ក្រុងសា​រាំងគ៍: ជប៉ុន បាន​ក្លាយ​ជា​ក្រុម​អាស៊ី​ដំបូង​គេ ក្នុង​ការ​យកឈ្នះ​លើ​ក្រុម​មួយ​​របស់​អាមេរិក​ខាង​​ត្បូង ក្នុង​យុទ្ធ​នា​ការ World Cup កាល​ពី​ថ្ងៃ​អង្គារ តាម​រយៈ​ការ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ដែល​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០​នាក់ ក្នុង​លទ្ធ​ផល ២-១ ដើម្បី​បំពេញ​​​ការ​សង​សឹក​ដ៏ផ្អែម​​​ល្ហែម សម្រាប់​ការ​រង​បរា​ជ័យ​ដ៏​ឈឺ​ចាប់​នៅ​ប្រេស៊ីល កាល​ពីឆ្នាំ​២០១៤​។

គ្រាប់​បាល់​ឈ្នះ​នៅនាទី ទី​៧៣​របស់​ខ្សែ​ប្រយុទ្ធ Yuya Osako បាន​​ផ្តល់​នូវ​ការ​ធូរ​ស្រាល​ដ៏​ធំ​មួយ​សម្រាប់​ជប៉ុន ដែល​បាន​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៤-១ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី កាល​ពី​៤​ឆ្នាំមុន អំឡុង​ពេល​យុទ្ធ​នាការ​ដ៏​​ត្រដាប​ត្រដួស​មួយ ដោយ​ក្នុង​ពេល​នោះ ពួក​គេ​មិន​បាន​កត់​ត្រា​ជ័យជម្នះ​សូម្បី​តែ​១លើក​​។

ភាព​ស្វិត​ស្វាញ​​នៃ​ការ​ប្រកួត​ក្នុង​ទីក្រុង Saransk ត្រូវ​បាន​ប្ដូរ​យ៉ាង​ឆាប់​រហ័ស នៅ​ពេល​ដែល​ខ្សែ​ការ​ពារ​កូឡុំ​ប៊ី Carlos Sanchez បាន​ទទួល​ការ​ពិន័យ​កាត​ក្រហម​ជា​លើក​ទី​១​​ក្នុង World Cup នៅ​​រុស្ស៊ី ឆ្នាំ​២០១៨ សម្រាប់​ការ​យក​ដៃ​វាយ​បាល់​​នៅ​រយៈ​ពេល​៣​នាទី​ដំបូង​នៃ​ការ​ប្រកួត​នេះ​។

ខ្សែ​ប្រយុទ្ធ​កូ​ឡុំ​ប៊ី Radamel Falcao (កណ្តាល) និង​ខ្សែ​ការ​ពារ Oscar Murillo (កណ្តាលខាងលើ) តែត​បាល់​ផុត​ខ្សែ​ការ​ពារ​ជប៉ុន Yuto Nagatomo​។ AFP

ខ្សែ​ប្រយុទ្ធ Shinji Kagawa បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ចូល​ទី​យ៉ាងល្អ ហើយ​បើ​ទោះ​បី​ខ្សែ​បម្រើ Juan Quintero បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​​តង់​ទី​១ក៏​ដោយ ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អ ខណៈ​ដែល​ Osako បាន​តែត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ពី​ការ​ស៊ុត​បាល់​ចេញពី​ជ្រុង​ម្ខាង ដើម្បីកត់ត្រា​ជ័យជម្នះ​តែ​ម្តង​។

Osako បាន​ឲ្យ​ដឹង​ថា៖ «ការ​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​១​​គ្រាប់​ក្នុង World Cup បាន​ក្លាយ​ជា​សុបិន​មួយ​សម្រាប់​ខ្ញុំ ចាប់​តាំង​ពី​ខ្ញុំ​នៅ​តូច​ម្លេ៉ះ ហេតុនេះ ខ្ញុំ​​ពិត​ជា​រីក​រាយ​ណាស់​»​។

ជា​មួយ​គ្នា ក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុង​លទ្ធផល ២-១ ក្នុង​ការប្រកួត​​ពូល H ដូច​គ្នា​នេះ​៕ IS