ភ្នំពេញ៖ ​ការ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​​ជ្រើសរើស​ជើងឯក​ជាតិ​ ប្រចាំ​ឆ្នាំ ​២០២០ ដែល​មិន​អាច​រៀបចំ​បាន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នោះ ត្រូវ​បាន​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា លើក​យក​មក​ធ្វើ​​ឡើង​វិញ​នា​​ថ្ងៃទី ​២០​ ដល់​ថ្ងៃទី ​២២​ ខែ ​មករា ​ឆ្នាំ ​២០២១​ នៅ​មាត់​សមុទ្រ​ ក្នុង​ខេត្តកែប ដើម្បី​សម្រិត​សម្រាំង​ជ្រើសរើស​យក​អត្តពលិក ដែល​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អៗ​ចំនួន ​១៤ ​នាក់ ត្រៀម​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ ​២០២១ ​នេះ នៅ​ប្រទេស​វៀតណាម។

ជាមួយ​នឹង​គោលដៅ​សម្រិតសម្រាំង​​បាន​អត្តពលិក​មាន​សមត្ថភាព​ដ៏​ពិត​ប្រាកដ​នេះ សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​ចំនួន​អ្នក​ចូលរួម​នៅ​ក្រោយ ៧០ ​នាក់ ហើយ​​អ្នក​ដែល​មិន​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​នោះ​ទេ ព្រោះ​សហព័ន្ធ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ជាយថាហេតុ។

លោក ​ងិន ​សុខបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​បាន​ប្រាប់​​ថា​៖ ​«ការ​រៀបចំ​ការ​ប្រកួត​នេះ ​ធ្វើ​ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប៉ុន្តែ​យើង​មាន​វិស័យ​ឯកជន​ជួយ​ឧបត្ថម្ភ​ខ្លះ ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​កីឡា​ទ្រីយ៉ាត្លុង​ ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​បាន​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​ខាង​មុខ ​ពិសេស​ក្នុង​ឱកាស​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើកទី ​៣២ ​ឆ្នាំ ​២០២៣»។

លោក​បាន​បន្ថែម​ថា​៖ «​ឆ្នាំ​នេះ ​យើង​សម្រិត​​សម្រាំង​យក​​អ្នក​ចូលរួម​តិច ដើម្បី​ពង្រឹង​​គុណភាព​ការ​ប្រកួត ​គឺ​មាន​ក្លិប​ចូលរួម​ចំនួន ​៩ ​ក្លិប និង​​មាន​អត្តពលិក​ជាង ​៥០ ​នាក់ ​(ស្រី ​១៨ ​នាក់) ហើយ​យើង​​ប្រកួត​ប្រជែង​យក​អ្នក​ឆ្នើម​ចំនួន ​១៤ ​នាក់ ​ដោយ​ពុំ​គិត​ពី​ក្រុម​​ធំ​ជម្រើសជាតិ​ ​ឬ​ក្រុម​​ថ្នាល​ ដូច​ឆ្នាំ​មុនៗ​ទៀត​នោះ​​ទេ​ ដើម្បី​យក​មក​​បង្វឹក​ជា​ប្រចាំ​ និង​ដាក់​ឱ្យ​ពួក​គេ​ប្រកួត​ជើងឯក​ជាតិ ប្រចាំ​ឆ្នាំ ​២០២១ ​មុន​ខែ​តុលា​ ម្តង​ទៀត ​រួច​ទើប​ចេញ​ទៅ​ប្រ​កួត​ស៊ីហ្គេម​ លើក​ទី​៣១ ​នៅ​វៀតណាម​ នៅ​ខែ​វិច្ឆិកា ឆ្នាំ ​២០២១ ​នេះ»​។​

សម្រាប់​ការ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ​ឆ្នាំ ​២០២០ ​នេះ គឺ​មាន​ការ​ប្រកួត​ប្រជែង​លើ​ ​៣ ​វិញ្ញាសា ទី១ វិញ្ញាសា​​ទ្រីយ៉ាត្លុង​ (TRIATHLON) ទាំង​ផ្នែក​​បុរស និង​នារី ​មិន​កំណត់​អាយុ​ ដោយ​ហែល​ទឹក​ចម្ងាយ ​៧៥០ ​ម៉ែត្រ រួច​ជិះកង់​ចម្ងាយ​ ​២០ ​គីឡូម៉ែត្រ និង​រត់​ប្រណាំង ​៥ ​គីឡូម៉ែត្រ ទី​​២ ​វិញ្ញាសា​​ឌូអាត្លុង​ (DUATHLON) ទាំង​ផ្នែក​​បុរស និង​នារី ​មិន​កំណត់​អាយុ ​ដោយ​រត់​ប្រណាំង ​៥ ​គីឡូម៉ែត្រ រួច​ជិះ​កង់​ចម្ងាយ​ ​២០ ​គីឡូម៉ែត្រ និង​រត់​ប្រណាំង ​២,៥ គីឡូម៉ែត្រ​ ចំណែក​ទី​៣ វិញ្ញាសា​អាគ័តត្លុង​ (AQUATHLON) ទាំង​ផ្នែក​​បុរស-នារី​ កំណត់​អាយុ​​ក្រោម ​១៦ ឆ្នាំ​ ដោយ​ហែលទឹក ​៣៥០ ​ម៉ែត្រ​ និង​រត់​ប្រណាំង ​២,៥ គីឡូម៉ែត្រ។​

លោក​ ងិន ​សុខបញ្ញា​ បាន​ប្រាប់​​បន្ថែម​ថា​ ក្រុម​អត្តពលិក​ និង​ក្រុម​ការងារ ដែល​ចូល​រួម​ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ​ត្រូវ​បាន​ផ្តល់​ជូន​ការ​ស្នាក់នៅ ​ហូប​ចុក ​និង​ការ​ធ្វើ​ដំណើរ​ ដោយ​យើង​​មាន​ការ​​សហការ​ល្អ ​ពី​សាលា​ខេត្ត​កែប ​ព្រម​ទាំង​វិស័យ​ឯកជន​ចូលរួម​​ឧបត្ថម្ភ​ និង​ផ្តល់​រង្វាន់​ជា​សម្ភារ​បន្ថែម ​ដូច​ជា​ក្រុមហ៊ុន​ Giant​, Ford ​និង Online​ ជា​ដើម​ ខណៈ​ដែល​ប្រាក់​រង្វាន់​ចំណាត់​ថ្នាក់​លេខ ​១​ ទទួល​បាន ​៤០ ​ម៉ឺន​រៀល ​លេខ ​២ ​បាន​ ​៣០ ​ម៉ឺន​រៀល ​និង​លេខ ​៣​ បាន​ ​២០ ​ម៉ឺន​រៀល​៕