អ៊ីតាលី: គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី លោក Roberto Mancini បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ថា​លោក​បាន​មើលរំលង​ទៅលើ​ខ្សែប្រយុទ្ធ Mario Balotelli សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់ Euro 2020 នៅពេល​ខាង​មុខ​នេះ​ដោយសារ​កីឡាករ​របស់​ក្រុម Marseille រូប​នេះ​មិន​ទាន់​មាន​សមត្ថភាព​នៅ​ឡើយ​។

ទោះបី​ជា Balotelli បាន​ជួយ​រក​គ្រាប់​បាល់​ ៥ ​គ្រាប់​ឲ្យ​ក្រុម Marseille ក្នុង​ការចាប់ផ្តើម​ ៧ ​ប្រកួត​ក៏ដោយ ក៏​មិន​បាន​ធ្វើឲ្យ​លោក Mancini ភ្ញាក់ផ្អើល​នោះដែរ ហើយ​លោក​ក៏​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែប្រយុទ្ធ​វ័យ​ ២៥ ​ឆ្នាំ​រូបនេះ​ដែល​រក​បាន​ ១០ ​គ្រាប់​ឲ្យ​ក្រុម Torino ក្នុង​ការប្រកួត​លីក​កំពូល​របស់​អ៊ីតាលី Serie A នោះ​ដែរ​។

លោក Mancini បាន​និយាយ​ថា​៖ «Mario មិន​ទាន់​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ​បំផុត​ក្នុង​ការលេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​នៅ​ឡើយ​ទេ​។ កាយសម្បទា​គាត់​មាន​ការរីកចម្រើន​ច្រើន បើ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​មុន ប៉ុន្ដែ​គាត់​នៅ​តែ​មាន​ការខ្វះខាត​ច្រើន ព្រោះ​ខ្ញុំ​ត្រូវការ​លក្ខខណ្ឌ​ច្រើន​។ ឥឡូវ​នេះ​គាត់​មាន​អាយុ​ជិត​ ២៩ ​ឆ្នាំ​គឺជា​ពេល​មួយ​ដែល​គាត់​មាន​កម្លាំង​ខ្លាំង ហើយ​ក្នុង​នាម​ជា​ក្រុម​ជម្រើសជាតិ គាត់​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​មែនទែន​»​។

អតីត​គ្រូបង្វឹក​ក្រុម Manchester City រូប​នេះ​បាន​បន្ថែម​ថា​៖ «​គុណសម្បត្តិ​ក្រុម​ជម្រើសជាតិ​គឺ​គ្រប់​គ្នា​អាច​បង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​សម្រេច​ថា Belotti គឺ​ដូចជា​អ្នក​ដែល​នៅ​ផ្ទះ​អ៊ីចឹង​នៅពេល​នេះ​។ គាត់​អាច​ធ្វើ​បាន​ល្អ​ប្រសើរ ហើយ​ត្រឡប់​ទៅ​ក្រុម​ជម្រើសជាតិ​វិញ​។ គាត់​ជា​កីឡាករ​វ័យក្មេង​គាត់​កំពុង​រីកចម្រើន​នៅ​ក្របខ័ណ្ឌ​លីក​ហើយ​គាត់​ពិតជា​អាច​វិល​ត្រឡប់​មក​វិញ​បាន​»​។

ចំណែក​ខ្សែប្រយុទ្ធ​ជើងចាស់ Fabio Quagliarella ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​វិញ​នៅ​អាយុ​ ៣៦ ​ឆ្នាំ​នៅពេល​គាត់​បាន​ដឹកនាំ​ក្រុម​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Serie A ដោយ​ប្រឹង​ស៊ុត​បាន​ ២១ ​លើក​ក្នុង​ ២៨ ​ប្រកួត​។ បន្ថែម​លើ​នេះ​ក្រុម​អ៊ីតាលី​ក៏​នឹង​នាំ​យក​ខ្សែបម្រើ Nicolo Zaniolo កំពុង​លេង​នៅ​ក្លិប Roma និង​កីឡាករ Moise Kean របស់​ក្រុម Juventus ផង​ដែរ ខណៈ​អ្នក​ទាំង​ ២ ​មាន​អាយុ​ ១៩ ​ឆ្នាំ​។

លោក Mancini បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​កីឡាករ​ពីរ​បី​នាក់​ដែរ ព្រោះ​ខ្ញុំ​ពិតជា​មិន​ដឹង​ពី​ស្ថានភាព​របស់​កីឡាករ​គ្រប់​គ្នា​ទេ ហើយ​ចង់​ស្គាល់​ពួកគេ​ឲ្យ​បាន​ច្បាស់​ជាង​មុន​។ យើង​មាន​កីឡាករ​វ័យក្មេង​ដែល​កំពុង​រីកចម្រើន ហើយ​យើង​សូម​អរគុណ​គ្រូបង្វឹក​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ២១ ​ឆ្នាំ​គឺ​លោក Di Biagio ព្រោះ​យើង​បាន​យក​កីឡាករ​ជាច្រើន​របស់​គាត់​សម្រាប់​ការប្រកួត​ពាន​អឺរ៉ូ​»​។

«Zaniolo ពិតជា​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​យើង​។ ចំណែក Moise Kean បាន​ឈ្នះ​ច្រើន​ប្រកួត​សម្រាប់​ជីវិត​របស់គាត់​។ ចូរ​សង្ឃឹម​ថា​គាត់​ចាប់ផ្តើម​ដូច Balotelli ដែល​ធ្វើ​បាន​ល្អ​ណាស់​»​។

លោក Mancini បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿជាក់​ចំពោះ​ការប្រកួត​របស់​យើង នឹង​ធ្វើឲ្យ​យើង​ឆ្ពោះ​ទៅ​រក​ការលើក​ពាន European Championship ដូច្នេះ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ល្អ​ចំពោះ​រឿង​នេះ ព្រោះ​យើង​មាន​កីឡាករ​ល្អៗ​ជាច្រើន ហើយ​ឥឡូវ​នេះ​ក្រុម​នេះ​គឺ​ត្រូវ​ខ្លាំង ខណៈ Jorginho លេង​បាន​ល្អ​ច្រើន​»​។

គួររំឭក​ថា​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ធ្លាប់​បាន​ឈ្នះ​ជើងឯក​ពាន​ការប្រកួត​អឺរ៉ូ​តែ​ម្ដង​គត់​ក្នុង​ឆ្នាំ​ ១៩៦៨ ហើយ​ក្រុម​នេះ​បាន​លេខ​ ២ ​នៅ​ឆ្នាំ​ ២០០០ និង​ឆ្នាំ​ ២០១២​។ ពេល​នេះ​ក្រុម​អ៊ីតាលី​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ហ្វឹកហាត់​របស់​ខ្លួន នៅ​ទីក្រុង Udine កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ត្រៀម​ប្រជែង​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​បាល់ទាត់​អឺរ៉ូ​ដែល​នឹង​ប្រកួត​នៅ​លើ​ទឹកដី​ប្រទេស​ហ្វាំងឡង់​លើក​នេះ បន្ទាប់ពី​ក្រុម​មួយ​នេះ​មិន​បាន​ទៅ​លេង​ការប្រកួត​បាល់ទាត់ World Cup 2018 ហើយ​នេះ​ជា​ការបាត់បង់​ឱកាស​ជា​លើកដំបូង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៦០ ​ឆ្នាំ​របស់​អ៊ីតាលី​៕ SN