ភ្នំពេញ៖ ​កីឡាករ​កម្ពុជា ពុទ្ធ ឆាយរិទ្ធី ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ប្រឈម​នូវ​ឧបសគ្គ​ធំ ខណៈ​រូប​គេ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់​របស់​ថៃ Chhouk Chhai ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់ ​«ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេមពាន» ​ទម្ងន់ ​៦៧ ​គីឡូក្រាម​ នៅ​លើ​សង្វៀន SEATV ​នាយប់​ថ្ងៃ​អាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី មាន​រំពឹង​ខ្ពស់ ក្នុង​ការ​ឈ្នះ​បាន ​៣ ពិន្ទុ ពី​កីឡាករ​ថៃ Chhieng Chhai។

បើ​ទោះ​បី​ជា ឆៃ សារ៉ា បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​ការ​ជួប Chhouk Chhai ដែល​មាន​ជំនាញ​ចាប់​ឱប​បង្វិល​បុក​​ជង្គង់​បាន​យ៉ាង​ល្អ​នេះ គឺ​ពិត​ជា​មាន​ការ​លំបាក ព្រោះ​ថៃ​ម្នាក់​នេះ​ធ្លាប់​បាន​បង្រ្កាប​ជើង​ខ្លាំង​របស់​កម្ពុជា​ច្រើន​នាក់​មក​ហើយ។ ប៉ុន្តែ លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក ឆៃ សារ៉ា ​បាន​ប្រាប់​​ថា​៖ ​«សម្រាប់​ក្បាច់​ប្រកួត​របស់​ថៃ ​Chhouk Chhai ​ខ្ញុំ​មាន​មធ្យោបាយ​ទប់ទល់​ ​ព្រោះ​គេ​ចេះ​តែ​មួយ​បែប​ប៉ុណ្ណោះ​ គឺ​ខ្ញុំ​បាន​បង្វឹក​ឲ្យ ​ឆៃ ​សារ៉ា​ ផ្លាស់​ប្តូរ​បច្ចេកទេស​ប្រកួត»​។​

លោក​ ធន់​ សុភា​ បាន​បន្ថែម​ថា​៖ ​«ខ្ញុំ​មាន​ជំនឿ​ថា ​ឆៃ ​សារ៉ា​ នឹង​ឈ្នះ​ Chhouk Chhai​បន្ត​ទៀត ​​បើសិន​គេ​ធ្វើ​តាម​បច្ចេកទេស​ខ្ញុំ​ប្រាប់ ​គឺ​វាយ​កណ្តាប់​ដៃ​ចេញ​មុន និង​​ទាត់​ឆ្ងាយ ​ហើយ​នៅ​ពេល​ឱប​គ្នា ត្រូវ​​ព្យាយាម​ប្រើ​កែង​រូស​ឲ្យ​បាន​រហ័ស ​នោះ​យើង​នឹង​​មាន​ប្រៀប​ឈ្នះ​ច្រើន​។​យ៉ាង​ណា​ក៏​ដោយ​ មិន​មែន​ចាញ់​ ឬ​ឈ្នះ​ដោយ​ងាយ​ស្រួល​ឡើយ​ ព្រោះ​សុទ្ធ​តែ​មាន​បច្ចេកទេស​ផ្ទាល់​រៀងៗ​ខ្លួន»​។​

ចំណែក​លោក​ ថៃ​ អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​​ថា​៖ ​«​បើ​ខ្ញុំ​គិត​ពី​សមត្ថភាព​ប្រកួត ​ឆៃ ​សារ៉ា ​ចេះ​ច្រើន​ក្បាច់​ និង​វ៉ៃ​បាន​ច្រើន​ល្បិច​កល ​ហើយ​មាន​លទ្ធភាព​ឈ្នះ​ខ្ពស់ ​ប៉ុន្តែ​បើ​ឲ្យ​ Chhouk Chhai ​ចាប់​ឱប​បាន​វិញ ​គឺ​ខ្ញុំ​ធានា​ថា ​Chhouk ​Chhai ​នឹង​ឈ្នះ ​១០០ ​ភាគរយ​។​ទោះ​ជា​យ៉ាង​ណា​ក្តី​ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​Chhouk ​Chhai ​មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង ​ដោយ​ប្រើ​ក្បាច់​ចាប់​ឱប​ឡើង​ជង្គង់​»។​

ចំពោះ​​ជំនួប​រវាង ​ពុទ្ធ ​ឆាយ​រិទ្ធី ​និង​​ថៃ ​Chhieng ​Chhai​ ត្រូវ​បាន​​លោក​ ណន ​រិទ្ធិ ជា​​គ្រូ​បង្វឹក​​និយាយ​ថា​៖ «​ឆាយរិទ្ធី ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ​ហើយ​ជំនួប​ប្រកួត​នេះ ​មិន​បារម្ភ​ពី​ការ​ចាញ់​នោះ​ទេ​ ​ព្រោះ​ ​Chhieng ​Chhai ​មាន​សមត្ថភាព​មិន​លើ ​ឆាយ​រិទ្ធី ​នោះ​ឡើយ»​៕