ភ្នំពេញ៖ ក្រុមណាហ្គាវើល ដែលទើបបានទម្លាក់ក្រុមភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន កាលពីយប់ថ្ងៃពុធ បានបង្ហាញមហិច្ឆតា ចង់បន្តយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតបិទរដូវកាលលីគកំពូលកម្ពុជា នៅថ្ងៃអាទិត្យនេះ ចំណែកភ្នំពេញក្រោន ក៏ចង់បង្អាក់ដំណើរការឈ្នះពានរបស់ក្រុមបឹងកេត ដូចគ្នា។
គ្រូបង្វឹក មាស ចាន់ណា និង ក្រុមណាហ្គាវើល ទាំងមូល មានការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទី ៣-១ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធនោះ ខណៈអ្នកចាំទី ស៊ូ យ៉ាទី បានក្លាយជាវីរបុរសជួយសង្គ្រោះក្រុមដ៏គួរឱ្យសរសើរ។
លោក មាស ចាន់ណា បានប្រាប់ថា៖ «យើងចង់បញ្ចប់ការប្រកួតនៅត្រឹម ៩០ នាទី ប៉ុន្តែពេលឃើញស្ថានភាព ដែលក្រុមយើងនៅក្រោមគេវិញ គឺនៅត្រឹមនាទី៨៥ ខ្ញុំចាប់ផ្តើមគិតចង់ឱ្យការប្រកួតនេះ ឈានដល់ការទាត់បាល់ប៉េណាល់ទីវិញ ហើយយើងពិតជារំភើបខ្លាំង ដែលយើងបានយកឈ្នះ ភ្នំពេញក្រោន ទាំងវេទនា ខណៈ ស៊ូ យ៉ាទី នៅតែជាកីឡាករដ៏សំខាន់ ដែលតែងតែជួយដល់ក្រុម នៅក្នុងការប្រកួតដ៏សំខាន់ ពិសេសពេលទាត់បាល់ប៉េណាល់ទី បែបនេះ»។
នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយស្មើគ្នា ០-០ ក្នុងការប្រកួត ៩០ នាទីពេញនោះ ស៊ូ យ៉ាទី បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់ ប៉ាក់ កែវម៉ូនី និង ម៉ៅ ពិសិដ្ឋ យ៉ាងល្អបំផុត ក្រោយពេលប្រធានក្រុមភ្នំពេញក្រោន កុក បូរីស បានស៊ុតបាល់ទៅប៉ះបង្គោលទី បន្ទាប់ពីអ្នកចាំទី សាវែង សំណាង ជួយសង្គ្រោះគ្រាប់បាល់ទី ២ របស់ណាហ្គាវើល ដែលស៊ុតដោយ គួច ដានី នោះ។ ជារួមមានតែ ជួន ចាន់ចាវ ទេដែលធ្វើបានសម្រេចឱ្យក្រោន ចំណែក ៣ គ្រាប់របស់ណាហ្គាវើល សម្រេចដោយ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឡេង មករា។
ចំណែក ស៊ូ យ៉ាទី បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដែលបានជួយក្រុម ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំក៏សូមអរគុណដល់មិត្តរួមក្រុម ដែលយើងបានខំប្រឹងទាំងអស់គ្នាតាំងពីដើមដល់ចប់ ដើម្បីទទួលបានលទ្ធផលទាំងអស់នេះ គឺយើងរួមគ្នាជាក្រុមតែម្តង ហើយយើងចង់បន្តភាពខ្លាំងរបស់ណាហ្គាវើលនៅវគ្គផ្តាច់ព្រ័ត្រ»។
ជាមួយការទម្លាក់ក្រុមភ្នំពេញក្រោន នេះ ក្រុមណាហ្គាវើល នឹងត្រូវជួបក្រុមវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះ វិសាខា បានយកឈ្នះក្រុមខេត្តព្រៃវែងដោយបាល់ប៉េណាល់ទី ៩-៨ កាលពីយប់ម្សិលមិញនៅវគ្គ ១/២ ផ្តាច់ព្រ័ត្រនេះដែរ។ បន្ថែមលើនេះ ណាហ្គាវើល នឹងត្រូវលេងមួយទំហឹងជាមួយក្រុមស្វាយរៀង សម្រាប់ការប្រកួតលីគកំពូលនៅថ្ងៃអាទិត្យ ដើម្បីអាចប្រជែងបានឡើងទៅលេខ ៤។
លោក មាស ចាន់ណា បាននិយាយថា៖ «ដោយសារការប្រកួតផ្តាច់ព្រ័ត្រពានសម្តេចនៅយូរថ្ងៃទៀត អ៊ីចឹងការជួបក្រុមស្វាយរៀងថ្ងៃអាទិត្យនេះ យើងត្រូវដាក់លេងពេញជើង ព្រោះយើងចង់ឈ្នះ ដើម្បីអាចបានលេខ ៤ ហើយជំនួបនេះ បើសិន ស្វាយរៀង ចង់ឈ្នះខ្លាំង ប្រហែលជាវេទនារបស់ខាងខ្ញុំវិញ ព្រោះអ្នកណាក៏ដឹងដែរថា ណាហ្គាវើល វាយបកបានលឿន»។
សម្រាប់ការប្រកួតនេះ ក្រុមស្វាយរៀង ដែលកំពុងឈរនៅលេខ ២ មាន ៣៨ ពិន្ទុ ពិតជាត្រូវការឈ្នះខ្លាំងបំផុត ដើម្បីប្រជែងយកពានជាមួយក្រុមកំពុងឈរនៅលេខ ១ ស្រាប់ បឹងកេត ដែលមាន ៤០ ពិន្ទុ ខណៈ បឹងកេត ត្រូវប៉ះក្រុមភ្នំពេញក្រោន ដែលអះអាងថា ត្រូវការឈ្នះខ្លាំងដូចគ្នា ដើម្បីធ្វើឱ្យកំណត់ត្រា កាន់តែប្រសើរ ទោះបីជា ភ្នំពេញក្រោន បានលេខ ៣ ដោយស្វ័យប្រវត្តិទៅហើយក៏ដោយ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-គិរិវង់ v អាស៊ីអឺរ៉ុប កីឡដ្ឋានគិរីវង់សុខសែនជ័យ ៣:៣០
-អង្គរថាយហ្គឺរ v សូលទីឡូអង្គរ កីឡដ្ឋាន SRU ៣:៣០
-យុវជនបាទី v អគ្គិសនីកម្ពុជា នៅសាលាបាល់ទាត់ជាតិបាទី ៣:៣០
៣ ប្រកួត នៅថ្ងៃអាទិត្យ
-ទ័ព v វិសាខា កីឡដ្ឋានស្តាតចាស់ ម៉ោង ៦:០០
-ភ្នំពេញក្រោន v បឹងកេត នៅកីឡដ្ឋាន RSN ៦:០០
-ស្វាយរៀង v ណាហ្គាវើល កីឡ.ខេត្តស្វាយរៀង ៦:០០