ភ្នំពេញៈ ក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម ១៨ ឆ្នាំ បានវាយបកយកឈ្នះក្រុមគិរីវង់អេហ្វស៊ី ២-១ ដ៏គួរឲ្យកត់សម្គាល់ ដើម្បីលើកពានថ្នាក់ខេត្ត នៃការប្រកួតដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨ នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃពុធ ម្សិលមិញ។
យ៉ាងណាក៏ដោយ លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់ អេហ្វស៊ី បានមើលឃើញថា ការចាញ់ក្រុមយុវជនថ្នាលកម្ពុជា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ដោយសារកូនក្រុមរបស់លោក មានការបារម្ភពេក និងខំប្រឹងពេក ទើបធ្វើឲ្យធ្លាក់កម្លាំង និងបែកទម្រង់លេង នាំឲ្យក្រុមយុវជនថ្នាលកម្ពុជា អាចរកបាន ២ គ្រាប់យ៉ាងឆាប់រហ័ស។
លោក ផាន់ ចាន់ផាត បានប្រាប់មុននេះបន្តិចថា៖ «នៅពេលដែលយើងរកបានគ្រាប់បាល់នាំមុខគេហើយ យើងបែរជាមានភាពច្របូកច្របល់នៅតំបន់កណ្តាល ហើយការ error (បែកទម្រង់លេង) មួយភ្លាតៗនេះ នាំឲ្យគេរកបានគ្រាប់បាល់ ២ គ្រាប់យ៉ាងលឿន។ ម្យ៉ាងទៀត ក្រុមរបស់គេ សុទ្ធតែកីឡាករជម្រើសចេញពីទូទាំងប្រទេស មកប្រមូលផ្តុំនៅ បាទី ប៉ុន្តែយើងជ្រើសរើសចេញពីតំបន់ខេត្តតែមួយ អ៊ីចឹងគុណភាព យើងលេងបានប៉ុណ្ណឹង វាល្អហើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ការបណ្តាលឲ្យមានការលេង error នេះដោយសារតែកីឡាកររបស់យើងមានការបារម្ភពេក និងខំប្រឹងខ្លាំងពេក ធ្វើឲ្យមួយៗបាត់បង់កម្លាំង និងបច្ចេកទេស ហើយម្យ៉ាងទៀត នៅតាកែវ មានភ្លៀងច្រើន ធ្វើឲ្យការប្រមូលផ្តុំហ្វឹកហាត់របស់យើងបានជួបបញ្ហា ដោយសារកីឡាករម្នាក់ៗនៅតាមផ្ទះ និងមានការងារធ្វើរៀងៗខ្លួន ខុសពីក្រុមយុវជនថ្នាល ដែលមានការប្រមូលផ្តុំជុំគ្នាតែម្តង។ ហេតុនេះយើងត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតវគ្គខ្វែងថ្នាក់ជាតិ ជាបន្តទៀត»។
តាមរយៈការប្រកួត នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃពុធនោះ ខ្សែប្រយុទ្ធជើងចាស់របស់ក្រុមគិរីវង់អេហ្វស៊ី អ៊ិន វិច្ឆិការ បានរកគ្រាប់បាល់នាំមុខឲ្យក្រុមមានមូលដ្ឋាននៅទីរួមខេត្តតាកែវមួយនេះ តាំងពីនាទីទី ៥ ប៉ុន្តែការបញ្ជូនបាល់យ៉ាងស្អាតរបស់ សៀន ចន្ធា បានផ្តល់ឱកាសឲ្យ ឡុង ម៉េងហាវ ស៊ុតបាល់បំប៉ោងសំណាញ់ក្រុមគិរីវង់ បាន ១ គ្រាប់វិញ នៅនាទីទី ២៤។
បន្ថែមលើនេះ ឡុង ម៉េងហាវ ដដែល បានលើកបាល់ឲ្យ សៀន សុភក្ត្រា តែតបញ្ចូលទីបាន ១ គ្រាប់ទៀត នៅនាទីទី ៤៩ ដើម្បីយកឈ្នះក្រុមគិរីវង់ ២-១ លើកនេះ។ លទ្ធផលនេះ បានជួយឲ្យក្រុមU18 កម្ពុជា លើកពានហ៊ុនសែនថ្នាក់ខេត្ត មួយនេះ អមជាមួយប្រាក់រង្វាន់ ១៥ លានរៀល ខណៈក្រុមលេខ ២ គិរីវង់អេហ្វស៊ី បានប្រាក់រង្វាន់ត្រឹមតែ ៧,៥ លានរៀលទេ។
ក្រៅពីការឈ្នះពាននេះ កីឡាករ ហ៊ុល គឹមហ៊ុយ បានទទួលពានអ្នកចាំទីល្អជាងគេ ឯលោក Musashi Mizushima គ្រូបង្វឹកក្រុម U18 បានទទួលពានជាគ្រូបង្វឹកឆ្នើម ហើយអ្នកទាំង២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥០ ម៉ឺនរៀលដូចគ្នា ខណៈខ្សែប្រយុទ្ធ កែវ ណារ៉ូ របស់ក្រុមយុវជនក្រសួងការពារជាតិ ជាប់ឈ្មោះជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំការប្រកួតថ្នាក់ខេត្តនេះ ហើយគេក៏ទទួលបានប្រាក់ ៥០ ម៉ឺនរៀលដែរ។
បន្ទាប់ពីការប្រកួតនេះ ក្រុម U18 កម្ពុជា និងក្រុមគិរីវង់អេហ្វស៊ី នឹងត្រូវបន្តទៅប្រកួតនៅវគ្គខ្វែង ១៦ក្រុមថ្នាក់ជាតិ ហើយវគ្គនេះបានចាប់ឆ្នោតរួចហើយ ដោយក្នុងនោះ U18 កម្ពុជា ត្រូវប៉ះក្រុមខេត្តកោះកុង ហើយគិរីវង់អេហ្វស៊ី ត្រូវជួបក្រុមប៉ូលិស។ ចំណែកក្រុមវិសាខា ត្រូវប្រឈមជាមួយក្រុមព្រះខ័នរាជស្វាយរៀង ស្របពេលបឹងកេត ជួបក្រុមវេស្ទើន ហើយសូលទីឡូអង្គរ ប៉ះក្រុមអង្គរថាយហ្គឺរ ខណៈណាហ្គាវើល ជួបក្រុមខេត្តកំពត និងក្រុមការពារជាតិ ត្រូវតទល់នឹងក្រុមអាស៊ីអឺរ៉ុប៕
[img