ភ្នំពេញ: កីឡាករប្រដាល់កម្ពុជាឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូខេត្តបាត់ដំបង នឹងត្រូវប៉ះជាមួយកីឡាករថៃ Theap Kao ក្នុងការប្រកួតគុនខ្មែរលក្ខណៈអន្តរជាតិវគ្គជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក Carabao រដូវកាលទី ៦ ទម្ងន់ ៥៧ គីឡូក្រាមនៅលើសង្វៀនអាស៊ីអាគ្នេយ៍ (SEA TV) នៅរសៀលថ្ងៃសៅរ៍ ទី ២៣ ខែមិថុនា ឆ្នាំ ២០១៨។
ជាមួយគ្នានេះកីឡាករធន់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបអ្នកប្រដាល់ថៃ Phach Yaksou ដើម្បីប្រជែងយក ៣ ពិន្ទុដូចគ្នា។
សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះ គ្រូបង្វឹករបស់កីឡាករឈុត សេរីវ៉ាន់ថង បានអះអាងថា កូនសិស្សរបស់លោក នឹងឈ្នះកីឡាករថៃក្នុងទំនុកចិត្ត ៨០ ភាគរយ។
សម្រាប់គូប្រដាល់រវាងឈុត សេរីវ៉ាន់ថង និង Theap Kao ស្ថិតនៅក្នុងជំនួបគូគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ខណៈដែលក្នុងអំឡុងវគ្គជម្រុះដណ្តើមពិន្ទុមួយលើកកន្លងមក បានបញ្ចប់ដោយការឈ្នះដៃគូមាន ៣ ពិន្ទុក្នុងដៃដូចគ្នា ហើយជាកីឡាករដែលមានប្រភេទក្បាច់សម្រុកខ្លាំងដូចគ្នា។
លោកឈុត សារី ដែលជាគ្រូបង្វឹក និងជាឪពុកបង្កើត ហ៊ានអះអាងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ខ្ញុំមានទំនុកចិត្តថា កូនខ្ញុំនឹងឈ្នះថៃ Theap Kao ៨០ ភាគរយ»។
លោកញាណ សុធី នាយកគ្រប់-គ្រងប្រដាល់ប្រចាំសង្វៀន SEA TV បាននិយាយថា៖ «មានសមត្ថភាពប្រហាក់ប្រហែលគ្នាទាំងមាឌ ទាំងកម្ពស់ ហើយបទពិសោធឡើងសង្វៀនគឺមានប្រហាក់ប្រហែលគ្នា ដោយទឹកចិត្តប្រកួតខ្លាំងដូចគ្នា»។
កីឡាករថៃ Theap Kao ធ្លាប់ប្រកួតបានចំនួន ៥៨ លើក ឈ្នះ ៥១ លើក ចាញ់ ៧ លើក មិនដែលស្មើ ចំណែកកីឡាករឈុត សេរីវ៉ាន់ថង ធ្លាប់ប្រកួតបានចំនួន ៥៥ លើក ឈ្នះ ៤៨ លើក ចាញ់ ៦ លើក និងស្មើ ១ លើក។ កាលពីប្រកួតលើកមុន ឈុត សេរីវ៉ាន់ថង បានវាយឈ្នះ Phach Yaksou ដោយពិន្ទុ ទទួលបាន ៣ ពិន្ទុ ចំណែក Theap Kao ឈ្នះធន់ មករា មាន ៣ ពិន្ទុដូចគ្នា។
ក្នុងការប្រកួតដែលត្រូវបានរំពឹងទុកថា នឹងជក់ចិត្តនេះ លោកឈុត សេរី បានឲ្យដឹងថា៖ «កូនខ្ញុំហ្វឹកហាត់ និងត្រៀមប្រកួតបានល្អ ហើយមានភាពជឿជាក់ថា នឹងទទួលបានជ័យជម្នះដល់ទៅ ៨០ ភាគរយ»។
លោកបានអះអាងថា៖ «ខ្ញុំជាអ្នកប្រដាល់ម្នាក់តាំងពីជំនាន់ជាមួយអេ ភូថង គឺស្រឡាញ់កិត្តិយសខ្លាំងណាស់ ហើយការប្រកួតចង់បានបំផុតគឺឈ្នះ ចំណែកឯ លុយកាក់ជារឿងក្រោយបន្ទាប់បន្សំទេ ប៉ុន្តែលទ្ធផលនៃការប្រកួតគឺសុំឲ្យកាត់ក្តីមានភាពសុក្រឹត និងយុត្តិធម៌ផង»។
ចំណែកគូប្រដាល់ដណ្តើម៣ពិន្ទុមួយគូទៀតគឺអ្នកប្រដាល់កម្ពុជាធន់ មករា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបអ្នកប្រដាល់ថៃ Phach Yakso។
ធន់ មករា ជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែ របៀបវាយរបស់គេល្អខ្លាំង ព្រមទាំង រហ័សរហួន ហើយកម្លាំង និងទឹកចិត្តប្រកួតរបស់គេក៏ខ្លាំង និងមានចិត្តធំណាស់ដែរ។ ធន់ មករា ធ្លាប់ឈ្នះខ្សែក្រវាត់កាលពីខែមុននៅសង្វៀនប៉ុស្តិ៍លេខ ៥។
ប្រវត្តិប្រកួតរបស់គេមានចំនួន ៥០ លើកឈ្នះ ៤៥ លើក ចាញ់ ៣ លើក និងស្មើ ២ លើក ចំណែកកីឡាករថៃ Phach Yaksou មានប្រវត្តិប្រកួតចំនួន ៦១ លើក ឈ្នះ ៥០ លើក ចាញ់ ១០ លើក និងស្មើពិន្ទុ ១ លើក។
លោកធន់ សុភា គ្រូបង្វឹកធន់ មករា បាននិយាយថា៖ «មករា ហ្វឹកហាត់បានល្អ ហើយខ្ញុំពិតជាសង្ឃឹមឈ្នះលើកីឡាករថៃ Phach Yaksou ៩០ ភាគរយ»៕