmere ទេដែលមិនចង់បរាជ័យ គឺនៅមានមនុស្សជាច្រើនទៀត ដូច្នេះហើយយើងត្រូវតែចេះរួបរួម និងបន្តធ្វើការជាមួយគ្នាជាបន្តទៀត»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «រាល់ការប្រកួតដែលអ្នកឈ្នះ គឺជាការប្រកួតដ៏ល្អសម្រាប់ទំនុកចិត្តរបស់អ្នក ហើយរាល់ពេលដែលអ្នករកបានគ្រាប់បាល់ និងទម្រង់លេងល្អ នោះវាគឺជារឿងល្អទៅហើយ»។
គ្រូបង្វឹកដដែលនេះបានបន្តថា៖ «ទម្រង់លេងគឺជារឿងសំខាន់ ដូច្នេះហើយអ្នកត្រូវតែប្រកាន់វាខ្ជាប់ព្រោះថានៅពេលអ្នកលេងបានល្អ អ្នកពិតជាមិនងាយមានកំហុសឡើយ»។
កីឡាករ Maguire ដែលរកបានគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Man Utd និងបានជួយឲ្យកីឡាករ Lingard រកបានគ្រាប់បាល់ទី ៣ សម្រាប់ក្រុមនេះបាននិយាយថា គ្រាប់បាល់ដំបូងរបស់រូបគេសម្រាប់ក្រុមនេះ គឺជាការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ។
កីឡាករ Maguire បាននិយាយថា៖ «វាជាឱកាសដែលបានកើតឡើងយូរៗម្ដងៗ។ ឆ្នាំនេះខ្ញុំមានឱកាសច្រើនណាស់ ប៉ុន្តែដូចជាមិនអាចរកបានគ្រាប់បាល់ទាល់តែសោះ។ វាពិតជាល្អណាស់ក្នុងការជួយក្រុមនេះឲ្យឡើងទៅវគ្គបន្ទាប់ទៀត»។
កីឡាកររូបនេះបានបន្ថែមថា៖ «វាពិតជាសំខាន់ណាស់ដែលបានឈ្នះការប្រកួតនេះ ក្រោយពីយើងបានមានទម្រង់លេងមិនល្អ និងបានលទ្ធផលមិនល្អក្នុងការប្រកួតជាមួយក្រុម Burnley»។
កីឡាករដដែលនេះបានបន្ថែមថា៖ «យើងបានកែប្រែទម្រង់លេងរបស់យើង ដើម្បីឆ្ពោះទៅរកលទ្ធផលវិជ្ជមានសម្រាប់ក្រុមអ្នកគាំទ្ររហូតទាល់តែយើងបានឡើងទៅវគ្គបន្តបន្ទាប់ជាអ្វីមួយដែលយើងនឹងត្រូវធ្វើបន្តទៀត»៕ AFP/SN