ភ្នំពេញ៖ អ្នកប្រដាល់ជើងថ្មី ២ នាក់ គឺ អេលីត ភក្តី និង ឡុង បេនលឿន ព្រមទាំងអ្នកប្រដាល់ជើងចាស់ ពុយ វណ្ណៈ និង សូត្រ ខេវិន នឹងត្រូវឡើងមកប្រកួតគ្នា ដណ្តើមយកកៅអីចុងក្រោយក្នុងវគ្គ ៣ នៃព្រឹត្តិការណ៍ TV5 Boxing Knock Out Serie នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ព្រែកកំពឹសនាថ្ងៃសៅរ៍នេះ។
ការវិលមកជួបគ្នារវាង ពុយ វណ្ណៈ និង សូត្រ ខេវិន គឺអ្នកខ្លាំងទល់នឹងខ្លាំង ព្រោះពួកគេសុទ្ធតែជាអ្នកខ្លាំង។ ចំណែក ឡុង បេនលឿន ទោះបីគេមិនសូវមានឈ្មោះល្បី ប៉ុន្តែសមត្ថភាពវ៉ៃខ្លាំង ចិត្តធំស្រដៀងទៅនឹងដៃគូរបស់គេ អេលីត ភក្ដី ដែរ។ ហេតុនេះការជួបគ្នារវាងអ្នកទាំង ២ មានការលំបាក នឹងព្យាករលទ្ធផលទុកមុន ព្រោះជើងខ្លាំងជំនាន់ថ្មីដូចគ្នា ប៉ុន្តែ អេលីត ភក្តី ចាញ់ប្រៀបផ្នែកកម្ពស់ ឡុង បេនលឿន។
លោក ស៊ន អេលីត គ្រូបង្វឹក អេលីត ភក្តី បានប្រាប់ថា មានទំនុកចិត្តឈ្នះ ៦០ ភាគរយ ព្រោះមួយរយៈនេះ ការប្រកួតជាមួយកីឡាករថៃរបស់ ភក្តី បានឈ្នះភាគច្រើន ហើយហ្វឹកហាត់ក៏បានល្អដែរ។ ចំណែកលោក ឡុង សាលវ័ន្ត គ្រូបង្វឹក ឡុង បេនលឿន និយាយថា សង្ឃឹមឈ្នះ ៨០ ភាគរយ ខណៈដែលក្បាច់ជង្គង់របស់ ឡុង បេនលឿន ល្អជាង និងហ្វឹកហាត់សម្រួចត្រៀមបានល្អ។
គួររំឭកថា មុនឈានជើងមកដល់វគ្គ ២ ឬវគ្គ ១៦ នាក់ចុងក្រោយនេះ អេលីត ភក្ដី បានឈ្នះអ្នកប្រដាល់ជើងចាស់ ភិន សុចន្ទី របស់ក្លិបនាគរាជចតុមុខដោយពិន្ទុ ចំណែក ឡុង បេនលឿន បានឈ្នះអ្នកប្រដាល់ សឿន ឆ្នើម ដោយពិន្ទុដែរ ហើយការប្រកួតលើកនេះ គឺអ្នកឈ្នះ និងបានឡើងទៅវគ្គ ៣ ឯអ្នកចាញ់ធ្លាក់។
ដោយឡែក សូត្រ ខេវិន និង ពុយ វណ្ណៈ មានបទពិសោធប្រកួតចាស់វស្សាដូចគ្នា។ ពុយ វណ្ណៈ ធ្លាប់ឈ្នះជើងឯករង ហើយ សូត្រ ខេវិន ក៏ធ្លាប់ឈ្នះជើងឯករង ពិសេសរដូវកាលមុននៅសង្វៀននេះ សូត្រ ខេវិន ទទួលបានលេខ ៣ ផងដែរ។ លោក សួន ប៊ុនសូត្រ ជាគ្រូបង្វឹក និយាយថា មានទំនុកចិត្តឈ្នះ ៨០ ភាគរយ ចំណែកអ្នកគ្រូ សុខ សុខា អ្នកគ្រប់គ្រងកីឡាករ ពុយ វណ្ណៈ សង្ឃឹមឈ្នះ ៩០ ភាគរយ។
បើនិយាយពីបច្ចេកទេស ពុយ វណ្ណៈ ជំនាញប្រើដៃល្អ ចំណែក សូត្រ ខេវិន ជំនាញប្រើជង្គង់ល្អ ប៉ុន្តែចិត្តតូចជាងបន្តិច ខណៈការប្រកួតវគ្គជម្រុះនៅវគ្គ ១ ពុយ វណ្ណៈ ឈ្នះ លីន សុខឈុន នៅក្នុងទឹកទី ២ ហើយ សូត្រ ខេវិន បានឈ្នះ លីន វីរៈ ដោយពិន្ទុ៕