ភ្នំពេញ៖ ​ការ​ប្រកួត​​​​ពាន​​ TV5 Boxing Knock Out Serie ​​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​ជុំ​ទី ​៣ ហើយ ដើម្បី​ស្វែងរក​អ្នក​ឈ្នះ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ជំនួប ​២ ​គូ នៅ​យប់​ថ្ងៃ​សៅរ៍​នេះ ហាក់​បី​ដូច​ជា​ប្លែក​អារម្មណ៍​ ព្រោះ​វា​ជា​ការ​ជួប​គ្នា​រវាង​ជើង​ខ្លាំង​ជំនាន់​ថ្មី​ ស៊ន ​រ៉ាគីម​ និង ទូច ដាវីដ ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់ កូយ ឡាយ និង ឡុង ជិន។

ទោះ​ជា​ប្រវត្តិ​ប្រកួត​ និង​បទពិសោធ​ខុស​គ្នា​ ប៉ុន្តែ​រវាង​ជើង​ចាស់​ ឡុង ​ជិន និង ទូច ដាវីដ រួម​ទាំង​ការ​ជួប​គ្នា​រវាង ​កូយ​ ឡាយ​ និង​ជើង​ថ្មី ​ស៊ន ​រ៉ាគីម ​ត្រូវ​បាន​គេ​រំពឹង​ថា ​ការ​ប្រជែង​យក​ឈ្នះ​ក្នុង​លក្ខណៈ​តឹងតែង ​និង​ស្រួចស្រាវ​បំផុត​ ដែល​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​មុន​ការ​ប្រកួត​ណាស់ ព្រោះ​សមត្ថភាព​អ្នក​ប្រដាល់​ថ្មី​​ទាំង ​២ ​នេះ​ ធ្លាប់​ធ្វើ​ឲ្យ​ជើង​ចាស់​មួយ​ចំនួន​ចាញ់​ទាំង​អស់​ចិត្ត​។​

សម្រាប់​ការ​ប្រកួត ​២ ​លើក​កន្លង​មក ​ស៊ន ​រ៉ាគីម​ បាន​យក​​ឈ្នះ​អ្នក​ប្រដាល់​លំដាប់​ខ្លាំង ​ឡុង​ ខេត្ត ​របស់​​ក្លិប​ខ្លារ​ខិន​មាន​រិទ្ធ ​ដោយ​ពិន្ទុ នៅ​ក្នុងជុំ​ទី ​១ ​ហើយ​នៅ​ជុំទី ២ ​គេ​បាន​ផ្ដួល​ជើង​ចាស់​ម្នាក់​ទៀត ​ស៊ឹម​ ប៊ុនឆៃ​ មក​ពី​ក្លិប​ព្រៃ​ទទឹង​កីឡា​ខេត្ត​បាត់ដំបង​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹកទី ​២ ​ប៉ុណ្ណោះ​។​

លោក​ ឈុត ​សេរី​ ជា​គ្រូ​បង្វឹក​​បាន​ប្រាប់​ថា​៖ ​«រ៉ាគីម ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​ណាស់​ ដោយ​បាន​ឡាំ​ជាមួយ ឈុត ​សេរីវ៉ាន់ថន ​ជា​សិស្ស​ច្បង​ គឺ​គេ​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ប្រកួត​ ​ព្រោះ​ដៃ​គូ​ក្នុង​វគ្គ​​នេះ​ កាន់​តែ​ខ្លាំង​ទៅ​ៗ​»។​

លោក​បន្ត​ថា៖ ​«​សូម្បី​តែ​បុណ្យ​បិណ្ឌ​ភ្ជុំ​​កន្លង​មក ​ក៏ រ៉ាគីម ហាត់​​មិន​សម្រាក​​ដែរ​ ប៉ុន្តែ​ខ្ញុំ​​មិន​ទាន់​​ហ៊ាន​ទស្សន៍ទាយ​លទ្ធផល​ទេ​ ​ព្រោះ​យើង​នៅ​ខ្ចី​ជាង ​តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ​ខណៈ​ដែល ​កូយ ​ឡាយ​ ក៏​មិន​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ​ គឺ​អាច​និយាយ​ថា ​៥០ ​ភាគរយ​ម្នាក់»​។​

ចំណែក កូយ​ ឡាយ ​បាន​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង ​កំពែង​ ខ្មៅ​ របស់​​សមាគមកីឡា​ប្រដាល់​ក្រសួង​កសិកម្ម​ នៅ​ជុំ​ទី ​១ ហើយ​នៅ​ជុំ​ទី ២ ​គេ​ឈ្នះ​ រឿន ​ឈី ​ក្លិប​គុហារ​ព្រហ្មជ័យ​ ដែល​អវត្តមាន។​ តែ​ទោះ​ជា​យ៉ាង​ណា​កាល​នោះ​ គណៈកម្មការ​បាន​ដាក់​ឲ្យ ​កូយ ​ឡាយ ​ប្រកួត​កម្ដៅ​សាច់​ដុំ និង លីន ​វីរៈ ​ក្លិប​បូរីរាជ​សីហ៍​មាន​រិទ្ធ​។

ដោយ​ឡែក​ការ​ជួប​គ្នា​រវាង ​ឡុង ​ជិន ​ក្លិប​ខ្លារខិន​មាន​រិទ្ធ ​និង ទូច​ ដេវីដ ​ក្លិប​អារុណរះ​កីឡា​ក៏​ស្ថិត​នៅ​ក្នុងការ​ចាប់​អារម្មណ៍​ផង​ដែរ។​ ​ឡុង ​ជិន បាន​​ឈ្នះ​ពិន្ទុ ឌុម កែវដប​ ក្លិប​យុវវាល​ស្បូវ​ ក្នុង​ជុំទី ​១ ​និង​បន្ត​​ឈ្នះ​ពិន្ទុ ​ខាំ សូរិយា​ ក្លិប​រ៉ាហាប់​ស្វាយ​ប៉ាក​ នៅជុំ​ទី ​២​ ប៉ុន្តែ ឡុង​ ជិន​ មួយ​រយៈ​នេះ​ ហាក់​ដូច​ជា​ស្រុត​ចុះ​ច្រើន។

លោកស្រី​ ឡុង​ រ៉ាវី​ ប្រធាន​ក្លិប​ខ្លារខិន​មាន​រិទ្ធ បាន​ប្រាប់​​ថា៖ ​«​យើង​​សង្ឃឹម​ឈ្នះ​តិច​ទេ ​ព្រោះ​ ឡុង ​ជិន​ មិន​សូវ​ហាត់ ​វិន័យ​ខ្សោយ និង​​ដើរ​លេង​ច្រើន។ ទោះ​ជា​យ៉ាង​ណា ​ក្បាច់​ប្រកួត​នៅ​តែ​ល្អ ​តែ​បញ្ហា​លំបាក ​គឺ​កម្លាំង»​។​

ចំណែក​​ ទូច​ ដេវីដ ជា​​ជើង​ថ្មី ដែល​​​​មាន​កណ្តាប់​ធ្ងន់​ ហើយ ​២ ​ប្រកួត​កន្លង​មក​នេះ ​ទូច ​ដេវីដ ​​បាន​​ឈ្នះ​ កុយ ចាន់តូ​ ក្លិប​គីសែ​មាន​រិទ្ធ​ នៅ​ទឹក​ទី ១ ​និង​បាន​ឈ្នះ​ជើង​ខ្លាំង​ ទិត្យ​ សុវណ្ណគីរី​ នៅ​ជុំ​ទី ​២។​ រីឯ​ប្រវត្តិ​ប្រកួត​វិញ ទូច ​ដេវីដ ធ្លាប់​ប្រកួត​​ជាង ​១០ ​ដង ​តែ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​អស់ ​គឺ​ចាញ់​តែ​ម្តង​គត់​៕