ភ្នំពេញ៖ ​ការ​​ប្រកួត​​សន្សំ​ពិន្ទុ ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ទម្ងន់ ​៦៣,៥ គីឡូក្រាម នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​នេះ ​បាន​​ឈាន​ដល់​ជុំទី ៣ ​ហើយ ដោយ​ក្នុង​នោះ​ ​យ៉េន​ ឌីណា ត្រូវ​ជួប ​Wan​ Chhaleum​ ហើយ ​រិន ​សារដ្ឋ​ ត្រូវ​ប៉ះ​ Kolap Dam​ ដែល​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​មាន​សមត្ថភាព​ល្អ ​ជើង​ខ្លាំង​ចាស់​វស្សា​ដូច​គ្នា​។

ទោះ​ជា​យ៉ាង​ណា​ក្តី​ប្រភព​ពី​ភាគី ​យ៉េន ឌីណា​ មាន​ជំនឿ​ចិត្ត​ថា ​នឹង​ទទួល​បាន​លទ្ធផល​ឈ្នះ​ ក្នុង​ការ​បន្ត​ទៀត​ ខណៈ​ដែល​ការ​ហ្វឹកហាត់ ​កំពុង​មាន​សកម្មភាព​ខ្លាំង។ លោក​ អេ​ ភូថង ​គ្រូ​បង្វឹក ​​យ៉េន ​ឌីណា​ បាន​និយាយ​ថា៖ «​តាម​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ និង​មាន​ការ​ណែនាំ​ពី​លោក​គ្រូ​ថា ​យុទ្ធ​ ភូ​ថង​ ផង​ ខ្ញុំ​ហ៊ាន​ទស្សន៍ទាយ​ និង​សង្ឃឹម​ជឿជាក់​ថា​ ​គឺ ​៩០ ​ភាគរយ ​យ៉េន ​ឌីណា​ នឹង​ឈ្នះ ​​ព្រោះ​ពេញ ​៣ ​សប្តាហ៍​នេះ​ ខ្ញុំ​បង្វឹក​ដោយ​ផ្ទាល់​ដៃ​ ពិសេស​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ ​មិន​អនុញ្ញាត​ឲ្យ​ដើរ​លេង​នោះ​ឡើយ»​។​

កីឡាករ យ៉េន ឌីណា ដែល​មាន​ឈ្មោះ​ពិត​ថា ​ប៉ោ​ ភារិទ្ធ នោះ ខំ​ស្តារ​មុខ​មាត់​វិញ​បាន​ល្អ ​បន្ទាប់​ពី​មាន​ការ​រិះគន់ ពី​ការ​ធ្លាក់​ចុះ​នៃ​គុណភាព​ប្រកួត​កន្លង​មក ​ហើយ​​បាន​ធ្វើ​ឲ្យ​ ​១០ ​ប្រកួត​ចុង​ក្រោយ​របស់​​គេ បាន​​ឈ្នះ ​៧ ​ចាញ់ ​១ និង​ស្មើ ​២ ដង ​ក្នុង​ជំនួប​ជាមួយ​កីឡាករ​បរទេស​។ ចំណែក​​​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី ​៣ ​នេះ ​យ៉េន ​ឌីណា ​ប្តេជ្ញា​យក​ឈ្នះ​ឲ្យ​​បាន​ ខណៈ​ដែល​​រូប​​គេ​បាន​ឈ្នះ​កីឡាករ​ថៃ ​២ ​លើក​រួច​មក​​ហើយ​។

យ៉ាង​ណា​មិញ ​Wan Chhaleum​ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប តែ​ការ​ប្រកួត​របស់​គេ​ជាមួយ​ ពុយ​ វណ្ណៈ​ កន្លង​មក បាន​ចាញ់​ដូចជា​មិន​សូវ​ទំនង​។​ លោក​ ថៃ​ អ៊ូ​ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​និយាយ​ថា៖ ​«​ឱកាស​របស់ Wan Chhaleum ​​ដើម្បី​យក​ឈ្នះ​ យ៉េន ​ឌីណា ​ពិត​ជា​លំបាក​ខ្លាំង​ដូច​គ្នា​ ​ព្រោះ​ជ័យ​ជម្នះ​បាន ​៣ ​ពិន្ទុ ​ក្នុង​វគ្គ​នេះ ​គឺ​សំខាន់​ដូច​គ្នា ​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ​»។​

ដោយ​ឡែក ការ​ជួប​គ្នា​រវាង ​រិន ​សារដ្ឋ ​ក្លិប​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក​ និង ​ថៃ​ Kolap Dam​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា សារដ្ឋ មាន​សង្ឃឹម​តិច​តួច​ក្នុង​ការ​ឈ្នះ​។ សម្រាប់​ការ​ប្រកួត ​២ ​លើក​កន្លង​មក ​​អ្នក​ទាំង ​២ ​នេះ បាន​ឈ្នះ​ ១​ ​និង​ចាញ់ ​១ ​ប្រកួត ​មាន ​៤ ​ពិន្ទុ​ដូចគ្នា ​ប៉ុន្តែ​​ការ​ឈ្នះ​របស់​ ​រិន ​សារដ្ឋ​ ​គឺ​ឈ្នះ​ដោយសារ​សំណាង​ ព្រោះ​​គូ​ប្រកួត​របស់​គេ​រក្សា​ទម្ងន់​មិន​បាន​ ហើយ​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឲ្យ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ។

កីឡាករ រិន សារដ្ឋ​ ធ្លាប់​ប្រកួត​បាន​ ​៦០ ដង ​ឈ្នះ ​៤៥ ​ចាញ់ ​១២​ និង​ស្មើ​ពិន្ទុ ​៣ ​ដង​ រីឯ​Kolap ​Dam​ វិញ​ គេ​មាន​ប្រវត្តិ​ប្រកួត​​បាន ​១០១ ​ដង ​ឈ្នះ ​៨៦​ ​ចាញ់ ​១៤​ ​និង​ស្មើ ​១ ដង​។​ លោក​ មាស​ វណ្ណី​ គ្រូ​បង្វឹក ​រិន​ សារដ្ឋ​ បាន​និយាយ​ថា៖ ​« រិន សារដ្ឋ មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​យក​ឈ្នះ​ ​ព្រោះ​ Kolap ​Dam ​មាន​កម្រិត​បច្ចេកទេស​ ដោយ​មាន​ស្នៀត​ទាត់​ល្អ​ជាង»​៕​