ក្រុង​ឡុងដ៍: លោក Antonio Conte បាន​និយាយ​ថា ក្រុម Manchester City អាច​នឹង​គ្រប់​គ្រង​កីឡា​បាល់​ទាត់​​អង់​គ្លេស ក្នុង​រយៈពេល​យូរ ក្រោយពី​ក្រុម​របស់​លោក Pep Guardiola បាន​ទម្លាក់​ក្រុម Chelsea ចេញ​ពី​ម្ចាស់​ជើង​​ឯក​ក្រប​ខ័ណ្ឌ Premier League​។

Man City បាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯង​​ កាលពី​ចុង​សប្តាហ៍មុន ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ ៥​ ​លើក​ទៀត​នៅ​រដូវ​កាល​នេះ និង​នាំមុខ​ ១៦ ​ពិន្ទុ​ដាច់​លើ​​ក្រុម​ឈរ​លេខ ​២ Manchester United​។

លោក Conte ដែល​បាន​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ទី​ ១ ​របស់​លោក ​នៅ​ឯកីឡដ្ឋាន Stamford Bridge នោះ បាន​ឲ្យ​ដឹង​ថា៖ «Manchester City គឺ​ជា​ក្លិប​មួយ​ដែល​អាច​​បន្ត​គ្រប់​គ្រង ឈ្នះ មិន​ត្រឹម​តែ​នៅ​អង់​គ្លេស​ប៉ុណ្ណោះ ប៉ុន្តែ ក៏អាច​ប្រជែង​​ពាន Champions League ផងដែរ​»​។

ខ្សែ​បម្រើ​អៀរ​ឡង់ Robbie Brady (ឆ្វេង) របស់ Burnley ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​ដា​ណឺ​ម៉ាក Andreas Christensen របស់​ក្រុម Chelsea ក្នុង​ការប្រកួត​កន្លងមក​។ AFP

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ពួក​គេ​​មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​បែប​នេះ​បាន​​។ វា​ជា​ក្លិប​ដ៏​រឹង​មាំ​មួយ ពួក​គេ​មាន​ក្រុម​ដ៏​សំខាន់​មួយ រួម​ជា​មួយ​​នឹង​កីឡាករ​ដ៏អស្ចារ្យ​ជាច្រើន និង​ជា​ក្លិប​ដែល​ចង់​បណ្តាក់​ទុន និង​អភិវឌ្ឍ​។ មាន​រឿង​ជា​ច្រើន​​ទៀត​ដែល​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​»​។

Chelsea នឹង​ឈាន​ទៅកាន់​ការប្រកួត​នៅ​រាត្រីនេះ ជាមួយ​នឹងក្រុម Burnley ខណៈ​ដែល​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​ចំណាត់​ថ្នាក់​លេខ​ ៤​ របស់​ពួក​គេ​​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្តួច​ស្តើង​។

ក្រុម​តោ​ខៀវ​មួយ​នេះ កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ឈរ​លេខ​ ៤ Tottenham ៨ ពិន្ទុ បើ​ទោះ​បីក្រុម Spurs លេង​ការ​ប្រកួត​​ច្រើន​ជាង ​១ ​ប្រកួត​ក៏ដោយ​។

លោក Conte បាន​បញ្ជាក់​ថា Chelsea នឹង​​​ធ្វើដំណើរ​​ឆ្ពោះទៅ​កាន់​ការឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​ បើ​ទោះ​ស្ថិតក្នុង​ភាព​ស្តួច​ស្តើង​ក៏ដោយ​។

ការប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ​១:៤៥ ​ទៀបភ្លឺ ម៉ោង​នៅ​កម្ពុជា​៕ IS