ភ្នំពេញ: អ្នកលេង​កីឡា​ប្រ-យុទ្ធ​គុន​ចម្រុះ ចាន់ រតនា ជា​កីឡាករ​នៅ​ក្នុង​ក្លិប​ខេមរៈ​ខ្លា​ហោះ​ប្រដាល់​គុន​ខ្មែរ​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ។

ប៉ុន្តែ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ​បាន​ផ្អាក​ការ​ប្រកួត​ដោយ​មក​បើក​សាលា​គុន​ចម្រុះ​មួយ​នៅ​ជិត​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង រាជធានី​ភ្នំពេញ ដែល​មាន​ឈ្មោះ​ថា សិល្បៈ​កីឡា ដែល​ទទួល​សិស្ស​ហ្វឹកហាត់​មាន​គុន​ចម្រុះ​ដូចជា​ប្រដាល់​គុន​ខ្មែរ ប្រដាល់​សកល និង​គុន​ចម្រុះ (MMA) ព្រម​ទាំង​ហាត់​ដើម្បី​សុខភាព​ផង​ដែរ។

អ្នក​មក​ហាត់​ដែលជា​សិស្សគណ​ភាគច្រើន​ជា​ជន​បរទេស។ ក្នុង​នាម​ជា​គ្រូបង្វឹក ចាន់ រតនា ទទួល​បាន​ភាព​ល្បីល្បាញ​ព្រម​ទាំង​មាន​កូន​សិស្ស​ជា​ជន​បរទេស​ភាគ​ច្រើន​មក​ពី​ប្រទេស បារាំង ដែល​នាំ​យក​ភាព​ល្បីល្បាញ​ដល់​ប្រទេស​បារាំង។

ចាន់ រតនា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ថា៖«ខ្ញុំ​បាន​ផ្អាក​ការប្រកួត​មួយរយៈ​ដោយសារ​បញ្ហា​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​សេចក្តី​ពេល​ខ្ញុំ​ឡើង​ប្រកួត​គុន​ខ្មែរ​របស់​ខ្ញុំ​គឺ​ភាគ​ច្រើន​មិន​យុត្តិធម៌។ បើ​ខ្ញុំ​វាយ​គេ​មិន​សន្លប់ ទោះ​ជា​មាន​ប្រៀប​ខ្លាំង​លើ​ដៃគូ​ក៏​គណៈកម្មការ​មិន​ឲ្យ​ឈ្នះ​ដែរ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ខកចិត្ត និង​បាន​សម្រេច​ងាក​មក​បើក​សាលា​គុន​បង្វឹក​កីឡាករ​បរទេស​វិញ»។

ចាន់ រតនា បាន​បន្តថា៖ «ការបង្វឹក​របស់ខ្ញុំ​ទទួលបាន​លទ្ធផល​ល្អ​គឺមាន​សិស្ស​ច្រើន ហើយ​នៅ​ថ្ងៃ​ទី ២ ខែ ​មិថុនា ឆ្នាំ ២០១៨ ខាងមុខ​នេះ ខ្ញុំ​ទទួល​បាន​ការ​អញ្ជើញ​ពី​ក្លិប​សាលា​គុន​នៅ​ប្រទេស​បារាំង​ ឲ្យ​ទៅ​បង្វឹក​រយៈពេល ៣ សប្តាហ៍។ ការ​ចេញ​ទៅ​នេះ​ដោយសារ​តែ​មាន​កូន​សិស្ស​បារាំង ដែល​មក​ហ្វឹកហាត់​ស្រុក​យើង ឃើញ​ថា ខ្ញុំ​ជា​គ្រូបង្វឹក​ល្អ ហើយ​ការ​ផ្សព្វផ្សាយ​តៗ​គ្នា​ទៅ ដែល​នាំ​ឲ្យ​គេ​អញ្ជើញ​ខ្ញុំ​ទៅ​តែ​ម្តង​ដោយ​ចេញ​ទាំង​សោហ៊ុយ​សំបុត្រ​យន្តហោះ ការ​ហូប​ចុក​ស្នាក់​នៅ​មួយ​កំប្លេ»។

ចាន់ រតនា បាន​បញ្ជាក់ថា៖ «ការចេញ​ទៅនេះ​គឺ​លក្ខ-ណៈ​ឯកជន​ទេ ដែលជា​សិទ្ធិ​ឯកជន​ក្នុង​អាជីព​របស់​ខ្ញុំ​ផ្ទាល់។ ជាមួយ​គ្នា​នេះ ខ្ញុំ​ទទួល​បាន​ការ​អនុញ្ញាត​ទិដ្ឋាការ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​រួច​ហើយ​ដែរ ដោយ​រង់​ចាំ​តែ​ពេល​ចេញ​ដំណើរ​តែ​ម្តង»។

ក្រៅពី​អាជីព​គ្រូបង្វឹក ចាន់ រតនា បាន​ជាប់កិច្ចសន្យា​ជាមួយ​គុន​ចម្រុះ​អាស៊ី MMA របស់ ONE Championship ដោយ​ប្រកួត​ក្នុង​មួយ​ឆ្នាំ ៣ លើក និង​ទទួល​ប្រាក់​តម្លៃ​ខ្លួន​ចាប់​ពី ១ ៥០០ ដុល្លារ ដល់ ៣ ០០០ ដុល្លារ​ក្នុង​មួយ​លើកៗ ខណៈ​ដែល​ប្រដាល់​គុន​ខ្មែរ​នៅ​តែ​មាន​សង្វៀន​ខ្លះ​ទាក់​ទង​ចរចា​សុំ​ឲ្យ​ឡើង​ប្រកួត ប៉ុន្តែ គេ​តែង​តែ​បដិសេធ​សុំ​ផ្អាក​មួយ​រយៈ​សិន។

លោក ​ចាន់ ប៊ុនធឿន ជា​គ្រូបង្វឹក និង​ជា​ឪពុក​បង្កើត បាន​និយាយថា៖ «ចាន់ រតនា ជា​កីឡាករ​ទទួល​បាន​ការ​ហ្វឹកហាត់​កីឡា​ប្រយុទ្ធ​តាំង​ពី​ក្មេង​ពី​ដំបូង​ដោយ​ខ្ញុំ​ផ្ទាល់​ជា​គ្រូដើម។ គេ​ក៏​បាន​ហាត់​ហាប់គីដូ និង​វ៉ូវីណាម​ផង​ដែរ៕