ក្រុងម៉ូស្គូ: លោក Zlatko Dalic គ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រូអាស៊ី ជឿជាក់ថា ការអស់កម្លាំង នឹងមិនក្លាយជាបញ្ហាសម្រាប់ក្រុមរបស់លោកឡើយ នៅពេលដែលពួកគេប៉ះជាមួយនឹងបារាំង ក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ បើទោះបីឈានទៅប្រកួតនៅនាទីបន្ថែម ១៥ នាទី ២ ដង ដើម្បីផ្តួលអង់គ្លេស កាលពីថ្ងៃពុធ ក៏ដោយ។
ក្រូអាស៊ី បានវាយបកពីការដេញតាមពីក្រោយ ដើម្បីឈ្នះ ២-១ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ ក្នុងទីក្រុងម៉ូស្គូ ខណៈដែល Mario Mandzukic រកបានគ្រាប់បាល់ឈ្នះនៅនាទី ទី ១០៩ ក្រោយពីខ្សែប្រយុទ្ធ Ivan Perisic បានតាមស្មើគ្រាប់បាល់បើកឆាកពីការស៊ុតពិន័យ Free-kick របស់ខ្សែការពារ Kieran Trippier។
ក្រុមរបស់លោក Dalic ពិតជាបានបង្ហាញពីការអស់កម្លាំង ប៉ុន្តែ ពួកគេបានវាយបកយ៉ាងល្អដើម្បីបញ្ចប់ការប្រកួត ២ ម៉ោងពេញយ៉ាងជោគជ័យ និងដើម្បីជួយឲ្យប្រទេសដែលមានប្រជាជនជាង ៤ លាននាក់មួយនេះ ទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកទី ១។
ប៉ុន្តែ កង្វល់ដ៏ធំបំផុត នៅមុនពេលការប្រកួតនៅថ្ងៃអាទិត្យនេះ គឺការអស់កម្លាំង ខណៈ ក្រូអាស៊ី ក៏បានលេងនៅនាទីបន្ថែម ១៥ នាទី ២ ដង និងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីផងដែរ ដើម្បីទៅវគ្គបន្ត ក្នុងពេលប៉ះដាណឺម៉ាក និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។
បារាំង នឹងមានរយៈពេលសម្រាកច្រើនជាង ២៤ ម៉ោងក្នុងការត្រៀមសម្រាប់ការប្រកួតនេះ ក្រោយពីបានទម្លាក់ បែលហ្ស៊ិក ១-០ ក្នុងរយៈពេល ៩០ នាទី ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃអង្គារ។
លោក Dalic ដែលក្រុមរបស់លោកបានលេងការប្រកួតច្រើនជាងបារាំង រយៈពេល ៩០ នាទីនោះ បានឲ្យដឹងថា៖ «នេះពិតជាអស្ចារ្យណាស់។ កីឡាករ ២ នាក់បានលេងជាមួយនឹងជើងម្ខាង ប៉ុន្តែ វាមិនបានបង្ហាញឲ្យឃើញឡើយ។ នៅនាទីបន្ថែម ១៥ នាទី ២ ដង មិនមានកីឡាករណាចង់ផ្លាស់ប្តូរឡើយ។ នេះបង្ហាញពីឥរិយាបថ និងជាអ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាព។ គ្មាននរណាម្នាក់បោះបង់ឡើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងត្រៀមក្នុងការទៅវគ្គផ្តាច់ព្រ័ត្ររួចរាល់ហើយ ហើយយើងចង់លេងក្នុងវគ្គនោះ។ ការលេងនៅនាទីបន្ថែម ១៥ នាទី ២ ដងអាចនឹងក្លាយជាបញ្ហាមួយ ក្នុងពេលប៉ះបារាំង ដែលមានការសម្រាកច្រើនជាង ១ ថ្ងៃ ប៉ុន្តែ នោះមិនមែនជាលេសឡើយ»។
Kane៖ វាឈឺចាប់ តែអង់គ្លេស នឹងវិលទៅរកភាពខ្លាំងវិញ
Harry Kane បានទទួលស្គាល់ថា ការរងបរាជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ពេលជួបក្រុមក្រូអាស៊ី «នឹងផ្តល់នូវការឈឺចាប់ ១ រយៈពេល» ខណៈមានការកោតសរសើរជាច្រើននៅលើបណ្តាញសង្គមទៅលើក្រុមរបស់លោក Gareth Southgate។
ស្របពេលក្រូអាស៊ី នឹងត្រូវប៉ះបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ បច្ចុប្បន្ន ក្រុមអង់គ្លេស នឹងត្រូវជួបជាមួយនឹងបែលហ្ស៊ិក ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។
ប៉ុន្តែ Kane ដែលកំពុងស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការក្លាយជាកីឡាករអង់គ្លេសដំបូងគេ ចាប់តាំងពី Gary Lineker ធ្វើបានក្នុងឆ្នាំ ១៩៨៦ ដើម្បីឈ្នះស្បែកជើងមាសនោះ បានបញ្ជាក់ថា រូបគេមានមោទនភាពទៅលើការបង្ហាញពីទម្រង់លេងនៃក្រុមរបស់ខ្លួន។
ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «វានឹងឈឺចាប់ ១ រយៈពេល។ យើងអាចមានមោទនភាព ហើយយើងនឹងវិលទៅរកភាពខ្លាំងវិញ»៕
ថ្ងៃសៅរ៍ ទី ១៤ ខែកក្កដា
បែលហ្ស៊ិក v អង់គ្លេស 9 យប់
ថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា
បារាំង v ក្រូអាស៊ី 10 យប់