ភ្នំពេញៈ កីឡាករ​កម្ពុជា ចាន់ សំអាត បាន​យំ​ដូច​កូនក្មេង និង​បាន​ចោទ​ចៅក្រម​ថា​ជា​ចោរលួច​ប្រាក់រង្វាន់​របស់​ខ្លួន បន្ទាប់ពី​រូបគេ​ត្រូវ​បាន​ប្រកាស​ឲ្យ​ចាញ់​ថៃ Phat Ngarm ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​លើ​សង្វៀន SEATV កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ចំណែក​ជើង​ខ្លាំង សុខ សាវិន បាន​ទាត់​ថៃ Den Sayam ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ១ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ក្រោយ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​របស់​គណៈកម្មការ​តាមរយៈ​ពិធីករ ហេរ៉ូ នោះ​កីឡាករ​ ចាន់ សំអាត មិន​បាន​បង្ហាញ​កាយវិការ​មិន​សមរម្យ​ណា​មួយ​តាមរយៈ​ការផ្សាយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ពេល​ចុះ​ពី​លើ​សង្វៀន​ភ្លាម កីឡាករ​រូបនេះ​បាន​យំ​សឹង​តែ​បោក​ខ្លួន​ព្រម​ទាំង​បាន​ហៅ​ពួកចៅក្រម​ដែល​ផ្តល់​ពិន្ទុ​ឲ្យ​រូបគេ​ចាញ់​ថា «​ជា​ចោរលួច​លុយ​ប្រាក់រង្វាន់​»​។

ចាន់ សំអាត របស់​ក្លិប​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​ដែល​គេ​ដាក់​រហស្សនាម​ថា «​អ្នកលេង​មកពី​ភ្នំ​ដងរែក​» ​នោះ​គឺ​មាន​ដើរ​ហែរហម​ដោយ​អ្នកគាំទ្រ​រួមមាន លោក ហ៊ុន ចាន់រាជ និង​កីឡាករ MMA មួយ​ចំនួន ព្រម​ទាំង​អ្នកគ្រូ សុខុម ប្រពន្ធ​លោក ម៉ា សេរី ជា​អ្នកគ្រប់គ្រង​ផង ហើយ​អ្នក​ទាំងនោះ​សុទ្ធតែ​បាន​អះអាង​ថា​ការផ្តល់​ពិន្ទុ​នេះ​ជា​គម្រោង​រៀបចំ​ឲ្យ​ចាញ់​តែ​ម្តង​ព្រោះ​ពិន្ទុ​នៃ​ការប្រកួត​ត្រូវ​បាន​គេ​មើលឃើញ​ថា ចាន់ សំអាត មាន​ប្រៀប​ជាង​កីឡាករ​ថៃ​។

ចំណែក ចាន់ សំអាត ដែល​បាន​យំ​រយៈពេល​យូរ និង​មិន​ទទួល​ស្គាល់​ការដាក់​ពិន្ទុ​បែប​នេះ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍ ថា​៖ «​ថៃ​វ៉ៃ​ជង្គង់​មិន​ចូល​ខ្ញុំ​ទេ គឺ​ខ្ញុំ​ការពារ​បាន​ទាំងអស់ ហើយ​ខ្ញុំ​ទាត់​វា​ដួល​ច្រើន​សឹងតែ​ខូច​ជើង ប៉ុន្តែ​ទីបញ្ចប់ វា​ឈ្នះ​គឺ​មិន​យុត្តិធម៌​សោះ​»​។

សុខ សាវិន បាន​ផ្តួល​ថៃ​ត្រឹម​ទឹក​ទី​ ១ ​។ ពន្លក

នៅពេល​សួរថា តើ​នឹង​មាន​ការប្តឹងតវ៉ា​ពី​លទ្ធផល​ឬ​យ៉ាងណា​? ចាន់ សំអាត បាន​ប្រាប់​ថា​៖«​ខ្ញុំ​មិន​ប្តឹង​តវ៉ា​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​មក​ប្រកួត​ទៀត​ឡើយ​»​។ យ៉ាងណា​ក៏ដោយ​អ្នកស្រី សុខុម ​និង​អ្នកគាំទ្រ​បាន​ទៅ​ជួប លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​និយាយ​ពី​បញ្ហា​នេះ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​យ៉ាង​ណា​នោះ​ទេ​។

ចំពោះ​ស្ថានភាព​ប្រកួត​ជាក់ស្តែង​វិញ​ត្រូវ​បាន​គេ​មើលឃើញ​ថា ចាន់ សំអាត មាន​ប្រៀប​លើ​កីឡាករ​ថៃ Phat Ngarm នៅក្នុង​ទឹក​ទី​ ១ និង​ទឹក​ទី​ ២ ព្រោះ សំអាត បាន​ទាត់​កីឡាករ​ថៃ​រូប​នេះ​ឲ្យ​ដួល​ច្រើនលើក​ច្រើនសា ខណៈ​ទឹក​ ៣ និង​ទឹក​ទី​ ៥ ជា​ឱកាស​របស់ Phat Ngarm ក្នុង​ការប្រើ​ជង្គង់​យក​ប្រៀប ឯ​ទឹក​ទី​ ៤ មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​។ ចំណែក​អ្នក​ទស្សនា​ភាគច្រើន​បាន​ហៅ​ការ​កាត់ក្តី​នេះ​ថា គ្មាន​ជាតិនិយម និង​លើកស្ទួយ​ខ្មែរ​ដូច​គ្នា ព្រោះ​នៅ​ថៃ​ឲ្យ​តែ​លទ្ធផល​ប្រហែល​គ្នា គេ​លើកស្ទួយ​ជាតិ​សាសន៍​របស់​គេ​ឲ្យ​ឈ្នះ​ហើយ​។

ជុំវិញ​បញ្ហា​នេះ​លោក រាជ សុផែន ស្នងការ​ប្រកួត​ប្រចាំ​សង្វៀន SEATV បាន​បកស្រាយ​ថា​៖ «​លទ្ធផល​គូប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ទាំង​ ៥ គឺ​ប្រធាន​វិនិច្ឆ័យ​ និង​ស្នងការ​ប្រកួត មិន​អាច​កែប្រែ​លទ្ធផល​នោះ​បាន​ទេ ប៉ុន្តែ​បើ​មាន​ការប្តឹងតវ៉ា​ណា​មួយ ហើយ​បាន​រកឃើញ​ថា​មិន​ប្រក្រតី​គឺ​ចៅក្រម​ផ្ទាល់​ជា​អ្នក​ទទួល​ទណ្ឌកម្ម ឬ​វិន័យ​ខ្លួនឯង​។ ហេតុនេះ​ខ្ញុំ​មិន​មាន​អត្ថាធិប្បាយ​អ្វី​ទេ ព្រោះ​បទបញ្ជា​ប្រកួត​ចែង​មក​យ៉ាង​នេះ ហើយ​គ្រប់​ភាគី​សុទ្ធតែ​បាន​ពិនិត្យ​មើល​នូវ​លក្ខខណ្ឌ​នោះ និង​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន​»​។

ដោយឡែក សុខ សាវិន បាន​ចំណាយ​ពេល​តែ​ ១ ​ទឹក​ក្នុង​ការផ្តួល​ថៃ Den Sayam ឲ្យ​សន្លប់ ហើយ​យោង​តាម​លទ្ធផល​នេះ សាវិន ត្រូវ​ឡើង​ទៅ​ជួប Phat Ngarm នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​នឹង​ប្រាក់រង្វាន់​ ៤០០០ ​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ និង​ ២០០០ ​ដុល្លារ​សម្រាប់​អ្នកចាញ់​៕