ភ្នំពេញៈ ម្ចាស់​មេដាយមាស​កីឡា​ស៊ីហ្គេម ឃុន ឌីម៉ា (ឃីម ឌីម៉ា) ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ទៀត នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង បន្ទាប់​ពី​​រូប​គេ បាន​ឈ្នះខ្សែ​ក្រវាត់ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ប្រទេស​នេះ គឺ Ruhu Fight II 2018 ​កាល​ពី​យប់​ថ្ងៃសៅរ៍ ឯជើង​ខ្លាំង ឡៅ ចន្ទ្រា និង ម៉ឺន សុភា ក៏​បាន​យក​ឈ្នះ​​ក្នុងការ​ប្រកួត​នោះ​​ដែរ។ ចំណែកជើង​ខ្លាំង​ រឿង សោភ័ណ្ឌ ​នឹង​នាំ​យក​ខ្សែ​ក្រវាត់​២ និង​ពាន​១ មក​​ដល់​កម្ពុជា ​យប់​ថ្ងៃ​អាទិត្យ​នេះ។

សម្រាប់​ការប្រកួតអន្តរជាតិ Rahu Fight II 2018 ដែល​ត្រូវ​បាន​ធ្វើឡើង នៅទី​ក្រុង Bussy St. Georges ប្រទេស​បារាំង កាល​ពី​យប់​ថ្ងៃសៅរ៍​នោះ ឃីម ឌីម៉ា បាន​យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ Vieira Brandon ដោយ​ពិន្ទុ ទាំង​លំបាក​បំផុត។ ឃីម ឌីម៉ា ​បាន​ធាក់ ទាត់ និង​វាយ​កែង​ចូល​បាន​ល្អ ដើម្បី​យក​ប្រៀប​លើ​កីឡាករ Vieira Brandon នៅ​ទឹក​ទី ​១ និង​ទឹក​ទី ​២ ប៉ុន្តែ​ភាព​រឹង​មាំ​របស់​បារាំង​ម្នាក់​នេះ ដែល​វាយ​ចូល​ច្រើន តែ​មិ​ន​ទាន់​ជ្រាយ ហើយ​ថែម​ទាំង​ចូល​វាយ​សម្រុកកាន់​តែ​ខ្លាំង​នោះ ​បាន​ធ្វើ​ឲ្យ ឃីម ឌីម៉ា មានការ​ធ្លាក់​កម្លាំង​ចុះ​​គួរ​ឲ្យកត់សម្គាល់ ហើយ​ក៏​ហាក់​ចាញ់​បៀប Vieira Brandon វិញ​នៅទឹក​ទី ​៤ ផងដែរ។

ទោះ​បីជា​យ៉ាង​ណា នៅ​ទឹក​ទី ​៥ ឃីម ឌីម៉ា បាន​ជម្នះការវាយ​កែង ចំពោះ​ការ​ចូល​វាយ​លុក​របស់ Vieira Brandon បាន​យ៉ាង​ល្អ ហើយ​ការ​ព្យាយាម​ទាំង​ត្រដាប​ត្រដួស​នេះ បាន​​ធ្វើ​ឲ្យ​ចៅ​ក្រម​ផ្តល់​ជ័យ​ជម្នះ​​ទៅ ឃីម ឌីម៉ា ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ជា​លើក​ដំបូង នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង ប៉ុន្តែ Vieira Brandon ហាក់​មិនសូវ​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​ឲ្យ​រូប​គេ ចាញ់​ពិន្ទុ ឃីម ឌីម៉ា នោះ​ទេ។

សម្រាប់​ការ​ប្រកួត​នៅ​យប់​​ថ្ងៃ​សៅរ៍​នោះ​ដែរ ជើង​ខ្លាំង ឡៅ ចន្ទ្រា ​បាន​យក​ឈ្នះ​កីឡាករ​បារាំង Kassem Yanis ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ដែល​មាន​ត្រឹម​ ៣​ ទឹក។ ចន្ទ្រា បាន​ឈ្នះ Kassem Yanis ដោយ​ពិន្ទុ​ដាច់​តែ​ម្តង ហើយ​ការ​បុក​កែង និង​ជង្គង់ រួច​បន្ថែម​ដោយ​ជង្គង់​ហោះ​ ​នៅ​ទឹក​ទី ​៣ ​ចុង​ក្រោយ​របស់​គេ ក៏​សឹង​តែ​ធ្វើ​ឲ្យ​បារាំងម្នាក់​នេះ​សន្លប់ឈរ​​ផង​ដែរ។

ឃីម ឌីម៉ា បានថត​រូប​ជាមួយ​​គ្រូ​បង្វឹក​បាល់​ទាត់​លោក ប៉ែន ផាត ប​ន្ទាប់ពី​រូប​គេ ឈ្នះ​បាន​ខ្សែ​ក្រវាត់ នៅ​ប្រទេស​បារាំង។រូបភាព សហការី

ចំណែក​អ្នក​លេងកណ្តាប់​ដៃ​ធ្ងន់ ម៉ឺន សុភា បាន​យក​ឈ្នះ​កីឡាករបារាំង Babovin Guillaume ដោយ​ពិន្ទុ​ទាំង​លំបាក ព្រោះ​បារាំង​​ម្នាក់​នេះ ​មានភាព​រឹង​មាំ និង​មាន​ក្បាច់​ជង្គង់​ល្អ ហើយ​បាន​វាយ​សម្រុក​ម៉ឺន សុភា រហូត។ រីឯ ផាន់ គ្រាន់ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​បារាំង Monteiro Jeremy ក្រោយការ​ប្រកួត​យ៉ាង​តានតឹង​ចំនួន​ ៣ ​ទឹក បាន​បញ្ចប់។

ដោយ​ឡែក កីឡាករ​ជើង​​ខ្លាំង​របស់​កម្ពុជា រឿង សោភ័ណ្ឌ នឹង​​នាំ​យក​ខ្សែ​ក្រវាត់ ២ និង​ពាន ១ ដែល​រូបគេ​ដណ្តើម​បាន ពី​ការ​ប្រកួត​នៅ​ប្រទេស​បារាំង មក​ដល់​កម្ពុជា​វិញ នៅ​ព្រលាន​​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ នា​យប់​ម៉ោង​ ១០ ​ថ្ងៃ​អាទិត្យ​​នេះ បន្ទាប់​ពី​រូបគេ បាន​ចេញ​ទៅ​ប្រកួត​នៅ​បារាំង តាំង​ពី​ថ្ងៃ​ទី ​៥ ខែមេសា ឆ្នាំ ​២០១៨។

តាម​លោក មៀម ស៊ីសារ៉ា ប្រធាន​សហព័ន្ធ​​កីឡា​ប្រដាល់​ប្រចាំ​​ប្រទេស​បារាំង ​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន បាន​ឲ្យ​ដឹង​​​ថា ជើង​ខ្លាំង រឿង សោភ័ណ្ឌ ​បាន​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​បារាំង ជា​ផ្លូវ​ការ​ហើយ ដោយ​ក្នុង​នោះ​គេ​​ប្រកួត​បាន ​៣ ​លើក ឈ្នះ​ទាំង ​៣ គឺ​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ​២ និង​ពាន ​១៕

រឿង សោភ័ណ្ឌ បាន​បង្ហាញ​ខ្សែ​ក្រវាត់ និង​ពាន ដែល​រូប​គេ​ដណ្តើម​បាន ពេល​​ថត​រូប​ជាមួយ​លោក មៀម ស៊ីសារ៉ា។រូបភាព សហការី