ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា ដែល​មាន​សមត្ថភាព​ល្អ ធន់ ចាន់តាក់, គង់ សំបូរ, សូត្រ ខេវិន និង រឿម ប៊ុនរួន (សេក គឹមរួន) សុទ្ធ​តែ​មាន​ភាព​មោះមុត​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​ទាំង​ភាគី ខេវិន, សេក គឹមរួន និង គង់ សំបូរ សុទ្ធ​តែ​ញញើត​កណ្តាប់​ដៃ ធន់ ចាន់តាក់។

កីឡាករ គង់ សំបូរ បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់​ដល់​ទៅ ៨០ ភាគរយ ប៉ុន្តែ​ខ្ញុំ​ញញើត​តែ ធន់ ចាន់តាក់ ម្នាក់​គត់ ដែល​មាន​ជំនាញ​កណ្តាប់ដៃ និង​ចូល​វាយ​សម្រុក​មិន​ចេះ​ដកថយ ព្រោះ​ខ្ញុំ​ធ្លាប់​ជា​សិស្ស​រួម​គ្រូ រួម​ក្លិប​ជាមួយ ចាន់តាក់ និង​ដេក​ហ្វឹកហាត់​ជាមួយ​គ្នា​ខ្ញុំ អ៊ីចឹង​ខ្ញុំ​ដឹង​ច្បាស់។ ចំណែក សេក គឹមរួន និង សូត្រ ខេវិន ខ្ញុំ​ធ្លាប់​ឈ្នះ​ច្រើន​ដង​មក​ហើយ មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ គឺ​អាច​យក​ឈ្នះ​បាន​គ្រាន់​តែ​តឹងតែង​បន្តិច​ដែរ»។

ចំណែក លោក សួន ប៊ុនសូត្រ គ្រូបង្វឹក និង​ជា​ឪពុក ខេវិន ប្រាប់​ថា៖ «ខេវិន ធ្លាប់​ចាញ់ សំបូរ និង​ឈ្នះ សេក គឹមរួន ប៉ុន្តែ​មិន​ដែល​ជួប ចាន់តាក់ ទេ។ តាម​ការ​ប្រឹង​ហាត់​មួយ​រយៈ​នេះ ខ្ញុំ​មាន​ល្បិចកល​ខ្លះ ដើម្បី​យក​ឈ្នះ គង់ សំបូរ និង គឹមរួន ឱ្យ​បាន​ក្នុង​ទំនុក​ចិត្ត​ខ្ពស់ ៨០ ភាគរយ ប៉ុន្តែ​បើ​ចាប់​ឆ្នោត​ប៉ះ ចាន់តាក់ គឺ​លំបាក​ប្រកួត​ណាស់ ព្រោះ​វា​វ៉ៃ​មិន​ចេះ​ស្ទាបស្ទង់​ទេ ចូល​ទៅ​ដឹង​តែ​សម្រុក​ផ្តាច់​តែ​ម្តង។ ទោះ​យ៉ាង​ណា ខ្ញុំ​នឹង​ជួយ​ផ្តល់​បច្ចេកទេស​ឱ្យ ខេវិន វ៉ៃ​ឱ្យ​បាន​ប្រាក់​លាន​លើក​នេះ»។

ចំពោះ សេក គឹមរួន វិញ​និយាយ​ថា៖ «ខ្ញុំ​ឡើង​ទៅ ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព ប៉ុន្តែ​មិន​ហ៊ាន​អះអាង​ឈ្នះ​ប៉ុន្មាន​ភាគរយ​ទេ ព្រោះ​គេ​សុទ្ធតែ​ជា​ជើង​ចាស់​ខ្លាំងៗ​ក្នុង​ទម្ងន់​នេះ។ ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ ៥០ ភាគរយ​ប៉ុណ្ណោះ ហើយ​បើ​ប៉ះ ធន់ ចាន់តាក់ វគ្គ​ជម្រុះ​វិញ ដូចជា​ញញើត​ខ្លាច​គាត់​ដែរ ព្រោះ​មួយ​រយៈ​នេះ ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ ហាត់​មិន​បាន​ល្អ ប្រកួត​ចាញ់​ញឹកញាប់​ដែរ ដោយសារ​កម្លាំង​ធ្លាក់​ចុះ»។

ចំណែក​លោក ធន់ សុភា គ្រូបង្វឹក ធន់ ចាន់តាក់ បាន​និយាយ​ថា៖ «ពួកគេ​ទាំង ៤ នាក់​នេះ ជើង​ចាស់​ដូចគ្នា មិន​ងាយ​ឈ្នះ​ចាញ់​ផុយៗ​ទេ គឺ​តឹងតែង​ណាស់។ តាម​ខ្ញុំ​មើល ធន់ ចាន់តាក់ មិន​ល្អ​លើស​កីឡាករ ៣ នាក់​ទៀត​នេះ​ទេ ប៉ុន្តែ​វា​មាន​ចិត្តធំ ចូល​វាយ​មុន មិន​ប្រចាំ​ដៃគូ តែ​បើ​វ៉ៃ​តាម​បច្ចេកទេស​មួយៗ​វិញ គង់ សំបូរ ល្អ​ជាង ព្រោះ សំបូរ និង ចាន់តាក់ ធ្លាប់​ជា​កូន​សិស្ស​ក្នុង​ក្លិប​តែ​មួយ ហើយ​ក្រោយ​មក​ទើប​បែក​ទៅ​នៅ​ក្លិប​ផ្សេង​ពី​គ្នា»៕