ភ្នំពេញ៖ ​អតីត​កីឡាករ​ជើង​ខ្លាំង ឡៅ ស៊ីណាត ដែល​ជា​បង​ប្រុស​បង្កើត​របស់​ជើង​ខ្លាំង​វ័យ​ក្មេង ឡៅ ចិត្រ្តា បាន​អះអាង​ថា ចិត្ត្រា បាន​ត្រៀម​លក្ខណ​សម្បត្តិ​រួច​រាល់​អស់​​ហើយ ក្នុង​ការ​យក​ឈ្នះ​លើ​អ្នក​ប្រដាល់ ឡុង ជិន សម្រាប់​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​លើ​សង្វៀន​របស់ PNN នា​រសៀល​​ថ្ងៃ​អាទិត្យ ​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​យក​ខ្សែ​​ក្រវាត់​មាស អម​ជាមួយ​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

អតីត​ជើង​ខ្លាំង ដែល​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក ឡៅ ស៊ីណាត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ ​«ឡៅ ចិត្ត្រា បាន​ត្រៀម​ពេញ​ល្អ​ណាស់ ហើយ​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ប្រកួត​នេះ នឹង​ធ្លាក់​​មក​លើ​យើង គឺ​ខ្ញុំ​មាន​សង្ឃឹម​លើ​ប្អូន​របស់​ខ្ញុំ​រហូត​ដល់ ​៨០ ​ភាគរយ»។

ឡៅ ស៊ីណាត ដែល​ជា​អ្នក​បង្ហាត់ ឡៅ ចិត្ត្រា ដោយ​ផ្ទាល់​ដៃ​នោះ​បាន​បញ្ជាក់​ថា៖ ​«​​អ្នក​ទាំង​នេះ មាន​សមត្ថភាព​ប្រកួត​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​ដែរ​ទេ ប៉ុន្តែ​ការ​ខិតខំ​ហ្វឹកហាត់​ខ្លាំង​របស់ ឡៅ ចិត្ត្រា នឹង​ធ្វើ​ឲ្យ​ការ​​វាយ​ចេញ​របស់​គេ កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត ហើយ​ការ​ប្រឹងប្រែង​នេះ ព្រោះ​យើង​ចង់​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស»។

នៅ​មុន​ការ​ឡើង​មក​ជួប​ ឡុង ជិន នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​មាស​នេះ ឡៅ ចិត្ត្រា បាន​ផ្តួល​កីឡាករ​​ថៃ​ឲ្យ​សន្លប់​យ៉ាង​ផុយ​ស្រួយ បំផុត ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ប្រាក់ ដោយ​ក្នុង​នោះ​រូប​គេ បាន​ផ្តួល Jaroenlaph ឲ្យ​សន្លប់​ក្នុង​ទឹកទី ​១ ក្នុង​វគ្គ​ជម្រុះ និង​បន្ត​វ៉ៃ​ថៃ Kongsiam ឲ្យ​សន្លប់​ទឹក​ទី​២ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។

ភាព​ខ្លាំង​របស់ ឡៅ ចិត្ត្រា បាន​ធ្វើ​ឲ្យ​កីឡាករ ឡុង ជិន កំពុង​បង្ហាញ​ភាព​មិន​ប្រាកដ សម្រាប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​លើក​នេះ។ សិស្ស​គណ​ក្លិប​ខ្លារខិន​មាន​រិទ្ធ​រូប​នេះ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ ​«កាល​ពី ​២ ​ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​បាន​ចាញ់​ពិន្ទុ ឡៅ ចិត្ត្រា ម្តង​ហើយ ហើយ​មក​ដល់​ពេល​នេះ ចិត្ត្រា កាន់​តែ​ល្អ​ជាង​មុន​ទៅ​ទៀត ហេតុ​នេះ​ការ​ជួប​គ្នា​លើក​នេះ នឹង​មាន​ការ​លំបាក​ច្រើន»។

ឡុង ជិន ក៏​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់ ១​ ផង​ដែរ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ​​ថៃ​ក្នុង​វគ្គ​ជម្រុះ និង​បាន​ឈ្នះ​ជន​រួម​ជាតិ តាញ់ មករា នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ។ តែ​ទោះបី​ជា​​យ៉ាង​ណា ឡុង ជិន បាន​ចាត់​ទុក​ការ​ចាប់​ឆ្នោត​​ជួប ឡៅ ចិត្ត្រា ក្នុង​វគ្គ​នេះ ថា​ជា​រឿង​ស៊យ​មួយ ចំពោះ​រូប​គេ។

ឡុង ជិន ​បង្ហើប​ថា បើ​សិន​ជា​រូប​គេ​ចាប់​ឆ្នោត​ប៉ះ កីឡាករ លន បញ្ញា ឬ សុខ សាវិន នោះ គេ​នឹង​មាន​សង្ឃឹម​​ច្រើន បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​អ្នក​ទាំង ​២ ​នេះ សុទ្ធ​តែ​ធ្លាប់​បាន​ចាញ់ ឡុង ជិន កន្លង​មក។

ឡុង ជិន ​បាន​បន្ថែម​ថា៖​ «​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន ​១០០ ​ភាគរយ ប៉ុន្តែ​លទ្ធផល​ទៅ​ជា​បែប​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​​ថា​ទុក​មុន​​ទេ ព្រោះ ចិត្ត្រា ល្អ​មួយ​ចប់​ទៅ​ហើយ។ ខ្ញុំ​សង្ឃឹម​​ត្រឹម ​៥០ ​ភាគរយ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព ព្រោះ​ខ្ញុំ​ក៏​ចង់​ឈ្នះ ដើម្បី​បាន​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​មាស​ដែរ»។

ដោយ​ឡែក​កីឡាករ​កម្ពុជា ចាន់ សំអាត និង ហ៊ីម សេរី ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ថៃ នៅ​ថ្ងៃ​អាទិត្យ​នោះ​ផង​ដែរ ដោយ​ក្នុង​នោះ សំអាត ត្រូវ​ប៉ះ​កីឡាករ​ទម្ងន់ ​៦០ ​គីឡូក្រាម Bovy Lookmuangpetc ហើយ ហ៊ីម សេរី ត្រូវ​ប្រកួត​នៅ​ក្នុង​ទម្ងន់ ​៥១ ​គីឡូក្រាម​​​ជាមួយ​ថៃ Nokkrachib Sitphoet៕