ភ្នំពេញៈ ក្រុម​ចំបាប់​នារី​របស់​កូរ៉េខាងត្បូង បាន​និង​កំពុង​ជួយ​បង្ហាត់​បង្ហាញ និង​ចែក​រំលែក​បទពិសោធ​ដល់​ក្រុម​ថ្នាល និង​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា តាមរយៈ​ការ​ហ្វឹក​ហាត់​រួម​គ្នា នៅ​ក្នុង​សាល​ដំបូល​ទូក ដោយ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ គឺ​បន្ទាប់​ពី​ពួកគេ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក វ៉ាត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍។

លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ NOCC ផង​នោះ បាន​ថ្លែងថា ជា​រៀងរាល់​ចុង​ឆ្នាំ គឺ​ខាង​ប្រតិភូ​កូរ៉េ តែង​តែ​ដឹកនាំ​កីឡាការិនី ១ ក្រុម​មក​ចូលរួម​ហ្វឹកហាត់​ដក​ស្រង់​បទពិសោធ​ជាមួយ​ក្រុម​ចំបាប់​កម្ពុជា ហើយ​ក្នុង​ចំណោម​កីឡាការិនី​ទាំង ៦ នាក់​មក​នេះ គឺ​មាន ៤ ទៅ ៥ នាក់ ជា​កីឡាការិនី​មាន​កម្រិត​ខ្ពស់ ដែល​ជា​កម្រិត​អន្តរជាតិ អាច​ជួយ​បណ្តុះ​បណ្តាល​នូវ​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​ដល់​កីឡាការិនី កីឡាករ​របស់​យើង។

លោក​បន្តថា៖«យើង​បាន​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​ចំបាប់​របស់​យើង​ទាំង​ក្រុម​ថ្នាល និង​ក្រុម​ធំ​ជម្រើស​ជាតិ ឲ្យ​ចូល​ហាត់​រួមគ្នា ជាមួយ​ក្រុម កីឡាការិនី​របស់​កូរ៉េ ហើយ​កិច្ចការ​នេះ នឹង​ត្រូវ​ធ្វើជា​រៀង​រាល់​ឆ្នាំ ក្នុង​ការ​ដក​ស្រង់​បទពិសោធ ហើយ​ក៏​ជា​ជំហាន​មួយ អាច​ឲ្យ​យើង​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ត្រង់ របស់​យើង ដើម្បី​យើង​ពន្លឿន​ការ​ហ្វឹក​ហាត់​បន្ថែម​ទៀត ត្រៀម​ស៊ីហ្គេម ឆ្នាំ ២០១៩»។

ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន ក៏បាន​សុំ​ឲ្យ​ភាគី​កូរ៉េ ជួយ​ទទួលយក​ក្រុម​ចំបាប់​នារី​កម្ពុជា ទៅ​ហាត់​ផ្ទាល់​នៅ​កូរ៉េ ដើម្បី​ត្រៀម​ការ​វិល​ទៅ​ប្រជែង​រក​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ ២០១៩ នៅ​ហ្វីលីពីន ផង​ដែរ។

លោក​ចំរើន បង្ហើប​ថា៖ «យើង​កំពុង​ទាមទារ​ឲ្យ​ខាង​កូរ៉េ យកចិត្តទុកដាក់ និង​អាច​បញ្ជូន​កីឡាការិនី​ចំបាប់​របស់​យើង​ត្រៀម​ស៊ីហ្គេម ឆ្នាំ​ក្រោយ បាន​ទៅ​ហាត់​នៅ​កូរ៉េ ហើយ​ភាគី​កូរ៉េ កំពុង​ពិនិត្យ​ពី​ពេលវេលា​ច្បាស់​លាស់​ណាមួយ ដើម្បី​យក​ក្រុម​កីឡា​ការិនី​របស់​យើង​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ចំបាប់​កូរ៉េ​តែ​ម្តង។ បន្ថែម​លើ​នេះ សហព័ន្ធ​របស់​យើង ក៏បាន​ត្រៀម​បញ្ជូន​អត្តពលិក ៥ នាក់ ទៅ​ហ្វឹកហាត់​នៅ​ចិន ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ក្រោយ ផង​ដែរ»។

លោក​បាន​បញ្ជាក់ថា៖ «សម្រាប់​ការត្រៀម​ស៊ី​ហ្គេម នៅ​ឆ្នាំ​ក្រោយនេះ យើង​មាន​ការ​ហ្វឹកហាត់​ជាមួយ​កូរ៉េ​ផង មាន​ការ​បញ្ជូន​មួយ​ចំនួន​ទៅ​កូរ៉េ​ផង និង​បញ្ជូន​ទៅ​ហាត់​នៅ​ចិន​ផង ហើយ​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​គេ ទៅ​លើ​បញ្ហា​កីឡាការិនី ព្រោះ​កីឡាការិនី យើង​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​ជយ​លាភី​ច្រើន»។

លោក​វ៉ា​ត់ ចំរើន បាន​បន្ថែមថា៖ «អ៊ីចឹង​ផែនការ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​ជំរុញ​ការ​ហ្វឹក​ហាត់ ជំរុញ​ផ្នែក​បច្ចេកទេស គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រក្សា​បាន​នៅ​សក្តានុ​ពល​របស់​កីឡា​ចំបាប់​កម្ពុជា នៅ​ស៊ីហ្គេម ឆ្នាំ ២០១៩ បន្ទាប់​ពី​កីឡា​ចំបាប់ ត្រូវ​បាន​ខក​ខាន មិន​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ក្នុង​ស៊ីហ្គេម ឆ្នាំ ២០១៥ នៅ​សិង្ហបុរី និង​ស៊ីហ្គេម កាល​ឆ្នាំ ២០១៧ នៅ​ម៉ាឡេស៊ី រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ»៕