ភ្នំពេញៈ កីឡាករវ័យក្មេងកំពុងហាត់ក្នុងជម្រើសជាតិ ឡុង សំណាង និង វ៉ាន់ វឿន បានផ្តួលជើងខ្លាំងថៃ ឲ្យសន្លប់ដូចគ្នា ឯ មឿន សុខហ៊ុច វាយកែង Chhouk Chhay ឲ្យសន្លប់ត្រឹមទឹកទី ២ កាលពីថ្ងៃអាទិត្យ នៅលើសង្វៀន SEATV។
សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍នោះ ឡុង សំណាង ដែលចាញ់ប្រៀបក្បាច់ទាត់ថៃនោះ បានវាយកែងចូលគល់ថ្គាមនិងសៀតផ្កា ធ្វើឲ្យអាជ្ញាកណ្តាលរាប់ Kong Kangvan ចំនួន ២ លើក មុនពេលបញ្ឈប់នៅចុងទឹកទី ៤។លទ្ធផលនេះធ្វើឲ្យគេមើលឃើញកាន់តែច្បាស់នូវសមត្ថភាពពិតរបស់ សំណាង ក្នុងទម្ងន់ ៦៣,៥ គ.ក្រ គឺគេកាន់តែលេចធ្លោ និងឆ្នើមបំផុតផ្នែកប្រដាល់គុនខ្មែរ នៅឆ្នាំ ២០១៨ នេះ។
ជាមួយគ្នានេះ វ៉ាន់ វឿន បានផ្តួលថៃ Khumlek ឲ្យសន្លប់ត្រឹមទឹកទី ២ យ៉ាងងាយ ប៉ុន្តែការឈ្នះថៃលឿនបែបនេះ នាំឲ្យមានការសង្ស័យពីអ្នកទស្សនាភាគច្រើន ព្រោះ Khumlek មកលើកមុនៗ ប្រកួតខ្លាំង ដោយធ្លាប់ឈ្នះជើងខ្លាំង ហ៊ឹម សេរី ដល់ទៅ ២ លើកឯណោះ។
ជុំវិញបញ្ហានេះ លោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួត បានទម្លាយឲ្យដឹងថា Khumlek ជិះឡានមកមានបញ្ហាសុខភាពបន្តិចបន្តួច ហើយទម្ងន់ពិតរបស់គេបានតែ ៥៤ គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែបើមិនប្រកួត គឺខូចកម្មវិធីរបស់គេ។ លោកសូមអភ័យទោសដល់ទស្សនិកជនផងថា៖ «កីឡាករមានពេលខ្លះសុខភាពមិនសូវស្រួល វ៉ៃមិនសូវល្អ។ បងប្អូនមានការសង្ស័យ គឺមិនខុសទេ សូមអរគុណ ដែលតាមដានបានល្អនោះ»។
ដោយឡែក មឿន សុខហ៊ុច ដែលរកកល់នឹងសន្លប់ម្តងៗក្រោមជង្គង់របស់ ជើងខ្លាំង Chhouk Chhay នោះ បែរជាអាចវាយកែងស្តាំ ចូលគល់ថ្គាមតែមួយកែងនាំឲ្យ Chhouk Chhay ដួលសន្លប់ធំតែម្តង។
លោក ថាញ់ វាឡេក គ្រូបង្វឹកកីឡាករថៃ និយាយថា៖ «កីឡាករ Chhouk Chhay ចាញ់មិនគួរឲ្យជឿសោះ ប៉ុន្តែវាជាការពិតដែលសន្លប់ធំភ្លាមៗ មិនអាចងើបរួច នៅពេលដែលចូលមួយកែងដ៏ធ្ងន់នោះ»៕