ភ្នំពេញ: អតីត​អ្នកលេង​កីឡា​ចំបាប់​នៃ​ក្រុម​ជម្រើសជាតិ ជ័យ ចាន់រស្មី ដែល​បាន​ប្រឡូក​ក្នុង​សកម្មភាព​កីឡា​អស់​រយៈពេល​ជាង​ ១១ ​ឆ្នាំ និង​ធ្លាប់​ទទួល​បាន​ជយលាភី​ពី​កម្រិត​អន្តរជាតិ​ផង​នោះ នៅ​មិន​ទាន់​បានសម្រេច​គោលបំណង​ធំ​របស់​ខ្លួន​នៅឡើយ​ទេ គឺ​ការ​ក្លាយ​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​ជម្រើសជាតិ​។

ស្រប​ពេល​ដែល​មាន​វ័យ ៣១ ​ឆ្នាំ និង​មាន​កម្លាំង​ធ្លាក់ចុះ​ផង​នោះ កីឡាការិនី ជ័យ ចាន់រស្មី ពេល​នេះ​មាន​តួនាទី​ជា​គ្រូ​កីឡា​ម្នាក់​នៅ​អនុវិទ្យាល័យ​មួយ និង​ជា​មន្ត្រី​កីឡា​ស្ម័គ្រចិត្ត​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ ប៉ុន្តែ ជ័យ ចាន់រស្មី មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ចំណង់ចំណូល​ចិត្ត និង​បទពិសោធ​ដែល​នាង​ធ្លាប់​ជា​កីឡាការិនី​ជម្រើសជាតិ​ចំបាប់​អស់​រយៈពេល​ជាង​ ១១ ​ឆ្នាំ និង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។

ទាក់ទង​ទៅ​នឹង​សកម្មភាព​នៅក្នុង​កីឡា ជ័យ ចាន់រស្មី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​បាន​ភ្ជាប់​ខ្លួន​ជា​កីឡាការិនី​អស់​រយៈពេល​ជាង​ ១១ ​ឆ្នាំ និង​បាន​ចូលរៀន​នៅ​សាលា​កីឡា (​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា វិទ្យាស្ថាន​កីឡា​) ​ហើយ​បច្ចុប្បន្ន​ខ្ញុំ​ចង់​សម្រេច​គោលបំណង​ធំ​មួយ​ទៀត​គឺ​ធ្វើ​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​ចំបាប់ ដើម្បី​ឲ្យ​ស្រប​ពេល​ទៅតាម​ជំនាញ និង​បទពិសោធ​កន្លង​មក​របស់​ខ្ញុំ​»​។

កីឡាការិនី ជ័យ ចាន់រស្មី បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​ ២០០៨ ហើយ​បាន​ចូល​សិក្សា​ និង​បញ្ចប់​គរុកោសល្យ​សាលា​កីឡា​រយៈពេល​ ២ ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​ ២០១០ ប៉ុន្តែ ចាន់រស្មី បាន​ចូល​ហ្វឹកហាត់​កីឡា​ចំបាប់​ជាមួយ​​គ្រូបង្វឹក​លោក វ៉ាត់ ចំរើន តាំងពី​រៀន​នៅ​វិទ្យាល័យ ហើយ​នាង​បាន​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​តាំងពី​ឆ្នាំ​ ២០០៦ រហូត​ដល់​ឆ្នាំ​ ២០១៨​។

យ៉ាងណា​ក៏ដោយ​ការធ្លាក់​ចុះ​នូវ​គុណភាព​កម្លាំង​បាន​បង្ខំ​ឲ្យ ជ័យ ចាន់រស្មី លាឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨ ហើយ​បាន​មក​ធ្វើ​ជា​គ្រូបង្វឹក​កីឡា​ក្នុង​ក្របខ័ណ្ឌ​ក្រសួង អប់រំ យុវជន និង​កីឡា​ព្រម​ទាំង​ធ្វើ​ជា​មន្ត្រី​ក្រុម​ជំនួយការ​ឲ្យ​លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

នៅក្នុង​ប្រវត្តិ​ប្រកួត​កីឡា​ចំបាប់ កីឡាការិនី ជ័យ ចាន់រស្មី ក្រៅពី​ឈ្នះ​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​ជា​​បន្តបន្ទាប់​គឺ​នាង​ធ្លាប់​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​ ៤ នៅក្នុង​ការប្រកួត​កីឡា​ចំបាប់​យុវជន​អាស៊ាន​កាល​ឆ្នាំ​ ២០០៦ ហើយ​នៅ​ឆ្នាំ​ ២០០៩ នាង​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ឡាវ​។ ចំណែក​ការប្រកួត​ស៊ីហ្គេម​កាលពី​ឆ្នាំ​ ២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ជ័យ ចាន់រស្មី បាន​ត្រឹម​លេខ​ ៤ មុន​ពេល​កីឡាការិនី​រូបនេះ​បាន​បន្ត​ឈ្នះ​មេដាយ​សំរឹទ្ធ ស៊ីហ្គេម ឆ្នាំ​ ២០១៣ នៅ​ប្រទេស មីយ៉ាន់ម៉ា​។

ប៉ុន្តែ​ការចូលរួម​ប្រកួត​កីឡា​ឆ្នេរខ្សាច់​នៅ​ប្រទេស​វៀតណាម​កាល​ឆ្នាំ​ ២០១៦ ចាន់រស្មី មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ ខណៈ​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ី​ឆ្នាំ​ ២០១៥ គេ​មិន​ដាក់​កីឡា​ចំបាប់​នោះ​។ ទោះ​ជា​យ៉ាង​ណា​ការប្រកួត​ចំបាប់​កម្រិត​ពិភពលោក​នៅ​កូតឌីវ័រ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ជ័យ ចាន់រស្មី ទទួល​បាន​មេដាយ​សំរឹទ្ធ ១ ទៀត​មុន​នឹង​នាង​លាចាក​ពី​ក្រុម​ជម្រើស​ជាតិ​កីឡា​ចំបាប់ ក្នុង​ឆ្នាំ ២០១៨ ។

ជ័យ ចាន់រស្មី បាន​បញ្ជាក់​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​ឈប់​ពី​កីឡាការិនី​ជម្រើសជាតិ​ដោយសារ​ខ្ញុំ​មាន​របួស​ដៃ​ស្រប​ពេល​កម្លាំង​របស់​ខ្ញុំ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​អាយុ​គឺ​មិន​អាច​ប្រកួត​ឈ្នះ​ដៃគូ​បរទេស​បាន​ទេ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​កីឡា​ចំបាប់ និង​បាន​ចូល​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ដែល​ខ្ញុំ​ពេញចិត្ត​គឺ​ឯកឧត្តម វ៉ាត់ ចំរើន ដែល​បច្ចុប្បន្ន​គាត់​បាន​ឆ្លង​ផុតពី​គ្រូបង្វឹក​មក​ជា​អ្នកដឹកនាំ​កំពូល​ក្នុង​កីឡា​ទៅ​ហើយ​»​។

កីឡាការិនី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​៖ «​ទោះបី​ជា​បច្ចុប្បន្ន ខ្ញុំ​ជា​គ្រូ​កីឡាអត្តពលកម្ម​ បាល់ទះ និង​បាល់បោះ ប្រចាំ​អនុវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​នៃ​ក្របខ័ណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​គោលបំណង​ធំ​របស់​ខ្ញុំ គឺ​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​កីឡា​ចំបាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត និង​ជំនាញ​របស់​ខ្ញុំ​ដែល​ធ្លាប់​ឆ្លងកាត់​ជាង​ ១១ ​ឆ្នាំ​មក​នោះ​»៕