ក្រុង​តូក្យូ​៖ ក្រុម​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ នៅ​ទីក្រុង​តូក្យូ​របស់​ប្រទេស ​ជប៉ុន កំពុង​ពិចារណា​យក​ខែ​កក្កដា ឆ្នាំ ​២០២១ ជា​ថ្ងៃ​ចាប់​ផ្ដើម​សម្រាប់​ព្រឹត្តិការណ៍ ដែល​ត្រូវ​បាន​ប្រកាស​​ឲ្យ​ផ្អាក​​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស ​ជប៉ុន ដែល​បាន​​រាយការណ៍​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ ក្រោយ​​ពី​មាន​ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ធ្វើ​ការ​ពន្យារ​ពេល ដោយសារ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា​។

ដោយ​ការ​រាលដាល​នៃ​ជំងឺ​នៅ​តែ​បន្ត​មាន​ ហើយ​និង​​ត្រូវ​ការ​ពេល​ត្រៀម​ផង គម្រោង​ដែល​ទំនង​កើត​មាន​បំផុត​សម្រាប់​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​កីឡា​នេះ គឺ​នៅ​ថ្ងៃ​ទី ​២៣ ខែ ​កក្កដា ឆ្នាំ ​២០២១។ នេះ​បើ​តាម​ការ​ផ្សាយ​ឲ្យ​ដឹង​ពី​ទូរទស្សន៍​របស់​រដ្ឋ NHK ដោយ​យោង​តាម​ប្រភព​ពី​ផ្ទៃ​ក្នុង​របស់​ក្រុម​​អ្នក​រៀបចំ​។​

រឿង​នេះ​​​កើត​មាន​ ក្រោយ​ពី​អភិបាល​ក្រុង​តូក្យូ​​​ លោក​ស្រី​ Yuriko Koike បាន​លើក​ជា​គំនិត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ឲ្យ​ផ្លាស់​ព្រឹត្តិការណ៍​នេះ ទៅ​ពេល​ដែល​សីតុណ្ហភាព​ប្រចាំ​ឆ្នាំ​​​​មិន​សូវ​ក្ដៅ និង​ត្រជាក់​បន្តិច​។

លោកស្រី​អភិបាល​ក្រុង​បាន​លើក​ហេតុផល​ថា​ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​លើ​វិញ្ញាសា​​​រត់​ម៉ារ៉ាតុង និង​ការ​ប្រកួត​កីឡា​​ផ្សេងៗ​ទៀត​ងាយ​ស្រួល​នឹង​សម្រប​ខ្លួន​​បាន​ ពោល​គឺ​មាន​​ន័យ​ថា​ ពួក​គេ​អាច​រៀបចំ​ក្នុង​រាជធានី​តែ​ម្ដង ជា​ជាង​ប្ដូរ​ទៅ​ធ្វើ​នៅ​ទីក្រុង​ Sapporo ដែល​គណៈកម្មាធិការ​អូឡាំពិក​​អន្តរជាតិ (IOC) បាន​សម្រេច​​ឲ្យ​អត្តពលិក​ទៅ​ប្រកួត​ទីនោះ​​។ ​

យោង​តាម​កាសែត​ Asahi Shimbun បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​​រៀបចំ​កីឡា​អូឡាំពិក​ Tokyo 2020 ដែល​ដឹកនាំ​ដោយ លោក​​ Yoshiro Mori បាន​និង​កំពុង​ពិភាក្សា​ជាមួយ IOC ហើយ សម្រាប់​ពេល​វេលា​ដែល​អាច​ឲ្យ​ព្រឹត្តិការណ៍​នេះ​ ចាប់​ផ្ដើម​ដំណើរការ​។ កាល​ពី​ចុង​សប្ដាហ៍​មុន លោក​ Mori បាន​ថ្លែង​ទៅ​កាន់​ស្ថានីយ​ទូរទស្សន៍​មួយ​របស់​ជប៉ុន​ថា​៖​ «​ការ​សរុប​ផ្នែក​ខ្លះ ​អាច​នឹង​ធ្វើ​ឡើង​ ក្នុង​រង្វង់​មួយ​សប្ដាហ៍​ទៀត​»​។​

ដំបូង​ឡើយ កីឡា​អូឡាំពិក​គ្រោង​ប្រារព្ធ​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​២៤ ខែ​កក្កដា ឆ្នាំ​នេះ ហើយ​បន្ទាប់​មក​​ប៉ារ៉ាឡាំពិក​ ​នៅ​ថ្ងៃ​ទី ​២៥ ខែ​សីហា ប៉ុន្តែ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ប្រទេស ​ជប៉ុន​ ដែល​ដេញ​ថ្លៃ​​បាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​លើ​លោក​ ដែល​តែង​កើត​មាន ៤​ឆ្នាំ​ម្ដង​នេះ បាន​ប្រកាស​​ដោយ​មាន​ការ​យល់​ស្រប​ពី​ IOC ថា ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សិន ដែល​នេះ​ជា​ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ពេល​វេលា​សន្តិភាព​បែប​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​ Shinzo Abe បាន​ថ្លែង​​ថា ​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​រៀបចំ​ប្រហែល ​១ ឆ្នាំ​ទៀត​ ហើយ​ពេល​កើត​ឡើង​ការ​ប្រកួត​កីឡា​ដ៏​ធំ​នេះ​ នឹង​ក្លាយ​ជា​សក្ខីភាព​សម្រាប់​ជ័យជម្នះ​របស់​មនុស្ស​ជាតិ​លើ​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ ​ដែល​កំពុង​កើត​មាន​នេះ​។​

តែ​ជាមួយ​នឹង​ការ​សម្រេច​ពន្យារ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ផ្ដល់​ឱកាស​យ៉ាង​ច្រើន​ដល់​ទីក្រុង​តូក្យូ ដោយ​ប្រធាន IOC លោក Thomas Bach បាន​និយាយ​ថា​៖ ​«​គ្រប់​ជម្រើស​ទាំង​អស់ ត្រូវ​បាន​យក​មក​ពិភាក្សា ហើយ​ការ​កំណត់​ពេល​វេលា​ឡើង​វិញ មិន​ទាន់​ច្បាស់ ១០០ ​ភាគរយ​នោះ​ទេ គ្រាន់​តែ​ពេល​នេះ ​ខែ​ក្ដៅ​ឆ្នាំ​ក្រោយ​ ជា​ជម្រើស​ទី ​១​»​។

ទន្ទឹម​នឹង​នេះ​ដែរ ទូរទស្សន៍ NHK បាន​ផ្សាយ​ថា ​ភ្លើង​គប់​អូឡាំពិក​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​​រយៈពេល ១ ខែ នៅ​ឯ​មជ្ឈមណ្ឌល​កីឡា នាទី​ក្រុង​​ Fukushima ដែល​ទី​នោះ​ត្រូវ​បាន​ប្រើ​ជា​កន្លែង​មូលដ្ឋាន​សម្រាប់​ក្រុម​កម្មករ​ជំនួយ​រាប់​ពាន់​នាក់ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ការ​ពារ​ការ​សាយភាយ​វិទ្យុ​សកម្ម អំឡុង​​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែ​កាល​ពី​ឆ្នាំ ​២០១១​៕​​​​​ AFP/VN