ភ្នំពេញ៖ គ្រូបង្វឹក​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន​អះអាង​ថា ការ​ផ្ទះ​ឡើង​ម្តង​ហើយ​ម្តង​ទៀត​នៃ​វិបត្តិ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​មួយ ទៅ​ដល់​ក្រុម​របស់​លោក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​រដូវកាល​ថ្មី ជាពិសេស​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ឆ្នាំ ២០២១ ដែល​នឹង​ចាប់​ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី ៦ ខែមីនា ចុង​សប្តាហ៍​នេះ។

លោក មាស ចាន់ណា មិន​បាន​គិត​ថា ក្លិប​ធំៗ មាន​ដូចជា បឹងកេត ព្រះខ័នរាជ​ស្វាយរៀង វិសាខា ភ្នំពេញ​ក្រោន អង្គរ​ថាយហ្គឺ សមាគម​កីឡា​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (ទ័ព) និង​ក្លិប​មួយ​ចំនួន​ទៀត ដែល​មាន​ទីលាន ឬ​កីឡដ្ឋាន ផ្ទាល់​ខ្លួន ​គឺ​មិន​ជួប​ការ​លំបាក​ក្នុង​ការ​រក​ទីតាំង​ហ្វឹកហាត់ ដូច​ក្រុម​ណាហ្គាវើល​នោះ​ទេ។

គ្រូបង្វឹក​រូប​នេះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ការ​ត្រៀម​ខ្លួន​របស់​យើង​មិន​សូវ​ជា​បាន​ល្អ​ប៉ុន្មាន​ទេ ព្រោះ​បញ្ហា​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​យើង​មាន​ការ​លំបាក​មែន​ទែន ដោយ​យើង​ត្រូវ​រត់​រក​​​ទីលាន​ហ្វឹកហាត់​រហូត គឺ​ម្តង​ហាត់​នៅ​ទី​នេះ ម្តង​នៅ​ទីនោះ ចំណែក​ក្រុម​មួយ​ចំនួន​ទៀត មិន​សូវ​មាន​ការ​ប៉ះពាល់​ប៉ុន្មាន​ទេ ទាក់ទង​នឹង​ការ​ហ្វឹកហាត់​នេះ ដោយសារ​គេ​មាន​ទីលាន​ផ្ទាល់​ខ្លួន និង​មាន​ស្តាត​ផ្ទាល់​ខ្លួន»។

លោក ចាន់ណា បាន​បន្ត​ថា៖ «យើង​នៅ​មិន​ទាន់​មាន​ទីលាន​ផ្ទាល់​ទេ ដោយសារ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ កំពុង​តែ​សាងសង់ អ៊ីចឹង​យើង​នៅ​មិន​ទាន់​មាន​ទីតាំង​មួយ​ជាប់លាប់​ឡើយ ដោយ​យើង​ដូរ​រហូត គឺ​យើង​ហាត់​នៅ​តាម​សាលា តែ​សាលា​គេ​បិទ ហើយ​ពេល​ប្តូរ​ទៅ​ហាត់​នៅ​កន្លែង​ផ្សេង គេ​បិទ​ទៀត ហេតុ​នេះ​យើង​មាន​ការ​ពិបាក​មែនទែន ប៉ុន្តែ​បើ​យើង​មាន​ទីលាន​ខ្លួនឯង គឺ​យើង​ហាត់​នៅ​តែ ១ កន្លែង ហើយ​កីឡាករ​ក៏​នៅ​តែ ១ កន្លែង អ៊ីចឹង​វា​មាន​ការ​ងាយ​ស្រួល​ដល់​យើង»។

យ៉ាងណា​ក៏​ដោយ នៅ​រដូវកាល​នេះ ក្រុម​ណាហ្គាវើល បាន​នាំយក​កីឡាករ​ក្នុង​ស្រុក​សម្បូរ​បទពិសោធ​ជា​ច្រើន​នាក់​រួម​មាន នុប តុលា, សំអឿន ពិដោរ, នេន សុធារដ្ឋ ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ខ្សែ​ប្រយុទ្ធ តាំង សុភ័ក្រ និង ពេជ្រ សុវណ្ណខេមរិន្ទ ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម​អង្គរថាយហ្គឺរ មក​ចាប់​ដៃ​លេង​ជាមួយ​កីឡាករ​ជើង​ចាស់​របស់​ខ្លួន គួច សុកុម្ភៈ, វ៉ា ខ្វិនទីន, សុះ ស៊ូហាណា, ឃឹម បូរី, សារី ម៉ាត់ណូរ៉ូទីន និង​កីឡាករ​មួយ​ចំនួន​ទៀត។

បន្ថែម​លើ​នេះ ណាហ្គាវើល ក៏​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​កម្ពស់ ១,៩៣ ម៉ែត្រ​សញ្ជាតិ​ម៉ុលដាវី Leuca Petru ខ្សែ​បម្រើ​ជប៉ុន Fumiya Kogure ដែល​ទើប​ចាកចេញ​ពី​ក្រុម​សូលទីឡូ​អង្គរ ខ្សែ​ការពារ​ជនជាតិ​អេស្ប៉ាញ Manuel Herrera Lopez និង​បាន​រក្សា​ទុក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ជនជាតិ​ប្រស៊ីល Marcio សម្រាប់​ជួប​ក្រុម​ផង​ដែរ គឺ​អាច​និយាយ​បាន​ថា នៅ​រដូវកាល​នេះ ណាហ្គាវើល​ពេញ​ជើង​ទាំង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​លីគ​កំពូល​កម្ពុជា ហើយ​បុរស​ជនជាតិ​ប្រេស៊ីល​សម្បូរ​បទពិសោធ​លោក Jose Alves ក៏​ត្រូវ​បាន​តែងតាំង​ជា​នាយក​បច្ចេកទេស សម្រាប់​ជួយ​ជ្រោមជ្រែង​ដល់​ក្លិប​ណាហ្គាវើល ផង​ដែរ។

ទាក់ទង​ទៅ​នឹង​ការ​នាំ​យក​ធនធាន​កីឡាករ​ល្អ​ទាំង​នេះ មក​ជួយ​ក្រុម​ក្នុង​រដូវ​កាល​នេះ លោក មាស ចាន់ណា បញ្ជាក់​ថា៖ «ការ​នាំ​យក​កីឡាករ​សម្បូរ​បទពិសោធ​មក​ចូលរួម​ជាមួយ​ក្រុម ក្នុង​រដូវ​កាល​នេះ គឺ​យើង​ផ្តោត​ទាំង​ទៅ​លើ​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន និង​លីគ​កំពូល​កម្ពុជា ប៉ុន្តែ​ការ​ប្រកួតប្រជែង​នៅ​រដូវកាល​នេះ ពិត​ជា​តានតឹង​ណាស់ ដោយសារ​ក្រុម​មួយៗ​បាន​ពង្រឹង​ទៅ​លើ​គុណភាព​កីឡាករ ពិសេស​កីឡាករ​បរទេស ដែល​មាន​ការ​ពង្រឹង​ខ្លាំង​មែន​ទែន»៕