ក្រុង​ឡុងដ៍: តារាឆ្នើម Mohamed Salah​ បាន​បញ្ជាក់​ប្រាប់​លោក Jurgen Klopp យ៉ាង​ច្បាស់​ថា រូប​គេ​ចង់​លេង​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ដើម្បី​ព្យា​យាម​​បង្កើត​ប្រវត្តិ​សាស្ត្រ​នៃ​ការ​រក​គ្រាប់​បាល់​សម្រាប់​ក្រុម Liverpool​ ខណៈ​ដែល​ពួក​គេ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​បាត​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League គឺ West Bromwich Albion​។

វា​មាន​ន័យ​ថា ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អេ​ហ្ស៊ីប​រូប​នេះ កំពុង​តែ​​មាន​​ការ​ស្ទាក់​ស្ទើរ​តែ​ក្នុង​ការ​សម្រាក​សម្រាប់​ការប្រកួត​នៅ​​ថ្ងៃ​សៅរ៍​នេះ នា​កីឡដ្ឋាន The Hawthorns បើ​ទោះ​បី​​លោក Klopp អ្នក​ចាត់​ការ​ទូទៅ​បស់​ក្រុម Liverpool ត្រូវ​តែ​ធ្វើ​ការ​រៀប​ចំ​ក្រុម​មួយ​សម្រាប់​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​​​កណ្តាល​ផ្តាច់​​ព្រ័ត្រ ជើង​ទី​១ ​ជា​មួយ​នឹងក្រុម Roma នៅ​រាត្រី​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ​​ក៏ដោយ​។

Salah បាន​ក្លាយ​ជា​កីឡាករ​ទី​៣​ក្នុង​ការ​រក​គ្រាប់​បាល់​បាន​៤០​គ្រាប់​​ក្នុង​រដូវ​កាល​មួយ​សម្រាប់ Liverpool នៅ​ពេល​ដែល​រូប​គេ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ក្នុង​ពេលក្រុម​ខ្លួន​យក​​ឈ្នះ​លើ​ក្រុម Bournemouth ៣-០ កាល​ពី​ចុងសប្តាហ៍មុន​។

Mohamed Salah (ស្តាំ) របស់​ក្រុម Liverpool ដណ្តើម​បាល់​ជា​មួយ​នឹង​ខ្សែ​បម្រើ​អង់គ្លេស Jake Livermore របស់​ក្រុម West Bromwich​។ AFP

បច្ចុប្បន្ន រូប​គេ​​នៅ​សល់​ត្រឹម​តែ​៧​គ្រាប់​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​តាម​ស្មើ​កំណត់ត្រា​​របស់​ក្លិប​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ Ian Rush ដែល​រក​បាន​៤៧​គ្រាប់​សម្រាប់ Liverpool ក្នុង​​រដូ​វកាល​ឆ្នាំ​១៩៨៣-១៩៨៤​។

ប៉ុន្តែ លោក Klopp ត្រូវ​តែ​ធ្វើ​ការ​ពិចារណា​ថា តើ​ត្រូវ​​ប្រើប្រាស់​ Salah សម្រាប់​ការប្រកួត​ជាមួយ​នឹងក្រុម West Brom ឬ​យ៉ាង​ណា ខណៈ​ដែល​ការ​ប្រកួត​នេះ​​កើត​ឡើង​ត្រឹម​តែ​៣​ថ្ងៃ នៅ​មុន​ពេល​ការ​ប្រកួត​ជា​​មួយ​នឹង Roma ដែល​ជា​អតីត​ក្លិប​របស់​ខ្សែ​បម្រើ​ស្លាប​រូបនេះ​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​៦:៣០ល្ងាច​៕ IS