ភ្នំពេញៈ កីឡាករ​គុន​ខ្មែរ ឃីម ឌី​ម៉ា ដែល​ជា​ម្ចាស់​មេដាយ​មាស​នៅ​ស៊ីហ្គេម ឆ្នាំ ២០១៧ ត្រូវ​បាន​ស្ថាប័ន​កីឡា​កំពូល​របស់​កម្ពុជា ផ្តល់​មហា​កិត្តិយស​ដ៏​ធំ​មួយ តាមរយៈ​ការ​ជ្រើស​រើស​យក​រូបគេ​ឲ្យ​ទទួល​ភ្លើង​គប់​ពី​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ លើក​ទី ២ នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ខាងមុខ ហើយ​អត្តពលិក​មាន​ស្នាដៃ និង​ល្បីៗ​មួយ​ចំនួន​ទៀត នឹង​ទទួល​ភ្លើង​គប់​បន្ត​ពី ឌីម៉ា ដើម្បី​មក​ប្រគល់​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការ​សាក​ល្បង​ពិធី​បើក​កីឡា​ជាតិ លើក​ទី ២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ជ្រើស​រើស​យក ឃីម ឌីម៉ា ឲ្យ​ទទួល​ភ្លើង​គប់​ពី​ព្រះមហា​ក្សត្រ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ដែល​លោក​ចង់​បាន​អត្តពលិក ដែល​មាន​គុណ​សម្បត្តិ និង​ស្ថិត​ក្នុង​ប្រភេទ​កីឡា ជា​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ និង​ជា​ព្រលឹង​ជាតិ​របស់​យើង។

លោក​បាន​ថ្លែងថា៖ «តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធាន ថោង ខុន យើង​បាន​សម្រេច​យក​កីឡា​គុន​ខ្មែរ ដែល​ទើប​ដណ្តើម​បាន​មេដាយ ពី​ការ​ប្រកួត​ស៊ីហ្គេម កាល​ពី​ឆ្នាំ​មុន ហើយ​ជា​ប្រវត្តិសាស្ត្រ​ដែល​គុន​ខ្មែរ បាន​មេដាយ​ក្នុង​ស៊ីហ្គេម អ៊ីចឹង ឃីម ឌីម៉ា ដែល​បាន មេដាយ​មាស លើក​ដំបូង និង​ជា​កីឡាករ​គុន​ខ្មែរ​នោះ គឺ​គាត់​ស័ក្តិសម នឹង​ទទួល​នូវ​ព្រះរាជ​ទាន​ភ្លើង​គប់​ពី​ព្រះមហា​ក្សត្រ នៅ​ព្រះបរម​រាជវាំង»។

ទាក់ទង​នឹង​ប្រវត្តិ​ភ្លើង​គប់​នេះ លោក ចំរើន បាន​រៀបរាប់ថា ការរៀបចំ​ឲ្យ​មាន​ពិធី​របស់​ព្រះមហា​ក្សត្រ ដើម្បី​ព្រះរាជ​ទាន​ភ្លើង​នេះ គេ​ហៅថា «ភ្លើង​អាទិទេព» ដែល​មាន​ប្រវត្តិ​នៅ​អូឡាំពិក​បុរាណ តាំង​ពី ៤០០០ ឆ្នាំ មុន​គ្រិស្ត​សករាជ គឺ​គេ​តែង​តែ​សុំ​ភ្លើង​ពី​អាទិទេព ព្រោះ​ស្តេច​ក្រិក ជឿ​លើ​អាទិទេព​ហើយ​កាល​ជំនាន់​នោះ ដើម្បី​បាន​ភ្លើង​ពី​ព្រះអាទិត្យ គេ​យក​ស្លឹក​អូលីវ​ងាប់ៗ ដាក់​ធ្វើ​ចំណាំង​ប្លាត​ជាមួយ​ព្រះអាទិត្យ​ឲ្យ​វា​ឆេះ នឹង​យក​ភ្លើង​ពី​ស្លឹក​ហ្នឹង​មក ដោយ​គេ​ហៅថា ភ្លើង​អាទិទេព។

លោក​បន្ថែមថា៖ «ភ្លើង​អាទិទេព​នេះ ជា​ភ្លើង​សម្រាប់​ដុត​បំភ្លឺ​ដល់​ការប្រកួត​កីឡា ដែល​ធ្វើ​ឲ្យ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​ខ្លាំង​ចេញ​ពី​ធម្មជាតិ​មក ព្រោះ​គេ​ជឿ​ថា ភ្លើង​អាទិទេព ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​រស់​រវើក ខ្លាំង និង​ពូកែ អ៊ីចឹង​ហើយ​ទើប​មាន​ប្រវត្តិ ត្រូវ​សុំ​យាង​ព្រះមហា​ក្សត្រ ដែល​យើង​ចាត់​ទុក​ព្រះអង្គ ជា​អង្គ​ព្រះអាទិ​ទេព នៅ​លើ​ផែនដី​របស់​យើង​នេះ ដើម្បី​ព្រះរាជ​ទាន​ភ្លើង នេះ ហើយ​នេះ​ជា​អត្ថន័យ និង​ជាការ​ផ្តល់នូវ​មហា​កិត្តិយស សម្រាប់​ពិធី​បើក​កីឡា​ជាតិ នៅ​ឆ្នាំ​នេះ»។

ជាមួយគ្នា​នោះ លោក តូ រិទ្ធី​យ៉ា ម្ចាស់​មេដាយមាស​ពិភពលោក កែ ឡេង កីឡាករ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នី​ឧត្តម ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ស៊ន សៀវម៉ី និង​អត្តពលិក​មាន​ស្មាដៃ ក៏ត្រូវ​បាន​ជ្រើស​រើស​យក​មក​រត់​ភ្លើង​គប់ បន្ត​ពី ឃីម ឌីម៉ា ដើម្បី​យក​មក​ប្រគល់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រង់ចាំ​នៅ​លើ​វេទិកា​នៃ​គណៈ​អធិបតី ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​បើក​កីឡា​ជាតិ លើក​ទី ២ នេះ​ផង​ដែរ។

លោក វ៉ា​ត់ ចំរើន បាន​បង្ហើប ត្រួសៗ​ថា៖ «ការរត់​ភ្លើង​គប់​នេះ យើង​មាន​អត្តពលិក​ល្បីៗ​របស់​យើង គឺ​បន្ទាប់​ពី ឃីម ឌីម៉ា មក មាន​ក្រុម​កីឡា​អត្តពកម្ម រួម​ទាំង​កីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មន្នីឧត្តម ហើយ​ពេល​ចូល​មក​ដល់​ស្តាត យើង​មាន​លោក តូ រិទ្ធីយ៉ា ជា​អ្នក​ល្បីល្បាញ​ផ្នែក​រត់​ម៉ារ៉ាតុង នា​ទស្សវត្សរ៍ ៨០ និង ៩០ រួម​ជាមួយ​កីឡាការិនី​មេដាយ​មាស​ពិភពលោក កែ ឡេង, អ៊ុក ស្រីមុំ និង​មាន​ខាង​វ៉ូវីណាម ដែរ ហើយ​ចុង​ក្រោយ​កញ្ញា ស៊ន សៀវម៉ី ដែល​តំណាង​ឲ្យ​ស្មារតី​កីឡា​អូឡាំពិក នឹង​នាំយក​ភ្លើង​គប់​នេះ​ទៅ​ប្រគល់​ជូន​សម្តេច​តេជោ ដើម្បី​ឲ្យ​សម្តេច​លើក​ភ្លើង​នេះ អុជ​ខ្សែ​កាំជ្រួច បាញ់​ចេញ​ពី​វេទិកា​គណៈ​អធិបតី ទៅ​ឆេះ​នៅ​ថាស​ភ្លើង​គប់​តែម្តង»៕