ភ្នំពេញៈ អ្នក​ប្រដាល់​កម្ពុជា ឆៃ សារ៉ា របស់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ និង វង្ស វិឆ័យ មកពី​ក្លិប​កងទ័ព​ឆត្រយោង​ ៩១១ សុទ្ធតែ​ទទួល​បាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​វគ្គ​ ៨ ​​នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire ដើម្បី​ឡើង​ទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

តាមរយៈ​ការប្រកួត​នៅ​សង្វៀន SEATV កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នោះ ឆៃ សារ៉ា ​បាន​ចំណាយពេល​តែ​ ១ ​ទឹក​ប៉ុណ្ណោះ​ក្នុង​ការផ្តួល​កីឡាករ​ថៃ Chhouk Nam chai ឲ្យ​សន្លប់​ចំណែក វង្ស វិឆ័យ បាន​ឈ្នះ​ពិន្ទុ​កីឡាករ Darin Chin មកពី​ប្រទេស​អូស្ត្រាលី​ដោយ​ពិន្ទុ​ដាច់​តែ​ម្តង​ក្នុង​ការប្រកួត​ចំនួន​ ៥ ​ទឹក​ពេញ​។

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ ឆៃ សារ៉ា និង វង្ស វិឆ័យ ត្រូវ​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​រង់ចាំ​អ្នក​ឈ្នះ​ចំនួន​ ២ ​នាក់​ទៀត​ឡើង​មកពី​វគ្គ​ជម្រុះ​វគ្គ​ ៨ ​នាក់​ចុងក្រោយ​ក្នុង​នោះ យ៉ាម ខេមរ៉ា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Kwan Ek ហើយ នន់ ជំនត់ ត្រូវ​ប៉ះ​កីឡាករ​អ៊ីរ៉ង់ Kavary ដែល​កំពុង​មាន​របួស​មិន​ទាន់​ជា​នៅ​ឡើយ​។

កីឡាករ ឆៃ សារ៉ា បាន​និយាយ​ក្រោយ​ប្រកួត​ថា​៖ «​ប្រសិន​បើ​ ៤ ​នាក់​ដែល​​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខ្ញុំ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​អ៊ីរ៉ង់​វិញ ពិតជា​លំបាក ប៉ុន្តែ​បើ​ប៉ះ​ខ្មែរ​គ្នា​ឯង​វិញ​សង្ឃឹម​ឈ្នះ ហើយ​ខ្សែក្រវាត់ និង​មេដាយមាស​ព្រម​ទាំង​ប្រាក់​ចំនួន​ ៥០០០ ​ដុល្លារ​គឺជា​របស់​ខ្ញុំ​ក្នុង​ភាគរយ​ខ្ពស់​»​។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​នៅ SEATV បាន​ប្រាប់​ថា​៖ «​ពេលនេះ​កីឡាករ​ខ្មែរ​យើង​ទាំង​ ២ ​នាក់​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ អ៊ីចឹង​យើង​នៅ​ចាំ​អ៊ុត​មើល​ការប្រកួត ២ ​គូ​ទៀត​នៅ​សប្តាហ៍​ក្រោយ ហើយ​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ទោះ​ជា​កីឡាករ​ខ្មែរ​ ឬ​កីឡាករ​បរទេស​ឈ្នះ​ក៏​កម្មវិធី​យើង​សាទរ​ដែរ ព្រោះ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ពិត​របស់​គេ​ម្នាក់ៗ​ធ្វើបាន​។ សំខាន់​ខ្ញុំ​ចង់​ឲ្យ​ការកាត់ក្តី​មាន​យុត្តិធម៌ និង​មាន​ការគាំទ្រ​ពី​អ្នកទស្សនា​។ ហេតុនេះ​ការប្រកួត​ប្រជែង​គ្នា​ត្រូវ​មាន​តម្លាភាព មិន​ប្រកាន់​ជាតិ​សាសន៍​នោះ​ទេ គឺ​យើង​ទទួល​យក​បាន​ទាំង​គ្រប់​ភាគី​»​។

លោក​បន្ថែម​ថា​ព្រឹត្តិការណ៍​ប្រកួត​នេះ​ពិតជា​អស្ចារ្យ ហើយ​ប្រាក់​រង្វាន់​មាន​ពី​លេខ ​១ ដល់​លេខ​ ៤ ខណៈ​លេខ​ ១ ​បាន​ខ្សែក្រវាត់​ ១ មេដាយមាស​​ ១ និង​ប្រាក់​ ៥០០០ ​ដុល្លារ​៕