ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម​ ២២ ​ឆ្នាំ​លោក Ong Kim Swee ហាក់​មាន​ការចាប់​អារម្មណ៍​ទៅលើ​ភាពរីកចម្រើន​នៃ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ហើយ​លោក​បាន​គិត​ថា​ការជួប​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ក្នុង​ការប្រកួត​បើកឆាក​ពានរង្វាន់ AFF U22 LG Cup 2019 នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​សម្រាប់​ក្រុម​របស់​លោក​នោះ​ទេ​។

លោក Ong Kim Swee បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការប្រកួត​ពាន AFF U22 LG Cup 2019 កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​មើលឃើញ​ហើយ​ថា វិស័យ​បាល់ទាត់​នៅ​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​គួរកត់​សម្គាល់​អ៊ីចឹង​ការជួប​ក្រុម​ U22 ​កម្ពុជា​លើក​នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​»​។

យ៉ាងណា​ក៏ដោយ​គ្រូបង្វឹក​ជនជាតិ​ម៉ាឡេស៊ី​លោក Ong Kim Swee ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី យក​ឈ្នះ​ក្រុម​កម្ពុជា ៣-២ ក្នុង​ការប្រកួត AFF Championship 2016 រូប​នេះ​បាន​បន្ថែម​ថា​៖ «​ក្រុម​កម្ពុជា​កំពុង​មាន​ការវិវឌ្ឍ​ខ្លួន​ផង​ដែរ អ៊ីចឹង​ជំនួប​លើក​នេះ​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏ចាប់​អារម្មណ៍​មួយ ប៉ុន្តែ​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​តាម​ការរំពឹង​ទុក​»​។

គួរ​រំឭក​ថា​សម្រាប់​ការជួប​គ្នា​​ ២ ​លើក​ចុងក្រោយ​កាលពី​ឆ្នាំ​ ២០១៨ កន្លង​មក​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៣-១ ក្នុង​ការប្រកួត​មិត្តភាព និង​បាន​បន្ត​ចាញ់ ១-០ ​ក្នុង​ការប្រកួត​ផ្លូវការ​ពានរង្វាន់ AFF Championship 2018 ហើយ​កីឡាករ​វ័យក្មេង​របស់​ម៉ាឡេស៊ី​មួយ​ចំនួន​ដែល​បាន​ចូលរួម​កាល​នោះ​ក៏​មាន​វត្តមាន​នៅក្នុង​ក្រុម​ U22- ម៉ាឡេស៊ី​លើក​នេះ​ផង​ដែរ​គឺ​ដូច​គ្នា​ទៅ​នឹង​ក្រុម​ U22 ​កម្ពុជា​ដែរ​។

លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​៖ «​ម៉ាឡេស៊ី​គឺជា​ក្រុម​ខ្លាំង​មួយ​។ កាលពី​មុន​កម្រិត​លេង​ក្រុម​របស់​យើង​មាន​គម្លាត​ពី​ក្រុម​ម៉ាឡេស៊ី តែ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​របស់​យើង​មក​ដល់​ពេល​នេះ​បាន​ធ្វើឲ្យ​យើង​មាន​ភាព​រីកចម្រើន​ដែល​ប្រកៀក​នឹង​ក្រុម​ម៉ាឡេស៊ី​ដែរ​ហើយ អ៊ីចឹង​ការជួប​គ្នា​លើក​នេះ យើង​អាច​នឹង​លេង​បាន​ល្អ ហើយ​យើង​នឹង​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​»​។

គួរ​បញ្ជាក់​ថា​ក្រុម​ U22 ​កម្ពុជា និង​ក្រុម​ U22 ​ម៉ាឡេស៊ី​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ ៣ ​ពិន្ទុ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​នៅ​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទ​នេះ ចំណែក​ក្រុម​ឈរ​នៅ​ពូល​ B ​ជាមួយ​គ្នា​គឺ​មីយ៉ាន់ម៉ា និង​ U22 ​ឥណ្ឌូនេស៊ី​ក៏​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដណ្តើម​យក​ ៣ ​ពិន្ទុ​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​៕